មណ្ឌលគិរីៈ របាយការណ៍​បញ្ជាក់ថា ចំនួន​សត្វ​កម្រៗ​មួយចំនួន​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នៅ​ខេត្តមណ្ឌលគិរី​នៅតែ​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ ដោយសារ​ការដាក់​អន្ទាក់ ការប្រើប្រាស់​កាំភ្លើង​បាញ់​សត្វព្រៃ និង​ការប្រើប្រាស់​សត្វ​ឆ្កែ​ប្រមាញ់​សត្វព្រៃ​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ដកស្រង់​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) ថា​៖ «​បរិមាណ​សត្វ​កម្រៗ​មួយចំនួន​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​នៅតែ​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។ ការធ្លាក់ចុះ​នេះ​ដោយសារតែ​កត្តា​គំរាមកំហែង​ចម្បង​គឺ​អន្ទាក់ ការប្រើប្រាស់ កាំភ្លើង​ពិត​និង​កាំភ្លើង​កែច្នៃ​ដើម្បី​បាញ់​សត្វព្រៃ និង​ការប្រើប្រាស់​សត្វ​ឆ្កែ​ប្រមាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់ នៅតែ​កើតមាន​»​។

​លោក​បាន​ថ្លែងថា ថ្វីដ្បិតតែ​ចំនួន​សត្វ​ក្រចកជើង​ចម្ពាម​មានការ​ប្រឈមមុខ​ថយចុះ តែ​ទន្ទឹមនឹងនេះ​ប្រភេទ​សត្វព្រៃ​ខ្លះ ប្រភេទ​ពានរ​រួមមាន​សត្វ​ស្វា​កន្ទុយ​ស ស្វា​ព្រាម មាន​ចំនួន​ថេរ និង​មានការ​កើនឡើង ហើយ​ប្រភេទ​សត្វ​ស្លាប​ដូចជា​សត្វ​ត្មាត​មាន​វត្តមាន​ឡើងវិញ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

​លោក​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ​២ ខែកញ្ញា នៅក្នុង​អំឡុងពេល​ដឹកនាំ​អ្នកសារព័ត៌មាន​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ដើម្បី​ពិនិត្យ​លើ​ការសិក្សា​ស្រាវជ្រាវ​របាយ​សត្វព្រៃរ​បស់​ក្រុម​អ្នកជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​អង្គការ WWF​។

​ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ស្វែងយល់​ពី​ការគ្រប់គ្រង និង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​រួមមាន​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ដែលជា​តំបន់​ព្រៃ​ល្បោះ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ដែលមាន ផ្ទៃដី​សរុប​ទំហំ​ជាង ៣៧ ​ម៉ឺន​ហិកតា​។

​អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា គ្រប់ភាគី​ទាំងអស់​កំពុង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិរក្ស​សត្វព្រៃ​ឱ្យបាន​គង់វង្ស និង​ខិតខំ​ដាក់ចុះ​វិធានការ​ផ្សេងៗ​រួមទាំង​វិធានការ​ច្បាប់​និង​វិធានការ​សេដ្ឋកិច្ច​។

​លោក នេត្រ ភក្ត្រា​ បន្តថា​៖ «​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ ការ​បរបាញ់​សត្វព្រៃ និង​ចាប់​សត្វព្រៃ​ដោយ​ការប្រើប្រាស់​ឆ្កែ​ប្រមាញ់​ដោយ​ខុសច្បាប់ គឺជា​កត្តា​គំរាមកំហែង​ដែល​កំពុងតែ​កើតឡើង​មកលើ​សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ដែល​ចាំបាច់​គ្រប់ភាគី​ទាំងអស់​ត្រូវ​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​អន្ទាក់​នេះ​ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​សត្វព្រៃ ទាំង​ជម្រក ប្រភពទឹក និង​កន្លែង​រក​ចំណី​»​។​

​កញ្ញា Milou Groenenberg ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ​នៃ​អង្គការ WWF បាន​ថ្លែងថា បើ​ប្រៀបធៀប​ទិន្នន័យ​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ក្នុង​រយៈពេល ១១ ឆ្នាំ ចុងក្រោយ​នេះ ចំនួន​សត្វ​ទន្សោង​បាន​ធ្លាក់ចុះ​ចំនួន ៨៩​ភាគរយ គឺ​ពី​ចំនួន ៣ ០១៣ ក្បាល​នៅ​ឆ្នាំ​ ២០១០ មក​នៅត្រឹម ៤៣៩ ក្បាល នៅ​ឆ្នាំ​ ២០២២ នេះ​៕