ព្រះសីហនុៈនៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី០​៣​ ខែ​កញ្ញា​ អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​ និង​ក្រសួង​ទេសចរណ៍​បាន​សម្រេច​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០២២នេះ ដោយ​បន្ថែម​ពី​រយៈ​ពេល​៣​ថ្ងៃ​ ទៅដល់​៥​ថ្ងៃ​គឺចាប់​ផ្តើម​រៀបចំ​ចាប់​ពី​ថ្ងៃ​ទី០​៩​ ដល់​ថ្ងៃ​ទី​១៤ ​ខែ​ឆ្នូ​ ឆ្នាំ​២០២២​​។

ជាមួយ​គ្នានោះ​កម្ពុជា​ក៏នឹង​ធ្វើជា​ម្ចាស់​ផ្ទះរៀប​ចំ​មហា​សន្និបាត​ក្លិប​ឆ្នេរ​សមុទ្រ ដែល​ស្អាត​បំផុ​ត​លើ​សកល​លោក ចាប់​ពីថ្ងៃទី​៩ដល់​ថ្ងៃ​ទី​១៤ ខែធ្នូផង​ដែរ​ក្រោម​ប្រធាន​បទ​«ឆ្នេរ​នៃ​សន្តិភាព​ឆ្នេរ​នៃ​ក្ដី​សង្ឃឹម​»។

អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​លោក​ឡុង​ ឌី​ម៉ង់​​ បាន​មាន​ប្រសាសន៍​ថា​ ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​បុណ្យ​សមុទ្រ​ឱ្យបាន​ច្រើន​ អាជ្ញា​ធរ​ខេត្ត​និង​ក្រសួង​ទេស​ចរណ៍​ បានសម្រេច​បង្កើន​រយៈ​ពេលនៃ​ថ្ងៃ​បុណ្យ​​ ហើយ​កិច្ច​ការ​រៀប​ចំ​ពិធី​បុណ្យ​នេះ​ទាំង​មូល​ គឺ​ក្រសួង​ទេស​ចរណ៍​ជា​ប្រធាន​ ដោយ​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ខេត្ត​។

លោកបានបន្ត​ឱ្យដឹង​ដែរ​ថា៖​«ការ​ត្រៀម​បម្រុង​ទុក​របស់​យើង​សព្វ​ថ្ងៃ​នេះ​ តាមរយៈការ​ប្រជុំ​កាល​ពី​ថ្ងៃ​ ទី​០៣​កញ្ញា​ គឺ​ដើម្បី​ត្រួត​ពិនិត្យ​វឌ្ឍន​ភាព​លើការ​រៀប​ចំ​ផ្សេង​ៗរបស់​អនុគណៈកម្មការ​មួយ​ៗ​ ហើយ​ក្នុង​ហ្នឹង​បើ​និយាយ​ពី​កម្ម​វិធី​គឺ​មាន​បុណ្យ​សមុទ្រ​ និង​មហា​សន្និ​បាត​ក្លិប​​ឆ្នេរ​​សមុទ្រ​​ដែល​​ស្អាត​​ជាង​គេ​លើ​​ពិ​ភព​​លោក​ក្នុង​នោះ​ក៏កម្ពុជា​ក៏​ជា​សមា​ជិក​មហា​សន្និ​បាត​ដែរ​»​។​

បន្ថែម​លើនេះ​​លោកអភិបាល​រង​ខេត្ត​ព្រះ​សីហនុ គូស​បញ្ជាក់ថា​ អាជ្ញា​ធរ​ខេត្ត​កំពុង​តែ​ត្រៀម​បណ្ដើរ​ៗ​ធ្វើ​ការ​ជា​មួយ​គណៈ​កម្ម​ការ​ ដើម្បី​រៀប​ចំ​កម្ម​វិធី​ទាំង​អស់​​។

សម្រាប់​លោក​ឡុង​ឌីម៉ង់ ការរៀបចំ​ពិធី​បុណ្យ​សមុទ្រ ស្របពេល​មានការ​រៀប​​ចំ​មហា​សន្និបាត​ក្លិប​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក​ផង​នោះ វា​នឹង​ជំរុញ​កំណើន​ទេសចរ​មកកាន់​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន​ថែម​ទៀត​៕