
បាត់ដំបងៈ លោក ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បាននក្រើនរំឭកដល់នាយ-ពលទាហាន គ្រប់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបងទាំងអស់ ត្រូវខិតខំអនុវត្តន៍តួនាទី ភារកិច្ចខ្លួនដោយការទទួលខុសត្រូវខ្ពស់។
លោក ហួម ខ្វែក បានលើកឡើងបែបនេះ នៅពេល លោក ម៉ុក ឌីណា មេបញ្ជាការរង និងជាមេបញ្ជាការទិសបីស្រុកជាប់ព្រំដែន ព្រមទាំងក្រុមការងារ ចុះត្រួតពិនិត្យការងារកសាងអង្គភាពរបស់វរសេនាតូចលេខ ១- ផ្នែកសឹករង សំពៅលូន, ភ្នំព្រឹក, កំរៀង និងពិនិត្យលេណដ្ឋាន តាមចំណុចឈរជើងរបស់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករង បាត់ដំបង តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវនាថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២២។
ជាមួយគ្នានេះ លោក ហួម ខ្វែក បានជំរុញដល់បណ្តាអង្គភាពចំណុះឱ្យខិតខំកសាងអភិវឌ្ឍន៍អង្គភាព ដើម្បីឱ្យកងទ័ពមានអគារស្នាក់នៅសមរម្យ កន្លែងធ្វើការស្អាត មានផ្ទះបាយរួម ត្រូវខិតខំធ្វើការបង្កបង្កើនផល ចិញ្ចឹមសត្វ និងច្នៃប្រឌិតបន្ថែមដើម្បីធានាដល់ការហូបចុករបស់កងទ័ពបានគ្រប់គ្រាន់។
បន្ថែមពីនេះ លោកបានក្រើនរំឭកដល់កម្លាំងទាំងអស់ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនទំនាក់ទំនងល្អ ត្រូវជួបពិភាក្សា និងដោះស្រាយបញ្ហាការងារកង្វល់ដែលកើតឡើងនៅតំបន់ព្រំដែនជាមួយកងទ័ពថៃ ដោយសន្តិវិធីដើម្បីរក្សាឱ្យបាននូវស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិសុខ។
ក្នុងឱកាសនេះលោក ហួម ខ្វែក បានណែនាំដល់កងកម្លាំងទាំងអស់ដែលកំពុងបំពេញបេសកកម្មការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ ឱ្យបានជាប្រចាំដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ ១៩៕