ភ្នំពេញៈ លោក ញឹម ខេមរា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​អង្គទូត​បរទេស និង​ក្រុមគ្រួសារ​លើក​ទី​២​ នេះ នឹង​ផ្តល់ឱកាស​ជូន​អង្គទូត​ស្វែងយល់​បន្ថែម​ពី​កម្ពុជា និង​ពង្រឹង​បន្ថែម​ការតភ្ជាប់​រវាង កម្ពុជា និង​បណ្តា​ប្រទេស​នានា​ក្នុង​សកលលោក​។​

​លោក ញឹម ខេមរា​ ចាត់ទុក​បែបនេះ​ក្នុងពេល​ចូលរួម​ធ្វើជា​អធិបតីភាព​ក្នុង “​កម្មវិធី​ផ្ដល់ព័ត៌មាន​ស្តីពី​យុទ្ធសាស្ត្រ​ការ​ទូ​តិ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ » នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​អង្គទូត​បរទេស​ចំនួន​ ១៩ ដែលមាន​និវេសនដ្ឋាន នៅ​ទីក្រុង​បាងកក ព្រមទាំង​ប្រតិភូ​ថៃ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សរុប​ប្រមាណ ១០០​​ នាក់​ កាលពី​ថ្ងៃទី ​២ ខែ កញ្ញា ២០២០​។​

​កម្មវិធី​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​សិក្សា​លើក​ទី​២ ជូន​ដល់​អង្គទូត​បរទេស និង​ក្រុមគ្រួសារ ទៅកាន់ ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២២ ដែលជា​គំនិត​ផ្តួចផ្តើម របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដោយមាន​ការសហការ​ជាមួយ​ក្រុមការងារ សម្របសម្រួល​ការទូត​សេដ្ឋកិច្ច នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

​ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ពី​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ច្បាប់​វិនិយោគ​ថ្មី យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​២០២១-២០២៣ និង​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ក្រោយ វិបត្តិ​កូ​វីដ​១៩ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ញឹម ខេមរា បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ លោក អ៊ូ សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​មន្ត្រី​ស្ថានទូត ដែល​បាន​ផ្តួចផ្តើម ទស្សនកិច្ច​នេះ ក្នុងន័យ​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ ​២០២១-២០២៣ ឱ្យ​កាន់​ត មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុងអំឡុង​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ក៏មាន ជំនួប​ជាមួយ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក ទៀ សីហា អភិបាល ខេត្តសៀមរាប​ផងដែរ​។ នៅ​ល្ងាច​ថ្ងៃ​ដដែល លោក ញឹម ខេមរា បានរៀបចំ​អាហារ​ពេល​ល្ងាច ដើម្បី​ទទួល​ស្វាគមន៍ ប្រតិភូ​ទាំងអស់ ហើយ​បាន​ឆ្លៀតឱកាស​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​ម្ហូបអាហារ​ខ្មែរ សិល្បៈ​បុរាណ ក៏ដូចជា​ផលិតផល​ខ្មែរ​ជាច្រើន​ផងដែរ​៕