
ភ្នំពេញៈ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យដឹងថា នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួនបានគោរពស្នើសុំ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យជួយអន្តរាគមន៍ ក្រុមហ៊ុនផ្ដល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញផ្សាយនៅថ្ងៃទី ៣ ខែកញ្ញា នេះថានាពេលកន្លងមក មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។
សេចក្តីប្រកាសព័ត៌មានបន្តថា គិតត្រឹមថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២២ នេះមានអតីតបុគ្គលិកចំនួន ៣ រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាបានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ ដូចនេះ គិតមកដល់ថ្ងៃនេះមានអតីតបុគ្គលិកសរុបចំនួន ២៣៩ រូប ក្នុងចំណោម ៣៧៣ រូបបានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៣៤ រូប។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងត្រៀមខ្លួន ដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មី សម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕