អាជ្ញាធរ​ខ្មែរ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​ករណី​ឆបោក ក្រោម​រូបភាព​ផ្ញើ​លុយ ឬ សម្ភារ​មាន​តម្លៃ​មកពី​ក្រៅប្រទេស ក្រោយ​ជនសង្ស័យ​ ២ ​នាក់ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី ​០១ ​កញ្ញា​ម្សិលមិញ​។

អាជ្ញាធរ​បានលើក​ឡើង​ថា កាលពី​ខែសីហា ឆ្នាំ​ ២០២២​ នេះ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ PARIMAL បាន​អះអាង​ថា ខ្លួន​ជាប់គាំង​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​ត្រូវការ​ផ្ញើ​ប្រាក់​មក​ទុក​នៅ​ស្រុក​ខ្មែរ ដើម្បី​រក​មនុស្ស​ចិត្តល្អ​ជួយ​រក្សា​ទុកឱ្យ​។ ឈ្មោះ PARIMAL បាន​ជ្រើសរើស​យក​ជន​រងគ្រោះ​ឈ្មោះ ឯក ពិសិដ្ឋ ភេទ​ប្រុស រស់នៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​នោះ មាន​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​អះអាង​ខ្លួន​ជា​មន្ត្រី​គយ ដែល​បាន​ឃាត់​ប្រាក់​ខាងលើ ហើយ​ស្ត្រី​រូប​នោះ​បញ្ជាក់​ទៀត​ថា ទាល់តែ​បង់ប្រាក់​ពិន័យ​ចំនួន ១៧ ៥០០ ដុល្លារ តាមរយៈ​វីង​សិន ទើប​អាច​ទទួល​បាន​កញ្ចប់​ប្រាក់​ដែល​ផ្ញើ​ពី​ប្រទេស​អ៊ុយក្រែន​នោះបាន​។

នាយកដ្ឋាន​នរគ​បាល​ព្រហ្មទណ្ឌ​បញ្ជាក់​ដូច្នេះ​ថា​៖ «​ដោយ​ចាញ់​ល្បិចកល​របស់​ក្រុម​ឆបោក​ខាងលើ នៅ​ថ្ងៃទី​ ២៩ ខែសីហា ឆ្នាំ​ ២០២២ លោក ឯក ពិសិដ្ឋ ​បាន​ផ្ញើ​ប្រាក់​ជា​បន្តបន្ទាប់​សរុប​ ៩ ១២០​ ដុល្លារ​»​។

ប៉ុន្តែ​ក្រោយពី​ផ្ញើ​ប្រាក់​រួច ជនរងគ្រោះ​ទាក់ទង​ទៅ​លែង​បាន​។ ចំណែក​គណនី​ហ្វេកប៊ុក​ឈ្មោះ PARIMAL ក៏​មិនអាច​ទាក់ទង​បាន​ទៀត​។ គឺ​នៅពេល​នោះ​ហើយ ដែល​ជនរងគ្រោះ​ដឹងថា ខ្លួន​ចាញ់បោក​គេ​។ នៅ​ថ្ងៃទី​ ៣០ ខែ​សីហា ឆ្នាំ​ ២០២២ ឈ្មោះ PARIMAL បាន​ទាក់ទង​មកឱ្យ​ជនរងគ្រោះ ផ្ញើ​ប្រាក់​ឱ្យ​បន្ថែម ​៥ ០០០ ​ដុល្លារ ទៀត​ទើប​អាច​ទទួល​បាន​កញ្ចប់​ប្រាក់​នោះ​។

យ៉ាងណា​ក៏ដោយ មុនពេល​ផ្ញើ​ប្រាក់​តាម​ការទាមទារ ជនរងគ្រោះ​បាន​រាយការណ៍​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ជួយ​អន្តរាគមន៍ ដែល​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន ខណៈ​ពេល​កំពុង​ចូលទៅ​ដក​ប្រាក់​នៅ​ទីតាំង​វីង​មួយកន្លែង ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ N’ CHO MARCEL ភេទ​ប្រុស ជនជាតិ កូដូវ័រ និង​ម្នាក់ទៀត​ឈ្មោះ ដូង ធារី ភេទ​ស្រី ជនជាតិ​ខ្មែរ ហើយ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​ដកហូត​មួយចំនួន​ដូចជា ប្រាក់​ដុល្លារ​ចំនួន ៥ ៨០០ ​ដុល្លារ ដែល​ជា​ប្រាក់​ជនរងគ្រោះ និង​ទូរស័ព្ទ​ចំនួន ០៤ ​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ ២ ​នាក់​ខាងលើ​ត្រូវ​ឃាត់ខ្លួន​នាំយក​ទៅ​សាកសួរ​ដោយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក អំ សំអាត នាយក​ប្រតិបត្តិ​នៃ​អង្គការ​លីកាដូ​បាន​ប្រាប់​ទីភ្នាក់ងារ CPA នៅ​ថ្ងៃទី​ ០២ កញ្ញា​នេះ​ថា បច្ចុប្បន្ន​ជា​សម័យ​ឌីជីថល​ទំនើប​មួយ ហើយ​ប្រព័ន្ធ​ឌីជីថល​នេះ​ក៏​អាច​ក្លាយ​ទៅ​ជា​អាវុធ​គ្រោះថ្នាក់​មួយ សម្រាប់​ពលរដ្ឋ​រងគ្រោះ​ផងដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ការប្រព្រឹត្ត​បទល្មើស​ឆបោក​ផ្សេងៗ ឬក៏​ការ​កម្ចី​អនឡាញ​ខុសច្បាប់​ជាដើម​ហ្នឹង ពលរដ្ឋ​យើង​សព្វថ្ងៃនេះ​កំពុង​រងគ្រោះ​ច្រើន​ទៅលើ​បញ្ហា​ទាំងអស់​ហ្នឹង​។ ដូច្នេះ​យើង​ទាមទារ​ឱ្យមាន​ចំណាត់ការ ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់​ទៅលើ​ការប្រើប្រាស់​ការឆបោក​តាម​អនឡាញ​នេះ​»​។

លោក​បន្តថា ដើម្បី​ទប់ស្កាត់​ការចាញ់​បោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ ពលរដ្ឋ​ត្រូវ​មាន​ការពិចារណា​ឱ្យបាន​ហ្មត់ចត់​ថា អ្វីដែល​គួរ​ជឿ អ្វីដែល​មិនគួរ​ជឿ​។ ហើយ​តាមរយៈ​ករណី​ឃាត់​ខ្លួន​ជនសង្ស័យ​ឆបោក​ទាំង​ ២​ នាក់​ខាងលើនេះ​រួច លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​បង្កើន​ការទប់ស្កាត់ និង​អនុវត្ត​ផ្លូវច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​កុំឱ្យ​ពលរដ្ឋ​រងគ្រោះ​បន្តទៀត​៕