​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ករណី​ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ជាង ១០០​ គីឡូក្រាម និង​ត្រៀម​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។ នេះ​បើ​យោងតាម​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។

​យោងតាម​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបានឱ្យដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ​ត្រូវបាន​ធ្វើឡើង ​កាលពី​ថ្ងៃទី​ ៣០ ខែ សីហា ឆ្នាំ​ ២០២២ នៅ​ចំណុច​ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​លទ្ធផល​បង្ក្រាប​បានរួម​មាន ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ជនជាតិ​ចិន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ និង ចាប់​យកបាន​វត្ថុតាង កេ​តា​មីន ​(KETAMINE) ១០០​ ដុំ ស្មើ​ទម្ងន់ ១០០ គ​.​ក្រ និង​ ៨០​ ក្រាម រថយន្ត ០១ ​គ្រឿង និង​ទូរស័ព្ទដៃ ០១ ​គ្រឿង​។

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​រួមមាន លោក យិន បញ្ញា​រិ​ទ្ធ លោក លោក​ អ៊ិន សុង​. លោក ដុស​វណ្ណា សុ​វឌ្ឍន​: នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្ត​ព្រះសីហនុ ព្រមទាំង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​-​ខេត្តស្ទឹងត្រែង និង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង បន្តទៅ​សាលាដំបូង​ខេត្តព្រះវិហារ​តាម​នីតិវិធី​៕