សៀមរាបៈ គិត​ត្រឹម​ថ្ងៃទី​ ២ ខែកញ្ញា ឆ្នាំ​ ២០២២ នេះ ប្រជាពលរដ្ឋ​ដែល​គ្រប់​លក្ខខណ្ឌ​ និង​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុសច្បាប់​ស្ថិតក្នុង​តំបន់​រណីយដ្ឋាន​អង្គរ ចំនួន​ ១៨១ គ្រួសារ​បន្ថែម​ទៀត​បាន​ចាប់ឆ្នោត​ជ្រើសរើស​ដីឡូត៍​នៅ​តំបន់​រុនតាឯក​ធ្វើឱ្យ​ចំនួន​សរុប​កើន​ដល់ ១ ១១៧ គ្រួសារ​។ នេះ បើតាម​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​វាស់វែង​។

បើតាម លោក ជា សុផារ៉ា គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែសីហា ឆ្នាំ ២០២២ ការអនុវត្ត​យុទ្ធនា​ការចុះ​វាស់វែង កំណត់​និយាមកា​ក្បាលដី និង​អត្តសញ្ញាណ​អ្នក​កាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ និង​តំបន់​ដទៃទៀត​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​បាន​លទ្ធផល ១. ​វាស់វែង​ក្បាលដី​នៅ​ភូមិ​ចំនួន ៧៩ ភូមិ នៃ​ភូមិ​គោលដៅ​ចំនួន ១១៤, ២.​ រៀបចំ​ដីឡូត៍ សម្រេច​បាន​ទំហំ ១១១,១០ ហិកតា​, ៣. ផ្លូវ​ក្រួស​ក្រហម សម្រេច​បាន​ប្រវែង ៣ ២៣០ ម៉ែត្រ ស្មើ ១៩,១៣%, និង ៤. បោះបង្គោល ព្រំដី​ឡូត៍​នៅ​ភូមិ​ធម្មជាតិ​រុនតាឯក​បាន​ចំនួន ៨១៩ ឡូតិ៍​៕