
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម កាលពីថ្ងៃទី ២ ខែកញ្ញា។ រូបថត ក្រសួងទេសចរណ៍
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ ព្រោះបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់យើងគ្រប់គ្នា (Part of Life)។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈសរុបចំនួន ១៧៩ នាក់ នៅទីស្ដីការក្រសួងទេសចរណ៍កាលពីថ្ងៃទី ២ ខែកញ្ញា បញ្ជាក់ថា ក្នុងបរិការណ៍នៃការរីកចម្រើនបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ឌីជីថលូបនីយកម្មបានក្លាយជាប្រធានបទដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យផ្សេងៗ រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាជួយគាំទ្រនិងសម្រួលដល់សកម្មភាពទេសចរណ៍ ទាំងមុនពេលដំណើរកម្សាន្ត អំឡុងពេលដើរកម្សាន្ត និងក្រោយពេលដំណើរកម្សាន្តទេសចរណ៍។
លោកបន្តថា បច្ចេកវិទ្យា និងនវានុវត្តបាននិងកំពុងដើរតួនាទីសំខាន់និងសកម្មបំផុតនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ការរស់នៅប្រចាំថ្ងៃ ដោយបានធ្វើឱ្យមានការប្រែប្រួលលើកត្តាផលិតកម្ម កម្លាំងពលកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ។ បច្ចេកវិទ្យាក៏បានជំរុញឱ្យមានការផ្លាស់ប្តូររបៀបរស់នៅ ការប្រាស្រ័យទំនាក់ទំនង និងបានក្លាយជាមូលដ្ឋានក្នុងការទំនាក់ទំនងបំពេញការងារ ការសិក្សារៀនសូត្រ និងការធ្វើអាជីវកម្ម ដែលសុទ្ធតែត្រូវការបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធភាព។
ជាមួយគ្នានោះ លោកបានជំរុញឱ្យអ្នកបម្រើការនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យា និងត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ ព្រោះដោយហេតុថាបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់យើងគ្រប់គ្នា។
លោកថ្លែងថា៖ «យើងទាំងអស់គ្នាត្រូវចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថល ដោយសារបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ គឺវាជាផ្នែកមួយនៃជីវិត (Part of Life)»៕