កំពង់ឆ្នាំងៈ ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​បាន​លុបចោល​សំណើសុំ​ស្ដារ​បឹង​ទំហំ​ជាង​៥០០​ហិកតា​ ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំពង់ឆ្នាំង​ ដែល​ស្នើឡើង ​ដោយ​លោក​ច័ន្ទ វិចិត្រ​ អគ្គនាយក ​ក្រុមហ៊ុន ​បុរី វីឡា​ វិចិត្រ ហាយ​លែន ​ដោយសារ​សំណើ​ស្តារ​បឹង​នោះ​ត្រួត​លើ​គម្រោង​គ្រប់គ្រង​កែលម្អ​បរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​១​។

​យោង​លិខិត​ចុះ​ថ្ងៃទី​២ ​ខែកញ្ញា​ ឆ្នាំ​២០២២​ របស់​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​ ដែល​ភ្នំពេញ​ប៉ុស្តិ៍ ​ទើបតែ​ទទួលបាន​ ក្រុមហ៊ុន ​បុរី វីឡា​ វិចិត្រ ហាយ​លែន ​កាលពី​ថ្ងៃទី​១៥ ​ខែសីហា ​ឆ្នាំ​២០២២ ​បានដាក់​សំណើសុំ​បូម​ស្ដារ​បឹង​ទំហំ​ជាង​៥២៦​ហិកតា ​នៅ​ភូមិ​ដំណាក់​ពពូល ​ភូមិ​ស្រែព្រីង ​ភូមិ​កណ្ដាល ​សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ​ដែលមាន​សភាព​គោក​រាក់​ខ្លាំង​ក្នុង​រដូវប្រាំង ​ដែល​ចាំបាច់​ត្រូវធ្វើ​ការបូម​ស្ដារ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុង​ការទទួលបាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង ​និង​ដាំ​ដុះ​ដំណាំ​ចម្ការ។

​ប៉ុន្តែ​សំណើ​នេះ ​ត្រូវបាន​អភិបាលក្រុង​កំពង់ឆ្នាំង​ លោក​យិន ​សាវ៉េន ​ពិនិត្យឃើញ​មាន​ភាពមិនច្បាស់​លាស់ ​ដែល​ក្នុងនោះ​ទីតាំង​ស្នើសុំ​រៀបចំ​បូម​ស្តារ​បឹង​បាន​ត្រួត​លើ​គម្រោង​គ្រប់គ្រង​កែលម្អ​បរិស្ថាន​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​១​ (គម្រោង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្រុង​កំពង់ឆ្នាំង)​។ រីឯ​ប្លង់​បង្ហាញ​ពី​ទីតាំង​ស្នើសុំ​បានធ្វើ​ឡើង​ដោយ​ឯកតោភាគី​ មិនមាន​ការឯកភាព​ពី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ​ជាពិសេស ពី​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម ​មន្ទីរ​កសិកម្ម ​ និង​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង។​

​លោក​យិន សា​វ៉េន​ បញ្ជាក់ថា​៖«ពេល​គាត់​[ច័ន្ទ វិចិត្រ] ​មកសុំ​ការចុះហត្ថលេខា ​ដើម្បី​បញ្ជូន​សំណើ​ទៅ​រដ្ឋបាលខេត្ត​បន្ត​នោះ​ គាត់​បាន​បំភ្លឺថា ​ឯកសារ​ដែល​គាត់​បានដាក់​ស្នើ​មកនេះ ​ខាង​ភាគី​ក្រុមហ៊ុន ​នឹងធ្វើ​ការស្នើសុំ​អនុលោមភាព​ដល់​ក្រសួង​ពាក់ព័ន្ធ ​មិន​បង្កឱ្យ​មាន​បញ្ហា​ផ្លូវច្បាប់​ ប៉ះ​ដល់​គម្រោង ​ADB និង​ផលដំណាំ​ប្រជាពលរដ្ឋ​ឡើយ»។

​លោក​បន្ថែមថា​៖«ប៉ុន្តែ​ក្រោយពី​យើង​ពិនិត្យ​ភាពជាក់ស្ដែង​ទៅ ​គឺ ​គាត់​នៅ​មិនទាន់​មាន​ការស្នើសុំ​អនុលោមភាព​ពី​ក្រសួង ​និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នៅឡើយ​ទេ ​ដូច្នេះ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​យើង​មានតែ​លុបចោល​សំណើ​របស់​គាត់»។​

​ជុំវិញ​ការលុបចោល​សំណើ​នេះ​ លោក​ច័ន្ទ​ វិចិត្រ ​អគ្គនាយក​ក្រុមហ៊ុន ​បុរី វីឡា ​វិចិត្រ ​ហាយ​លែន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ សំណើ​នោះ ​លោក​ធ្វើតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​ដែល​បានស្នើ​សុំឱ្យ​ក្រុមហ៊ុន​របស់​លោក​ជួយ​អន្តរាគមន៍​បូម​ស្ដារ​បឹង ​ដែល​អ្នកភូមិ​ក្នុង​តំបន់​នោះ ​បាន​អះអាងថា​ មាន​ភាព​គោក​រាក់​ខ្លាំង​ក្នុង​រដូវ​ប្រាំង ។

​លោក​ថ្លែងថា​៖«ក្រោយ​ស្ដាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រៀបរាប់​ពី​ការលំបាក​ រឿង​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវ ​និង​ដំណាំ​ចម្ការ​រួមផ្សំ​ផ្សេងទៀត ​នៅក្នុង​រដូវប្រាំង​នោះ ​ក្រុមហ៊ុន​យើង ​ក៏បាន​ទទួល​យល់ព្រម​ថា ​នឹង​ជួយ​អន្តរាគមន៍​បូម​ស្ដារ​បឹង​នោះ ​ហើយក៏​រៀបចំ​ធ្វើសំណើ​សុំ​ទៅ​អាជ្ញាធរ​ក្រុង ​និង ខេត្ត​ដើម្បី​ពិនិត្យ​និង​សម្រេច»។​

​លោក​ច័ន្ទ វិចិត្រ បន្តថា​៖«ប៉ុន្តែ​ឥឡូវនេះ​អាជ្ញាធរ​បានសម្រេច​លុប​ចោល​សំណើ​របស់​ក្រុមហ៊ុន​យើង​ទៅហើយ​។ ដូច្នេះ​ក្រុមហ៊ុន​យើង ​មិនអាច​ជួយ​អន្តរាគមន៍​បូម​ស្ដារ​បឹង​នោះ​ជូន​ពួកគាត់​បានទេ»។

​បើតាម​លោក​វិចិត្រ​ សំណើ ​និង​គំរូ​ប្លង់​ទីតាំង​ដែល​ត្រូវ​បូម​ស្ដារ​បឹង​នោះ​ លោក​បានដាក់​ស្នើ​ទៅ​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង ​ដើម្បី​ស្នើសុំ​ចំណារ​ឯកភាព​ពី​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ​ពិនិត្យ និង​សម្រេច​។ ប៉ុន្តែ​គំរូ​ប្លង់​ទីតាំង​ដែល​ត្រូវ​បូម​ស្ដារ​នោះ ​គឺ​ខាង​ភាគី​ក្រុមហ៊ុន​របស់​លោក ​ធ្វើឡើង​តាមតែ​អ្នកភូមិ​អះអាងថា ​មាន​ភាព​គោក​រាក់​ខ្លាំង​នៅ​រដូវប្រាំង​ មិនទាន់បាន​ឆ្លង​ការឯកភាព​ពី​ក្រុមមន្ត្រី​បច្ចេកទេស ​នៃ​ក្រសួង ​ស្ថាប័ន​ជំនាញ ​ដែល​ពាក់ព័ន្ធ​នៅឡើយ​ទេ​។​

​ទោះយ៉ាងណា​ លោក​និយាយថា ​ក្រុមហ៊ុន​របស់លោក ​នៅតែ​ស្វាគមន៍​គាំទ្រ ​និង​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជានិច្ច ​ប្រសិនបើ​អាជ្ញាធរ​មានការ​ស្នើ​សុំឱ្យ​ជួយ​អន្តរាគមន៍ ​បូម​ស្ដារ​បឹង​នៅ​ទីតាំង​ណាមួយ ​ដែល​ពុំមាន​ផលប៉ះពាល់​ដល់​គម្រោង​អភិវឌ្ឍន៍​ផ្សេង​របស់​រដ្ឋ ។​

​ជុំវិញ​ករណីនេះ ​អ្នកស្រី​កែវ សុផាត ​ចៅសង្កាត់​កំពង់ឆ្នាំង​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ការពិត ផ្ទៃ​បឹង​ក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​ក្រុមហ៊ុន​បានលើកឡើង​ជា​សំណើ​សុំ​ឱ្យមាន​ការ​បូម​ស្ដារ​នោះ មាន​កន្លែង​ខ្លះ​បាន​គោក​រាក់​ពិតប្រាកដ​មែន​។

​អ្នកស្រី​ថ្លែងថា​៖«នៅ​រដូវប្រាំង​ប្រជាពលរដ្ឋ​យើង​នៅក្នុង​តំបន់​នោះ​តែងតែ​ជួប​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវប្រាំង ​និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​។ ដូច្នេះ​បើ​ក្រុមហ៊ុន​អាចជួយ​បូម​ស្ដារ​បាន​នោះ​ វា​គឺជា​រឿង​ល្អ​ខ្លាំង​ណាស់»។

​ទោះយ៉ាង​ណា ​អ្នកស្រី​ចៅសង្កាត់ ​បាន​សំណូមពរ​ឱ្យ​ភាគី​ក្រុមហ៊ុន​មាន​ការសហការ​ជាមួយ​ក្រុមមន្ត្រី​បច្ចេកទេស​នៃ​ស្ថាប័ន​ជំនាញ ​និង​អង្គភាព​ពាក់ព័ន្ធ​នានា ​ជាពិសេស ​មន្ទីរ​ធនធានទឹក ​មន្ទីរ​កសិកម្ម ​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ​ដើម្បី​សិក្សា​ឡើងវិញ​លើ​គំរូ​ប្លង់​ទីតាំង ​ដែល​ត្រូវ​បូម​ស្ដារ ​ដើម្បី​កុំឱ្យ​ជាន់គ្នា​ទៅលើ​គម្រោង​ផ្សេង​ទៀត​របស់​រដ្ឋ​៕