កណ្ដាលៈ​មាន​សំណល់​ប្លាស្ទិក​ជា​ច្រើន​ត្រូវបាន​គេ​បោះ​ចោល​ឬ​ដុត​បង្ក​ជា​ផ្សែង​ពុល​បណ្តាល​ឱ្យ​ប៉ះ​ពាល់​សុខ​ភាព​ ជាពិសេស​កាក​សំណល់​ជ័រ​ប្លា​ស្ទិ​ក។ក៏ប៉ុន្តែ​មាន​សិប្ប​កម្ម​មួយ​ឈ្មោះ​ឥដ្ឋ​អេកូ​(Eco-bricks)បាន​យក​កាក​សំណល់​ជ័រ​ប្លា​ស្ទិក​ដែលទទួល​បាន​ពី​អង្គការ​ក្រៅរ​ដ្ឋាភិ​បាល​និង​ក្រុមហ៊ុន​ឯកជន​ក្នុង​១​ខែពី​៥ទៅ​១០​តោនមក​កែច្នៃ​ផលិត​ជា​ឥដ្ឋ​អេកូ​បម្រើ​ដល់​វិស័យ​សំណង​យ៉ាង​មាន​គុណ​ប្រយោ​ជន៍​រហូត​ប្រកួត​ឈ្នះ​ពាន់​រង្វាន់​ឆ្នើម​ដល់​ទៅ​៤​គ្រឿង​ទៀត​ផង ។

ស្ត្រី​ ១ រូប​​សុំ​មិន​បញ្ចេញ​ឈ្មោះជា​ប្រធាន​ក្រុមហ៊ុន​មួយ​ដែល​បាន​ផ្តល់​កាក​សំណល់​ប្លា​ស្ទិ​ក​ឱ្យទៅ​សិប្បកម្ម​ឥដ្ឋ​អេកូ(Eco-bricks)នេះបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា ការ​ដែល​ក្រុម​ហ៊ុន​របស់​អ្នក​ស្រី​ផ្តល់​ជា​កាក​សំណល់​ប្លា​ស្ទិ​ក​ឱ្យទៅ​សិប្បកម្ម​កែច្នៃ​ប្លា​ស្ទិ​ក​ផលិត​ជា​ឥដ្ឋ​អេកូ​នេះ​គឺជា​ការ​ចាប់អារ​ម្មណ៍រ​បស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​អ្នកស្រី​មើល​ឃើញ​ថា​ម្ចាស់​សិប្ប​កម្ម​នោះ​ចេះ​ជ្រើស​រើស​យក​សំណល់​ប្លា​ស្ទិ​កទៅ​កែច្នៃ​ជា​ឥដ្ឋ​អេកូ​ដើម្បី​ប្រើ​ប្រាស់​ក្នុង​វិស័យ​សំណង់។

លោក ​សុខ ធី ជា​អ្នក​កែច្នៃ​កាក​សំណល់​ប្លា​ស្ទិ​ក​ផលិត​ជា​ឥដ្ឋ​អេកូ​នៅ​សិប្បកម្ម​ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ហូរ​លិច ​សង្កាត់ ព្រែក​ហូរ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ថា មុន​ពេល​លោក​បើក​សិប្បកម្ម​កែច្នៃ​ឥដ្ឋ​ពី​កាក​សំណល់​សំរាម​ជ័រ​ប្លា​ស្ទិ​ក​នេះ​គឺ​លោក​បាន​ទៅ​សិក្សា​ទ្រឹស្តី​ពី​ប្រទេស​ថៃ ម៉ាឡេ​ស៊ី ហ្វី​លី​ពិន ចិន ​ឥណ្ឌា រួម​នឹង​ការ​សិក្សា​ដក​បទ-​ពិសោធ​តាម​យូ​ធូប និង​​តាម​អ៊ីន​ធឺណិ​ត​ផង​ដែរ​។ បន្ទាប់ពី​លោក​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​នេះ ​​លោក​បាន​បើក​សិប្ប​កម្ម​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​តូច​កាល​ពី​អំឡុង​ឆ្នាំ២០១៩ ​ប៉ុន្តែ​ដោយសា​រ​លោក​ខ្វះ​ដើមទុន ​និង​ខ្វះ​វត្ថុធាតុ​ដើម​ទើប​លោក​ពន្យា​រពេល​រហូត​ដល់​ឆ្នាំ​២០២០​។​

លោក​ឱ្យ​ដឹង​ថា នៅក្នុង​អំឡុង​ពេល​២​ឆ្នាំ​កន្លង​មក​នេះ សិប្បកម្ម​របស់​លោក​គ្រាន់តែ​បានធ្វើ​តេស្ត​ពិសោធ​លើ​គុណ​ភាព​ឥដ្ឋ​តែ​ប៉ុណ្ណោះ​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា(ITC)ឬ​សាលា​តិច​ណូ ហើយ​លោក​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​២០២០​។

លោក​បាន​រៀប​រាប់​ថា ចំពោះ​ការផលិត​ឥដ្ឋ​អេកូ​នៅ​ឆ្នាំ​ដំបូង​នោះ គឺ​លោក​គ្មាន​ម៉ាស៊ីន​សម្រាប់​កិន​បំបែក​ជ័រ​ប្លា​ស្ទិ​ក​ទេ ហើយ​ដើម្បី​ដំណើ​រការ​បាន​មានតែ​ប្រើ​កម្លាំង​ពល​កម្ម​កាត់​ជ័រ​ប្លា​ស្ទិ​កដោយ​កន្ត្រៃ​ ឬ​ចិ​ញ្ច្រាំនឹង​កាំបិត។​រីឯ​ដី​វិញ​ដោយ​សារ​មិន​ទាន់​មាន​ម៉ាស៊ីន​កិន​ស្វាយ​ប្រវត្តិ​នោះ​លោក​បាន​ច្នៃ​ដោយ​ទិញ​គ្រឿង​រថ​យន្ត​មក​ដំឡើង​ខ្លួនឯង​ទម្រាំតែ​ដំណើរកា​រ​ស្រួល​គឺ​លោក​ជួប​ផល​លំបាក​២​ឆ្នាំ(២០១៩-​២០២០)។

ទោះ​ជា​យ៉ា​ងណា​ក្ដី ដោយសា​រតែ​ការ​ខិតខំ​ប្រឹងប្រែ​ង​រប​ស់លោ​ក ហើយ​ម្យ៉ាង​ដោយ​ចង់ដឹ​ង​ពី​សមត្ថ​ភាព​ខ្លួន​ឯង​ផង​នោះ​លោក​ក៏បាន​ប្រកួត​ជា​មួយ​នឹង​សិប្បកម្ម​កែច្នៃ​ឥដ្ឋ​ពី​កាកសំ​ណល់​សំរាម​ប្លា​ស្ទិ​ក​ដទៃទៀត​ចំនួន​៤​ប្រកួត ហើយ​ជាលទ្ធ​ផល​គឺ​លោក​ទទួល​បាន​ពាន​រង្វាន់​ឆ្នើម​ជាប់​លេខ​១​ទាំង​៤​ប្រកួត​។

ក្នុង​នោះ​ការ​ប្រកួត​លើក​ទី១​ជាមួយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ស្មា​ត​ដែល​មាន​៤៤ក្រុម​ចូលរួម(ក្រុម​ផលិត​ឥដ្ឋ​កែច្នៃ​ពី​កាក​សំណល់​ប្លា​ស្ទិ​ក​ដូចគ្នា)លើក​ទី២​ប្រកួត​នៅ​សាលា​តិច​ណូ​(២​ប្រកួត)ឈ្នះ​ជាប់​លេខ​១​ទាំង២​ប្រកួ​ត និង​ប្រកួត​ចុង​ក្រោយ​មាន​ឈ្មោះ​ថា​ ពានរ​ង្វាន់​ធុរកិច្ច​បង្កើត​ថ្មី គឺ​សិប្បក​ម្ម​របស់​លោក​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ និង​ទទួល​បាន​ពាន​រង្វាន់​ដែរ។

លោក​សុខ ធី បាន​បន្ថែម​ថា៖«ដោយ​សារ​ទទួល​បាន​ថវិកា​ពី​កម្មវិធី​ទាំង​៤​ប្រកួត​នេះ​ យើងក៏​យក​ទៅ​ពង្រីក​សិប្បកម្ម​បាន​កាន់​តែ​ធំ​ជាង​មុន។សព្វ​ថ្ងៃ​នេះ​សិប្ប​កម្មខ្ញុំ​ទទួល​បាន​កម្ម​សិទ្ធិ​បញ្ញា​ពី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ទទួ​លបាន​បណ្ណ​មេ​ត្រី​បរិស្ថាន​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ផង។ឥឡូវ​នេះ​យើង​ទទួល​បាន​បណ្ណ​ពី​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី​ដែល​បាន​ទទួល​ស្គាល់​ឥដ្ឋ​អេកូ​របស់​យើង​ជា​ភូមិ​១​ផលិត​ផល​១​ដែរ​»។

បើតាម​លោក​ សុខ​ធី សិប្បកម្ម​របស់​លោក​ក្នុង១ខែ​ ត្រូវ​ការ​សំណល់​ប្លាស្ទិក​ពី៥​តោន​ទៅ១០​តោន ​ដើម្បី​លាយ​ផ្សំ​ជាមួ​យ​វត្ថុ​ធាតុ​ដើម។បរិ​មាណ​កាក​សំណល់​ប្លា​ស្ទិ​ក​នេះ​បាន​ជួយ​ដល់​បរិស្ថាន​ក៏ដូច​សង្គម​ច្រើន​ដោយ​សារ​ជ័រ​ប្លា​ស្ទិ​ក​ត្រូវ​បាន​ប្រមូល​យក​មក​ទីតាំង​សិប្ប​កម្ម​របស់​លោក។មិន​តែប៉ុណ្ណោះ​បានធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​បាន​ដឹង​ពី​ការ​ផលិត​ឥដ្ឋ​របស់​លោក​​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ពី​ការ​បោះ​ចោល​សំរាម​ប្លាស្ទិក​ពាស​វាល​ពាស​កាល​ឬដុត​ធុំក្លិន​ឈ្ងៀម​បណ្តាល​ឱ្យ​ខូចសុខ​ភាព​ បែរ​ម​កជាយក​សំណល់​ប្លាស្ទិក​នោះមក​ដោះដូរ​ជាមួយ​សិប្បក​ម្មដោយ​ក្នុង​ជ័រ​ប្លា​ស្ទិ​ក២​គីឡូក្រា​ម​គឺ​ពួក​គាត់​អាច​ប្ដូរបាន​ឥដ្ឋ​អេកូ១ដុំត្រឡប់​ទៅវិញ។

លោក​បានបញ្ជាក់ថា៖«យើង​បាន​ជួយ​បរិស្ថាន​ត្រង់​ថា​យើង​មិនបាន​បំពុល​កាកសំណល​កខ្វក់​ស្អី​ទេ​ ផ្ទុយទៅវិញ​យើង​មាន​តែ​ជួយ​សម្អាត​ដល់​បរិ​ស្ថាន។ ឥដ្ឋ​របស់​យើង​អត់​ទៅ​កាប់​ព្រៃ​យក​មក​ដុត​ទេ តែ​ឥដ្ឋ​របស់​យើង​ធ្វើ​តាម​បច្ចេក​ទេស​គឺ​គ្រាន់​តែ​ដាក់​ហាល​ថ្ងៃ​ និង​ស្រោច​ទឹក​វា​នឹង​ស្ងួត​ជួយ​ទប់​ស្កាត់​ការកាប់​ព្រៃឈើ​ ហើយ​មាន​ភាពរឹង​មាំ​ល្អ​ជាង​ឥដ្ឋ​ក្រហម​៥ទៅ​៦​ដង។អ៊ីចឹង​ជាការ​ចូល​រួមចំណែក​ជួយ​សម្អាត​បរិស្ថាន​ផង និង​ជួយ​ក្នុង​វិស័យ​សំណង់​ផង​ ព្រោះ​ឥដ្ឋ​អេកូ​ខ្ញុំ​មាន​គុណ​ភាព​ពី​៥០​ឆ្នាំ​ឡើង​ទៅ»​។

លោក​សុខ ធី​ បញ្ជាក់​ថា បច្ចុប្បន្ន​នេះ លោក​បាន​លក់​សិទ្ធិ​អាជីវ​កម្ម​ទៅឱ្យ​ក្រុម​ហ៊ុន​ផ្សេងៗ​បាន​ជាង​១០​សាខា​ហើយ​ដែល​មាន​ន័យ​ថា ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ទិញ​សិទ្ធិ​អាជីវ​កម្ម​ពី​លោក។ ដូច្នេះ​ហើយ​លោក​ត្រូវតែ​បង្រៀន​ពី​ជំនាញ​បច្ចេកទេស​និង​បង្រៀន​ពី​ការ​ដំឡើង​ម៉ាស៊ីន​ផលិត​ឥដ្ឋ​អេកូ​ជូន​ដល់​សាខា​ទាំងនោះ​ដើម្បី​ឱ្យ​ចេះ​ផលិត​ឥដ្ឋ​អេកូ​ពី​កាក​សំណល់​​ប្លា​ស្ទិ​ក​ដូច​លោក​ដែរ។ លោក​បាន​ឱ្យដឹង​ថា ឥដ្ឋ​អេកូ​ ដែល​លោក​ផលិត​ មាន​៥ប្រ​ភេទ​គឺទី១-ឥដ្ឋ​លាត​ធម្មតា ​ទី២-ឥដ្ឋ​ឡាំង​តូ ទី៣​-ឥដ្ឋ​ម៉ូដ​សម្បក​ឈើទី​៤-ឥដ្ឋ​​ផ្កា​ភ្ញីទេស​ និង​ទី៥-ឥដ្ឋ​រូប​នាគ។រីឯទំហំ​វិញ​មាន​បណ្តោយ​២៥​សង់​ទីម៉ែត្រ ​ទទឹង​១២,៥០​សង់​ទីម៉ែត្រ​ និង​កម្ពស់​១០​សង់​ទី​ម៉ែត្រ ​ហើយ​មាន​អតិថិ​ជន​គ្រប់​ប្រភេទ​បាន​បញ្ជា​ទិញ​ឥដ្ឋ​យក​ទៅ​សាង​សង់​សំណង់​ផ្សេងៗ​។

លោក​ប្រាប់​ថា សិប្ប​កម្ម​ផលិត​ឥដ្ឋ​អេកូ​របស់​លោក ​មានការ​ចូលរួម​ពី​អាជ្ញា​ធរ​ ហើយ​ជាការ​អំពាវ​នាវ​របស់​លោក​សូម​ឱ្យ​អង្គ​ការ​ក្រៅ​រដ្ឋាភិ​បាល​ជា​ពិសេស​រាជរដ្ឋា​ភិ​បាល​ជួយ​គាំទ្រ​មិន​ត្រឹម​តែ​លោក​ទេ​ តែ​ជួយ​ដល់​សិប្ប​កម្ម​ផលិត​ឥដ្ឋ​ពី​កាក​សំណល់​ប្លា​ស្ទិ​ក​ផ្សេង​ទៀត។សូម​ឱ្យ​ស្ថា​ប័នរដ្ឋ​ជួយ​ចូល​រួម​ប្រើ​ប្រាស់​ឥដ្ឋ​អេកូ និង​ជួយ​ផ្សព្វ​ផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​ពួក​គាត់​ចេះ​កាត់​បន្ថយ​ការបោះ​ចោល​ប្លា​ស្ទិ​ក។ប៉ុន្តែ ​បច្ចុប្បន្ន​ច្រើនតែ​ជន​បរទេស​ទេ​ ដែល​បាន​ជួយ​ផ្តល់​ជា​កាក​សំណល់​ជ័រ​ប្លា​ស្ទិ​ក​ដល់​សិប្ប​កម្ម​របស់​លោក​ ចំណែក​ខ្មែរ​វិញ​មិន​សូវ​បាន​ចូល​រួម​ប៉ុន្មាន​ទេ​។

ជា​មួយ​គ្នានេះ​ លោក​សុខ ធី​ បាន​អំពាវ​នាវ​ថា៖«ប្រសិន​បើអា​ច ​រដ្ឋាភិ​បាល​ជួយ​គាំទ្រ​ពួកយើ​ង​ដែល​ពេល​ខ្លះ​អាចជួ​យ​ជា​ទុន​ឬក៏​ជួយ​ជា​បច្ចេក​ទេស​ឬ​ជួយ​ធ្វើការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​កាន់តែច្រើ​ន​កាន់តែ​ល្អ។ព្រោះ​សព្វថ្ងៃ​ពេលខ្លះ​យើង​ពិបាក​ក្នុង​ការ​លក់​ឱ្យ​បាន​ទូលំ​ទូលាយ។យើង​លក់​បាន​សម្រាប់​តែ​ឯកជន​ទេ​ ប្រសិន​បើ​បាន​រដ្ឋាភិ​បាល​ជួយ​ផ្សព្វ​ផ្សាយ​ទៅ​មាន​ការ​សហ​ការ​ជួយ​ជ្រោម​ជ្រែង​ទៅ​ យើង​អាច​លក់​ផលិត​បាន​កាន់​តែច្រើ​ន​ ឬ​លក់​បាន​កាន់តែច្រើន​ទៅ​ក៏​វា​ល្អប្រ​សើរ​ដែរ»។

ពាក់​ព័ន្ធ​ការកែ​ច្នៃ​កាក​សំណល​សំរាម​ឱ្យទៅ​ជា​វត្ថុ​ប្រើ​ប្រាស់​បាន​នេះ​កញ្ញា​ ភា​ព ច័ន្ទ​ជាលី​ន ជា​ជំនួយ​ការ​ផ្នែក​ទីផ្សារ​នៃ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ​បាន​ថ្លែង​ថា ការកែ​ច្នៃ​ពីសំណល់​សំរាម​ដែល​គេ​គិតថា​គ្មាន​ប្រយោ​ជន៍​មក​ជាវ​ត្ថុ​មាន​ប្រ​យោជន៍​នេះគឺ​កញ្ញា​សប្បាយ​ចិត្ត​ដោយ​សារ​ឃើញ​មាន​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ឬ​អង្គការ​ក្រៅរដ្ឋា​ភិបា​ល​មាន​សមត្ថ​ភាព​ច្នៃ​ឡើង​វិញ​បាន​។ករណី​នេះ​មិន​ថាកែ​ច្នៃ​ជា​ប្រភេទ​វត្ថុ​អ្វី​ទេ​ឱ្យតែ​ជាវ​ត្ថុ​ប្រើ​ប្រាស់​បាន​ ព្រោះ​មាន​អ្នកខ្លះ​ទៀត​គាត់​កែច្នៃ​ជា​កៅអី​អង្គុយ​ឬក៏​ជា​អ្វី​ផ្សេង​ៗ​ទៀត​។​

កញ្ញា ​ច័ន្ទ​ជាលី​ន​ ថា៖«ទាំង​អស់នេះ​សុទ្ធតែជា​រឿង​ដែល​ល្អប្រសើរ​ទាំងអស់​ សំរាម​ដែល​យើង​គិតថា​ ជា​របស់​មួយ​គ្មាន​តម្លៃ​ ជាជាង​ដែល​យើង​យកទៅ​បោះចោល​នៅ​កន្លែង​​ចាក់សំរាម។ តែ​យើង​យក​វា​មក​កែច្នៃ​ឡើងវិញ​គឺ​វា​ពិតជា​ប្រសើរ​មែនទែន​​​ ព្រោះ​បើ​យើង​យក​ទៅ​កន្លែង​ចោល​សំរាម​គឺ​វា​នៅតែ​បំពុល​ដដែល​ហ្នឹង។បើ​យើង​កែច្នៃ​ឡើង​វិញ​វា​កាត់​បន្ថយ​នូវ​ការ​បំពុល​ ហើយ​វា​ល្អ​ប្រសើរ​សម្រាប់​បរិស្ថាន​យើង​ទៀត»។

បើតាម​របាយ​ការណ៍រ​បស់​ក្រសួង​បរិស្ថាន​បាន​បង្ហាញថា​ សំរាម​ដែល​ប្រមូល​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង១ថ្ងៃ​មាន​ជាង១​ម៉ឺន​តោន ​និង​ជិត​៤លាន​តោន​ក្នុង១ឆ្នាំ។ សំរាម​ទាំ​ងនោះ​មាន​៦៥​ភាគរយ​ជា​សំណល់​សរីរាង្គ ​២០ភាគ​រយ​ជា​សំណល់​ថង់ប្លា​ស្ទិ​ក ក្នុង​នោះមា​ន១០​ភាគ​រយ​អាច​កែច្នៃ​ជាវ​ត្ថុ​ប្រើ​ប្រាស់​ឡើង​វិញ​បាន​៕