ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ជា​ប្រធាន​គណៈបញ្ជាការ​ដឹកនាំ​ប្រតិបត្តិការ បង្កើន​ការប្រយុទ្ធ ប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​កំណត់​គោលដៅ​ដែល​ត្រូវ​ត្រួតពិនិត្យ ស្រាវជ្រាវ បង្ក្រាប ​និង​ត្រូវ​កំណត់​គោលការណ៍​ដែល​ត្រូវអនុវត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

​លោក​ នេ​ត សាវឿន បានធ្វើ​ការណែនាំ​បែបនេះ ក្នុងពេលដែល​លោក​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ផ្សព្វផ្សាយ​ផែនការ​ស្តីពី​ការចាត់តាំង​អនុវត្ត​ផែនការ​ប្រតិបត្តិ​ការបង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​ ២​ ខែកញ្ញា​នេះ​។​

​ហ្វេ​ស​ហ៊ុ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ចុះផ្សាយ​ថា កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​អនុប្រធាន និង​សមាជិក សមាជិកា នៃ​គណៈបញ្ជាការ​ដឹកនាំ​ប្រតិបត្តិការ បង្កើន​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ អភិបាលខេត្ត​កណ្តាល អភិបាលខេត្ត​ព្រះសីហនុ និង​អភិបាលរង​រាជធានី​-​ខេត្ត​ទាំង ២៥ ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បានឱ្យដឹងថា កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​វិធានការ​ក្នុង​ការតស៊ូ​ប្រយុទ្ធប្រឆាំង​ជាមួយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស ដោយ​ដាក់ចេញ​នូវ​វិធាន​ការពង្រឹង​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ទូទៅ សំដៅ​ធានា​បរិយាកាស​សន្ដិសុខ​នៅក្នុង​ប្រទេស​។​

​កិច្ចប្រជុំ​នេះ ក៏​ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ រក​ដើមចម​ជាក់ស្ដែង នៃ​សារព័ត៌មាន​មួយចំនួន ដែល​បាន​បំពុល ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​កម្ពុជា​ផងដែរ​។

​លោក​បន្តថា ជារួម​សមាសភាព​ក្រុមការងារ​ជំនាញ​ថ្នាក់ជាតិ ជា​កម្លាំង​គាំទ្រ​ផ្នែក​បច្ចេកទេស ដោយឡែក​អ្នកអនុវត្ត​ជាក់ស្ដែង​នៅ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ជា​អ្នក​ចាត់តាំង​អនុវត្ត​នូវ​គោលការណ៍ ផែនការ​ប្រតិបត្តិការ​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អះអាងថា នៅក្នុង​ប្រទេស​កម្ពុជា គ្មាន​កន្លែង​ណាមួយ​ដែល​ងាយ​រងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​នោះទេ ប៉ុន្ដែ​យើង​មានមុខ​សញ្ញា​ដែល​ងាយ​រងគ្រោះ ដូចជា​ស្ដ្រី និង​កុមារ ដែល​ពួកគាត់​នៅតាម​មូលដ្ឋាន ខ្វះ​ការអប់រំ និង​មិនសូវ​យល់ដឹង​អំពី​ល្បិចកល​របស់​ជនល្មើស ដែល​លួងលោម​ពួកគាត់​ឱ្យ​ធ្លាក់​ចូលក្នុង​អន្ទាក់ នៃ​អំពើ​ជួញដូរ​នេះ​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់ថា ទន្ទឹម​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​ណែនាំ​កិច្ចការ​មួយចំនួន ដោយ​ត្រូវ​ទី​១ កំណត់​គោលដៅ​ដែល​ត្រូវ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​និង​ទី​២ កំណត់​គោលការណ៍​ដែល​ត្រូវអនុវត្ត​។​

​លោក​អគ្គស្នងការ​នគ​របាល​ជាតិ ក៏បាន​ដាក់ចេញ​នូវ​គោលការណ៍​ត្រួតពិនិត្យ​គោលដៅ​ជនបរទេស ត្រួតពិនិត្យ​លិខិតស្នាម ភាពស្របច្បាប់​របស់​ជ​ន​បរទេស​ដែល​ស្នាក់នៅ និង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​ត្រូវធ្វើ​ការស្រាវជ្រាវ​ដើម្បី​រកឱ្យឃើញ​នូវ​បទល្មើស និង​ឈានទៅ​បើក​ប្រតិបត្តិ​ការបង្ក្រាប​។​

​សម្រាប់​គោលការណ៍​ប្រតិបត្តិការ​រួមមាន គឺ​ត្រូវ​ផ្សព្វផ្សាយ​អប់រំ ការធ្វើ​ស្វ័យ​របាយការណ៍​របស់​ម្ចាស់​អាជីវកម្ម ជូន​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ការត្រួតពិនិត្យ រដ្ឋបាល​និង​ការអនុវត្ត​ច្បាប់​។​

​បន្ថែម​ពីនេះ ត្រូវ​ផ្ដល់​ការផ្សព្វផ្សាយ​អប់រំ​ទៅដល់​គោលដៅ​អាជីវកម្ម សេវាកម្ម​ពាក់ព័ន្ធ​ជនបរទេស ធ្វើឱ្យបាន​ទូលំទូលាយ និង​ឆ្លើយតប​ព័ត៌មាន​បំពុល​នានា​។

​ត្រូវអនុវត្ត​វិធានការ​ជំនាញ ដោយ​ផ្ដោតលើ​ការងារ​ពង្រឹង​គ្រប់គ្រង​ធ្វើ​រដ្ឋបាល​ដោយ​ត្រូវ​ចុះទៅ​កន្លែង​ណា​ដែលជា​គោលដៅ​សង្ស័យ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ផ្ទាល់​តែម្ដង នៅពេល​រកឃើញ​បទល្មើស​កើតឡើង​។​

​ដោយឡែក សម្រាប់​ជនបរទេស​ណា​ដែល​ចូលមក​ប្រទេស​កម្ពុជា ដោយ​មិនមាន​ច្បាប់ទម្លាប់ ឬ​លិខិតស្នាម​ត្រូវ​ចាប់​បណ្ដេញចេញ ខណៈ​ជន​ណា​ដែល​ពាក់ព័ន្ធ​ការអូសទាញ​ក្រោយ​ពិនិត្យឃើញ​មាន ធាតុ​ផ្សំ​បទល្មើស ច្បាស់លាស់ ករណី​ជួញដូរ ធ្វើ​ទារុណកម្ម ត្រូវតែ​អនុវត្ត​ច្បាប់​ជា​ធរមាន​៕