ភ្នំពេញៈ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​ ៣ ខែ កញ្ញា ឆ្នាំ ២០២២ នេះ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ធ្លាប់​ចាញ់បោក​ជនសង្ស័យ​ឈ្មោះ N’ CHO MARCEL ភេទ​ប្រុស ជនជាតិ កូ​ដូ​វ័រ និង​ម្នាក់ទៀត​ឈ្មោះ ដូង ធា​រី ភេទ​ស្រី ជនជាតិខ្មែរ​តាមរយៈ​ការផ្ញើ​លុយ​ឱ្យ​ជននេះ​ជា​ថ្នូរ​ដើម្បី​បាន​សម្ភារ​មកពី​ក្រៅប្រទេស ដាក់ពាក្យ​ប្ដឹង​ដាក់បន្ទុក​បន្ថែម​។​

​នាយកដ្ឋាន​ព្រហ្មទណ្ឌ បញ្ជាក់ថា​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង ​២ ​នាក់​នេះ ពួកគេ​ធ្លាប់បាន​បោកប្រាស់​ក្នុង​រូបភាព​ផ្ញើ​លុយ និង​សម្ភារ​មានតម្លៃ​ពី​ក្រៅប្រទេស ទាំង​បានសម្រេច និង​មិនបាន​សម្រេច ចំនួន​៧៩១០ ​លេខ​ទូរស័ព្ទ អាច​ស្មើនឹង​ចំនួន​ជនរងគ្រោះ​ដូចគ្នានេះដែរ​។​

​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បន្តថា​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ដែល​ពួកគេ​ធ្លាប់​បានធ្វើ​សកម្មភាព​បោកប្រាស់ ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ចំនួន​៥​ក្បាល ក្នុងនោះ​សៀវភៅ​ទី​១ មាន​ចំនួន ​១ ៦៨១​ លេខ​, សៀវភៅ​ទី​២ មាន​ចំនួន ៦៣២​លេខ​, សៀវភៅ​ទី​៣ មាន​ចំនួន​ ១ ៩៩៤​ លេខ និង​សៀវភៅ​ទី​៤ មាន​ចំនួន​ ២៩ ​លេខ សរុប​ចំនួន​ ៧ ៩១០​ នាក់​។​

​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​អំពាវនាវ​ឱ្យ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចាញ់បោក​ជន​ទាំង ​២ ​នាក់​នេះ តាមរយៈ​ការផ្ញើ​លុយ​ឱ្យ​ជននេះ​ជា​ថ្នូរ​ដើម្បី​បាន​សម្ភារ​មកពី​ក្រៅប្រទេស សូម​ទំនាក់ទំនង​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ប្ដឹង​ដាក់បន្ទុក​បន្ថែម​ទៅលើ​ជនសង្ស័យ​។​

​ក្រោយ​ទទួលបាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ លោក ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ឈាន​រហូតដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕