
កោះកុងៈ ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេសចរឡើងវិញនោះ កម្ពុជា-ថៃ បានសម្រេចឯកភាពគ្នាស្ដារទេសចរណ៍ឡើងវិញ។
លោក ទ្រីវ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន កាលពីថ្ងៃទី ២ ខែកញ្ញាថ្លែងថា ការឯកភាពគ្នាលើផែនការសកម្មភាពស្ដារនិងលើកស្ទួយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-ថៃលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការទេ្វភាគីទេសចរណ៍កម្ពុជា-ថៃ។
លោកបន្តថា ដំបូងឡើយ ភាគីទាំងពីរក៏បានអនុម័តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣-២០២៥ ដែលផ្តោតសំខាន់លើខ្លឹមសារមួយចំនួន រួមមាន៖ ១.ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២.ការផ្សព្វផ្សាយនិងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ «ប្រទេស២ គោលដៅ១» ៣.ការអភិវឌ្ឍធនធានមនុស្ស ៤.ការអភិវឌ្ឍគុណភាពទេសចរណ៍ និង៥.ការផ្សព្វផ្សាយឱកាសវិនិយោគទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។
លោក ទ្រី ឈីវ បន្ថែមថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០១៩-២០២១ កន្លងមក ស្របតាមស្មារតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី២ កាលពីឆ្នាំ២០១៨ នៅខេត្តកំពត។
ទោះបីស្ថិតក្រោមបរិបទនៃការរីករាលដាលជំងឺកូវីដ ១៩ ភាគីទាំងពីរបានចែករំលែកព័ត៌មាននិងបទពិសោធក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នារយៈពេល២ឆ្នាំកន្លងមក ក៏ដូចជាចែករំលែកបទពិសោធលើដំណោះស្រាយចំពោះផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ ដល់វិស័យទេសចរណ៍។
ភាគីថៃក៏បានកោតសរសើរដល់វិធានការគ្រប់គ្រងវិបត្តិដ៏មានប្រសិទ្ធភាពដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះក្នុងការបើកវិស័យសេដ្ឋកិច្ច និងសង្គមឡើងវិញក្នុងបរិបទនៃការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។
លោក ទ្រី ឈីវ ក៏បានបញ្ជាក់ដែរថា ភាគីទាំងពីរកម្ពុជា-ថៃក៏នឹងជួបពិភាក្សាបន្តទៀតនាឱកាសកិច្ចប្រជុំគណៈកម្មាធិការទេសចរណ៍អាស៊ាននៅខេត្តសៀមរាបក្នុងសប្ដាហ៍ខាងមុខ ក៏ដូចជាកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រីអេកម៉ិក ដែលគ្រោងធ្វើឡើងនាថ្ងៃទី ១-៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅខេត្តសៀមរាប៕