ភ្នំពេញៈ បន្ទាប់ពី​ស្ងៀមស្ងាត់​មួយរយៈ​ធំ កញ្ញា កឹម មនោវិទ្យា នៅ​ថ្ងៃទី​ ៣ ​កញ្ញា​នេះ​បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន ដើម្បី​រំឭក​ខួប​ ៥ ​ឆ្នាំ​នៃ​ការចាប់ខ្លួន លោក កឹម សុខា ​ដែលជា​ឪពុក​ជាមួយ​នឹង​ក្ដី​សង្ឃឹមថា ឪពុក​របស់​កញ្ញា​នឹង​ទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ​។

កញ្ញា​សរសេរ​រៀបរាប់ថា «​នា​កណ្ដាល​អធ្រាត្រ​ថ្ងៃទី​ ២ ​កញ្ញា​ឆ្នាំ​ ២០១៧ កងកម្លាំង​ប្រដាប់​អាវុធ​រាប់រយ​នាក់​បាន​វាយលុក​ចូល​គេហដ្ឋាន​គ្រួសារ​ខ្ញុំ​យ៉ាង​កំរោល​ដោយ​គ្មាន​ដីកា ហើយ​ចាប់ខ្លួន​ឪពុក​ខ្ញុំ ដែល​ជា​មេបក្ស​ប្រឆាំង​ និង​កំពុងមាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​»​។

កញ្ញា​ក៏បាន​ប្រដូច​ហេតុការណ៍​កាលណោះ មិន​ខុសពី​សម័យ​ ប៉ុល ពត ដែល​ពេលនោះ​ហើយ គឺជា​ចំណុច​ផ្ដើម​នៃ​ការ​កំចាត់​លទ្ធិប្រជាធិបតេយ្យ​។ កញ្ញា​សរសេរ​ថា​៖ «​ពួកយើងខ្ញុំ​ជា​អ្នកប្រជាធិបតេយ្យ​បាននិង​កំពុង​តស៊ូ​មតិ​បែប​អហិង្សា​ជា​សកល ដើម្បី​ទាមទារ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ផ្ដើម​ពី​ការផ្ដល់​សេរីភាព​ពេញលេញ​ជូន​មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា​» ។

បើតាម​កូនស្រី​របស់​លោក កឹម សុខា រូបនេះ សំណុំរឿង​របស់​ឪពុក​ខ្លួន​ផ្សារភ្ជាប់​នឹង​វិធានការ​ផ្សេងៗ​របស់​សហគមន៍​អន្តរជាតិ ដែល​នឹង​កើតមាន​ជា​បន្តបន្ទាប់​រហូត​ទាល់តែ​កម្ពុជា​បើកផ្លូវ​ប្រជាធិបតេយ្យ​ឡើងវិញ​។ «៥ ​ឆ្នាំ​កន្លងផុតទៅ ការតស៊ូ​របស់​យើង​មិនទាន់​បាន​ដល់​គោលដៅ​នៅឡើយ ប៉ុន្តែ​យើង​បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន​ខ្លះ ដូចជា​ការផ្លាស់ប្ដូរ​លោក កឹម សុខា ចេញពី​ពន្ធនាគារ​ជាដើម​…»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​ ០៣ ​កញ្ញា​នេះ​បាន​លើកឡើង​ថា នៅក្នុង​សំណុំ​រឿងនេះ កញ្ញា កឹម មនោវិទ្យា បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ជា​រឿង​ល្អ ហើយ​ភាពស្ងៀមស្ងាត់​អាច​នឹងមាន​ដំណោះស្រាយ​។

លោក សុខ ឥសាន ថ្លែងថា​៖ «​គួរតែ​ក្មួយស្រី កឹម មនោវិទ្យា នៅ​ឱ្យ​ស្ងៀម ហើយ​ទុកឱ្យ​សំណុំ​រឿង​ដំណើរការ​ទៅតាម​នីតិវិធី​របស់​តុលាការ​វា​ល្អ​ជាង​។ វា​ប្រៀប​ដូចជា​ការ​បណ្ដោយ​ឱ្យ​ទឹក​ចេះតែ​ហូរ ដែល​មិន​ទាក់​ជាមួយ​បន្លា ឬ​ដុំថ្ម ហើយ​បើកាលណា​បន្ត​អធិប្បាយ យើង​ថា ខ្លួន​យើង​និយាយ​ត្រូវ​ហើយ ក៏ប៉ុន្តែ​ខ្លឹមសារ​ដែល​យើង​ថា វា​ប្រៀប​ដូចជា​ការដាក់បន្ទុក​លើ​រដ្ឋាភិបាល​»​។

សម្រាប់​លោក សុខ ឥសាន លោក​ធុញ​នឹង​ការទាមទារ​ទាំងឡាយ​ណា​ដែល​ភ្ជាប់​ជាមួយ​ពាក្យ​ថា លម្ហ​ប្រជាធិបតេយ្យ​។ «​ខ្ញុំ​សាំ​ត្រចៀក​នឹង​ពាក្យ​នេះ ហើយ​រាល់​ថ្ងៃ​នេះ បងប្អូន​អ្នកប្រឆាំង​និយាយ​តែ​ពី​រឿង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ តែ​ត្រង់​ខ្លួនឯង​រំលោភ​ប្រជាធិបតេយ្យ អត់​ឮ​និយាយ​ទេ​។ ការនិយាយ​ដាក់​បន្ទុក​តែ​ទៅលើ​រាជរដ្ឋាភិបាល​ហ្នឹងហើយ ដែល​ធ្វើឱ្យ​រាំងស្ទះ​ការងារ​»​។

គិត​ចាប់​តាំងពី​លោក​ កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​ ០២ ឈានចូល​ថ្ងៃទី​ ០៣ ខែកញ្ញា ឆ្នាំ​ ២០១៧ រហូត​មកដល់​ថ្ងៃទី​ ០២ ខែកញ្ញា ឆ្នាំ​ ២០២២ ​នេះ គឺមាន​រយៈពេល​ ៥ ​ឆ្នាំ​។ ថ្វីបើ​ពេលវេលា​កន្លងទៅ​អស់​រយៈពេល​ ៥ ​ឆ្នាំ​ហើយ​ក្តី តែ​សំណុំ​រឿង​របស់​លោក នៅតែ​មិនទាន់​អាច​រក​ទីបញ្ចប់​ឃើញ ហើយក៏​គ្មាន​ភាគី​ណាមួយ​អាច​អះអាង​បានដែរ​ថា សំណុំ​រឿងនេះ​នឹង​ត្រូវ​អូសបន្លាយ​រហូត​ដល់​ពេល​ណា​។ ប៉ុន្តែ​នៅក្នុង​សំណុំរឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា មេធាវី​របស់​លោក​ធ្លាប់​បាន​និយាយថា គឺ​ទាល់តែ​មាន​ការ​ដោះស្រាយ​ជា​លក្ខណៈ​នយោបាយ​ទើប​មានសង្ឃឹម​។

លោក ប្លង់ សុផល អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី​ ៣ ខែកញ្ញា​ថា លោក​មិន​បាន​ឃើញ​សារ​កូនស្រី​របស់​លោក​ កឹម សុខា ឱ្យ​ពន្លឿន​នីតិវិធី​ដើម្បី​បញ្ចប់​សវនាការ​នោះទេ​។ ប៉ុន្តែ លោក​មិន​យល់​ទាល់តែ​សោះ ចំពោះ​ការស្នើសុំ​ឱ្យ​មាន​ការដោះលែង​ឱ្យមាន​សេរីភាព ខណៈ​ដែល​រាល់ថ្ងៃ​នេះ​លោក កឹម សុខា មាន​សេរីភាព និង​មិន​ត្រូវបាន​ឃាត់ខ្លួន ឬ​ឃុំខ្លួន​ឯណា ហេតុ​អី​គាត់​ទាមទារ​ឱ្យ​ដោះលែង​?

លោក​ធ្លាប់​បញ្ជាក់​ថា សវនាការ​លោក កឹម សុខា គឺជា​សវនាការ​ព្រហ្មទណ្ឌ ស្រប​តាម​ក្រមព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​៕