ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​ភាគី​អូស្ត្រាលី​លើ​ចំនួន​ ៣ ​ចំណុច ដូចជា​ការពង្រឹង​ការអភិវឌ្ឍ​គ្រាប់ពូជ​ល្អៗ ការកែច្នៃ​ឱ្យ​បាន​កាន់តែ​ច្រើន និង​គាំទ្រ​ច្រវាក់​តម្លៃ​លើ​វិស័យ​កសិកម្ម ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ និង​ការនាំចេញ​ផលិតផល​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ទីផ្សារ​ក្រៅប្រទេស​។

ការស្នើសុំ​កិច្ចសហការ​នេះ​បាន​ធ្វើឡើង​នាឱកាស លោក​សាស្ត្រាចារ្យ Andrew Campbell នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) និង​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វេង សាខុន កាលពី​ថ្ងៃទី​ ០២ ខែកញ្ញា​។

នាឱកាស​នោះ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា កម្ពុជា​មាន​ផលិតផល​កសិកម្ម​ដែលមាន​សក្តានុពល​ជាច្រើន ដែល​ផលិតផល​កសិកម្ម​មួយចំនួន ផលិត​ច្រើន​លើស​តម្រូវការ ហើយ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ប្រទេស ជាពិសេស​ប្រទេស​ជិតខាង​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​វិស័យ​កសិកម្ម​កម្ពុជា​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​ពី​ប្រទេស​ដែល​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​ សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​ខ្លួន មក​ជា​ប្រទេស​ដែល​សល់​អធិរាជ​ស្បៀង​ជាង ៦,២ ​លាន​តោន និង​កំពុង​ជំរុញ​ការកែច្នៃ​វេចខ្ចប់​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព ដើម្បី​ធ្វើការ​នាំចេញ​»​។

បើទោះជា​យ៉ាង​ដូច្នេះ​ក៏ដោយ លោក ប្រាក់ សុខុន បញ្ជាក់​បន្ថែមថា កម្ពុជា​មាន​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ដែលមាន​សក្តានុពល តែ​បែរជា​ពុំ​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​បាន​គ្រប់គ្រាន់ ដែល​តម្រូវ​ឱ្យ​នាំចូល​ពី​បរទេស​បន្ថែម ដូចជា បន្លែ ជ្រូក​សាច់ និង​ត្រី​។

ដូច្នេះ ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ និង​ការនាំចេញ​ផលិតផល​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ទីផ្សារ​ក្រៅប្រទេស លោក វេង សាខុន បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​ភាគី​អូស្ត្រាលី​លើ​បញ្ហា​ចំនួន​ ៣ ដូចជា ស្នើ​ពង្រឹង​ការស្រាវជ្រាវ​អភិវឌ្ឍន៍​គ្រាប់ពូជ​ល្អៗ​ ដែល​មាន​តម្រូវការ​ខ្ពស់ ហើយ​ដែល​អាច​ធន់​នឹង​ការបម្រែបម្រួល​អាកាសធាតុ គាំទ្រ​ឱ្យមាន​កិច្ចសហការ​លើ​ការវិនិយោគ​ពី​វិស័យ​ឯកជន​ឱ្យបាន​កាន់តែ​ច្រើន​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ជាពិសេស​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម និង​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​លើ​ចង្វាក់​តម្លៃ​លើ​វិស័យ​កសិកម្ម​។

ជា​ការ​ឆ្លើយតប ភាគី​អូស្ត្រាលី​បាន​ឯកភាព និង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការគាំទ្រ​លើ​កិច្ចសហការ​ទាំងនេះ​។ បន្ថែម​ពីលើ​នេះ លោក​សាស្ត្រាចារ្យ Andrew Campbell និង​លោក Pablo Kang បាន​វាយតម្លៃ​លើ​កិច្ចពិភាក្សា​ខាងលើនេះ និង​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​អូស្ត្រាលី កាន់​តែ​មាន​ចំណងមិត្តភាព និង​កាន់តែ​រឹងមាំ​ សម្រាប់​បច្ចុប្បន្ន និង​អនាគត​។

គួរ​បញ្ជាក់ថា នាពេល​ថ្មីៗ​នេះ អូស្ត្រាលី​បាន​ប្រារព្ធ​ខួប​លើក​ទី​ ៧០ នៃ​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា​។ កន្លងមកនេះ អូស្ត្រាលី​បាន​គាំទ្រ​កម្ពុជា​លើ​កម្មវិធី​ស្រាវជ្រាវ​ តាមរយៈ​មជ្ឈមណ្ឌល​អូស្ត្រាលី​ សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​ (ACIAR)៕