​ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា កម្ពុជា​បាននិងកំពុង​ទទួលរ​ង​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូសបន្លាយ​នៅលើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង​វៀតណាម បន្ទាប់ពី​ស្ថាប័ន​នេះ តាម​ការសង្កេត​តាមដាន​ស្ថានភាព​អាកាសធាតុ ដែល​បាន​វិ​វត្ត​ជាក់ស្ដែង​ជា​បន្តបន្ទាប់​។

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​កាលពី​ថ្ងៃទី​ ២ ខែកញ្ញា បញ្ជាក់ថា នៅ​ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២ ប្រព័ន្ធ​សម្ពាធ​ទាប​រួម​ជាមួយនឹង​សម្ពាធ​ទាប នឹង​រំកិល​ចុះមក​ក្រោម​អូសបន្លាយ​នឹង​គ្របដណ្តប់​មកលើ​ប្រទេស​កម្ពុជា​។

លក្ខណៈ​បែបនេះ នឹងធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ៥ ដល់​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២២ ស្ថានភាព​អាកាសធាតុ​ជាទូទៅ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​ទឹកភ្លៀង​ដែលមាន​លក្ខណៈ​ធ្លាក់​ជាប់​ជា​បន្ត ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ នឹង​ខ្យល់​កន្ត្រាក់ ដែល​អាច​បង្ក​ឱ្យ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​បណ្ដា​ខេត្ត​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ​ជាប់​តំបន់ភ្នំ ជួរ​ភ្នំ និង​ទី​ទំនាប​ជាប់ ផ្លូវទឹក មាន​ហានិភ័យ​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង មាន​ជាអាទិ៍៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (​ស្ទឹងសែន​) ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (​ស្រុក ជាប់​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់ ) កោះកុង និង​ខេត្ត​ព្រះសីហនុ (​កំណាត់​ផ្លូវជាតិ​លេខ ៤ រវាង​ខេត្ត កោះកុង និង​ខេត្ត​ព្រះសីហនុ​)​។​

​ក្រសួង​ធនធាន​ធាន​ទឹក​បន្តថា ទន្ទឹមនេះ​ផងដែរ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​មេគង្គ ដែល​អាចធ្វើឱ្យ​ទឹកទន្លេ មានការ​ងើបឡើង​វិញ​។​

​ក្រសួង​ស្នើ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ៕