​ភ្នំពេញៈ​​អង្គ​ការ​កម្មវិធី​អភិ​វឌ្ឍន៍​ធនធាន​យុវ​ជន ​(YRDP) ​រៀបចំ​វេទិកា​ជជែក​ដេញ​ដោល​ជា​សា​ធារណៈ​លើ​ប្រធាន​បទ «​ដើម្បី​បង្កើន​ឱកាស​និង​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​ទីផ្សារ​ការងារ​និស្សិត​នៅ​ក្នុង​គ្រឹះ​ស្ថាន​ឧត្តមសិក្សា​ត្រូវ​កែ​តម្រូវ​ឱ្យ​មាន​បទពិសោធ​ហាត់​ការ​ទៅ​តាម​ជំនាញ​» បន្ទាប់​ពី​មើល​ឃើញ​ថា យុវជន​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ចាប់​យក​ឱកាស​ការ​ងារ​ខុស​ទៅ​នឹង​ជំនាញ​។​

​វេទិកា​ជជែក​ដេញ​ដោល​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៤​កញ្ញា​ នៅរាជធានីភ្នំពេញ ដោយ​មាន​យុវជន​ជាង​១០០​នាក់​ចូល​រួមក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​យុវ​ជន​បាន​ស្វែង​យល់​ និង​បង្កើន​សមត្ថ​ភាព​ក្នុងការ​វិភាគ​ និង​ជជែក​ដេញ​ដោល​គ្នា​ទៅ​លើ​ការ​វិវត្ត​នៃ​សង្គម ​សេដ្ឋ​កិច្ច និង​នយោ​បាយ​ដែល​ប៉ះពាល់​ដល់​ការ​ងារ​របស់​យុវ​ជន​។​

​អង្គការ​ YRDP បាន​ឱ្យ​ដឹង​បន្ថែម​ថា វេទិកា​នេះ ក៏មាន​បំណង​ដើម្បី​ទទួ​លបាន​ការឆ្លើយ​តប​ពី​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​ធានា ការ​ការ​ពារ ​និង​ការ​លើក​កម្ពស់​ភាព​មាន​ការ​ងារ​ធ្វើ​ និង​មុខរបរ​ត្រឹម​ត្រូវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ ​ជាពិសេស​យុវជន​ផង​ដែរ​។​

​អង្គការ​ YRDP បាន​បញ្ជាក់​ថា​«​យុវជន​២​ក្រុម​ដែល​មាន​ចំនួន​៦​នាក់បាន​ចូលរួម​ជជែក​ដេញ​ដោល​ទៅលើ​ប្រធាន​បទនេះ។ជា​ការ​មើល​ឃើញ​យុវ​ជន​ជជែក​ដេញ​ដោល​ច្រើន ​ដោយ​ផ្ដោត​ទៅ​លើ​គុណ​តម្លៃ​នៃ​ការ​អប់​រំដោយ​ផ្តោត​ទៅ​លើ​សមត្ថ​ភាព និង​ចំណេះ​ដឹង និង​ជំនាញ​ដែល​និស្សិត​គួរ​តែ​មាន​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​សិក្សា​សម្រាប់​ការ​ត្រៀម​ខ្លួន​ចូល​ក្នុង​វិស័យ​ការ​ងារ​របស់​ពួក​គេ​»​។​

​កញ្ញា ​ស៊ូ ​ម៉ាឡៃ (Sou Malay) បុគ្គលិក​នៃ​អង្គការ YRDP បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី៤ ក​ញ្ញា ​បន្ថែម​ថា ហេតុ-​ផល​ដែល​អង្គ​ការ YRDP បាន​លើក​យក​ប្រធាន​បទ​នេះ​មក​ជជែក​ដេញ​ដោល​ ព្រោះតែ​មើល​ឃើញ​អំពី​កា​រវិវត្ត​នូវ​សង្គម សេដ្ឋ​កិច្ច និង​នយោ​បាយ​របស់​កម្ពុជា ដែល​មាន​ការ​វិវត្ត​ច្រើន​ទៅ​មុខ ​ហើយ​ក្នុង​នោះ YRDP ក៏​មើល​ឃើញ​ពី​គន្លង​នៃ​ទីផ្សារ​ការងារ​របស់​យុវ​ជនផងដែរ​​។​

​បន្ថែម​ពីនេះ ​កញ្ញា ​បន្តថា​ វេទិកា​នេះ ក៏​ចង់​ផ្ដល់​ឱកាស​ឱ្យ​យុវជន​សិក្សា​ស្វែង​យល់​អំពី​តម្រូវការ ​និង​បញ្ហា​ប្រឈម​របស់​ពួក​គេ​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ ប្រមូល​នូវ​ព័ត៌មាន ទិន្ន​ន័យ ​និង​ការ​វិភាគ​បែប​លក្ខណៈ​វិទ្យា​សាស្ត្រ​ទៅ​លើ​ប្រធាន​បទ​ខាង​លើ​ផង​ដែរ​។

​កញ្ញា ស៊ូ ​ម៉ាឡៃ បាន​បញ្ជាក់​ថា​៖«​ស្របគ្នា​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ការ​សិក្សា​ហើយ​ពិបាក​ក្នុងការ​ស្វែង​រក​ការងារ​ដែល​ត្រូវ​ទៅ​នឹង​ជំនាញ​របស់​ពួក​គេ ខណៈ​ពេល​ដែល​ពួកគេ​ខ្វះ​នូវ​បទ​ពិសោធ​ការងារ​ និង​ការ​ហ្វឹក​ហាត់​ការងារ​មិន​ទាន់​គ្រប់​គ្រាន់​ទៅលើ​ជំនាញ​ដែល​ខ្លួន​បាន​រៀន​ ហើយ​ទីផ្សារ​ការងារ​ខ្លះ​មិនបាន​ឆ្លើយ​តប​ទៅ​នឹង​ជំនាញ​ដែល​យុវជន​កំពុង​តែ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ពេល​បច្ចុប្បន្ន​ទេ​។ ​យើង​មើល​ឃើញ​ថា មាន​ភាព​មិន​ស៊ីគ្នា​រវាង​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ និង​ការ​ផ្គត់​ផ្គង់​កម្លាំង​ពល​កម្ម​ជា​ដើម​»​។

​កញ្ញា ​មឿ​ន វិច្ឆិកា ជា​និស្សិត​ឆ្នាំ​ទី៥​ សាលា​តិច​ណូ និង​ជា​បេក្ខជន​ចូលរួម​ការ​ជជែក​ដេញ​ដោល​១រូប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី៤ កញ្ញា​ថា ការ​ជជែក​ទៅ​លើ​ប្រធាន​បទ​នេះ គឺជា​រឿង​មួយ​ដែល​ល្អ ​ព្រោះ​បច្ចុប្បន្ន ​យុវជន ​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​នេះ​។ កញ្ញា ​រំពឹង​ថា ការ​ចូល​រួម​របស់​យុវជន និង​កា​រជជែក​ដេញ​របស់ខ្លួន​ក្នុង​ពេល​នេះ អាចជា​មធ្យោ​បាយ​មួយ​សម្រាប់​ឱ្យ​ស្ថា​ប័ន​ពាក់​ព័ន្ធ​បាន​ដឹង ​បាន​ឮ និង​ចូលរួម​ដោះ​ស្រាយ​ទាំង​អស់​គ្នា​។​

​កញ្ញា ​បាន​បញ្ជាក់​ថា​៖ «​សព្វ​ថ្ងៃ​នេះ យើង​ឃើញ​យុវជន​ជា​ច្រើន គាត់​មាន​បញ្ហា​ពិបាក​រក​ការងារ​ធ្វើ ​និង​ធ្វើការ​មិន​ត្រូវ​ជំនាញ​ដែល​គាត់​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​។ខ្ញុំគិត​ថា ក្នុង​នាម​ជា​យុវជន គឺ​ត្រូវតែ​សម្រួច​សមត្ថ​ភាព​របស់​គាត់​ឱ្យបាន​ល្អ​ប្រសើរ ​ដើម្បី​ចាប់​យក​ការ​ងារ​ផ្សេង​។ ខ្ញុំគិត​ថា ការ​ចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ គឺ​ពិតជា​សំខាន់​មែន​ ដើម្បី​ឱ្យ​ពួក​គាត់ ធានា​ថា យុវ​ជន​យើង​ភាគ​ច្រើន ត្រូវ​តែ​រក​ការ​ងារ ហើយ​ត្រូវ​ជំនាញ​បាន​»​។​

​ជា​មួយ​នឹង​ក្តីសង្ឃឹម​បែប​នេះ កញ្ញា មឿ​ន វិច្ឆិកា សំណូម​ពរ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ឱ្យ​ជំរុញ​ការ​បង្កើន​ និង​យក​ចិត្ត​ដាក់​ផ្តល់​នូវ​ដំណោះ​ស្រាយ​រួមគ្នា ដើម្បី​ធ្វើឱ្យ​យុវជន​កម្ពុជា ​អាច​ទទួល​បាន​ឱកាស​ការងារ​ ដែល​ត្រូវ​នឹង​ជំនាញ​របស់​ពួក​គេ ជា​ពិសេស​ទទួល​នូវ​អ្វី​ដែល​យុវ​ជន បាន​លើក​យក​មក​ជជែក​ក្នុង​វេទិកា​នេះ​។​

​លោក ​រស់ សុ​វាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​ស្វា​គមន៍ និង​លើក​ទឹក​ចិត្ត​ចំពោះ​កិច្ច​សហ​ការ​វិជ្ជមាន​ចំពោះ​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក្នុងការ​លើក​កម្ពស់​ការ​អនុវត្ត​គោល​នយោ​បាយ​អភិ​វឌ្ឍន៍​យុវជន និង​កម្មវិធី​សិក្សា​ផ្សេង​ទៀត​ដែល​ស្រប​នឹង​ផែន​ការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ ​ក្នុង​ន័យ​ចូល​រួម​លើក​កម្ពស់​គុណ​ភាព​យុវជន​សម្រាប់​ការ​ចូល​រួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។

​លោក​បាន​បន្តថា យុវជន​សត​វត្សរ៍​ទី​២១ ជា​យុវជន​បន្តវេន និ​ង​ជា​សសរ​ទ្រូង​សម្រាប់​ការ​អភិវឌ្ឍ​សង្គម ​និង​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​សម្រេច​ចក្ខុវិ​ស័យ​កម្ពុជា​នៅ​ឆ្នាំ​២០៣០​ និង​២០៥០​។ដូចនេះ​ លោក​ថា យុវជន​ត្រូវ​បន្ត​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​ទិដ្ឋ​ភាព​និង​តាម​គ្រប់​រូបភាព ​ជា​ពិសេស​ដូចជា​ ការចូល​រួម​រប​ស់​យុវជន​ក្នុង​វេទិកា​ដែល​រៀបចំ​ដោយ​អង្គ​ការ​នេះ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ក្រសួង​គាំទ្រ​ រាល់​កម្មវិធី​អភិវឌ្ឍ​ន៍យុវជន​ទាំង​បំ​ណិ​នប​ច្ចេក​ទេស និង​បំ​ណិ​ន​ទន់ ​ដោយ​ផ្តោត​លើ​បំ​ណិ​ន​សត​វត្សរ៍​ទី​២១ និង​ការ​លើក​កម្ពស់​ភាព​ជា​អ្នកដឹក​នាំ​។ ក្រសួង​គាំ​ទ្រដល់​ការ​បណ្តុះប​ណ្តាល​ជំនាញ​វិជ្ជា-ជីវៈ​ ទាំង​ការ​អប់រំ​ កា​របណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​បំ​ណិ​ន​ទន់ ដើម្បី​ឱ្យ​យុវជន​មាន​សមត្ថ​ភាព​ចូល​រួម​ដោះស្រាយ​បញ្ហា​រួម​របស់​ប្រទេស​ជាតិ ​មាន​ភាព​ក្លា​ហាន និង​មាន​ភាព​ឈ្លាស​វៃ​ក្នុងការ​បញ្ចេញ​មតិ មាន​សមត្ថ​ភាព​ត្រិះរិះ​ពិចារ​ណា សិក្សា​ស្រាវ​ជ្រាវ ចែក​រំលែក​គំនិត ​និង​ជំនាញ​ក្នុងការ​និយាយ​ជា​សា​ធារណៈ​ប្រកប​ដោយ​ក្រម​សីលធម៌​ និង​ចំណេះ​ដឹង​ពិត​ប្រាកដ »៕