
វត្ថុតាងគ្រឿងញៀនដែលនគរបាលរឹបអូសបាននាពេលកន្លងមក។ រូបថត នគរបាល
ភ្នំពេញៈ បុរសសង្ស័យជាជនជាតិថៃចំនួន៣នាក់ក្នុងចំណោម ៤ នាក់ (ស្លាប់ម្នាក់) កំពុងត្រូវបានចៅក្រមបន្តស៊ើបសួរទៀតនៅថ្ងៃទី ៤ កញ្ញា បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនកាលពីថ្ងៃទី ៣ កញ្ញា ក្រោយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន ៣ ថ្ងៃ នៅសង្កាត់-ខណ្ឌ ជ្រោយចង្វា ខណៈបុរសជនជាតិចិនម្នាក់ត្រូវបានតុលាការខេត្តព្រះវិហារ ឃុំខ្លួនពាក់ព័ន្ធគ្រឿងញៀនជាង ១០០ គីឡូក្រាម។
លោក អុិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ កញ្ញាថា ជនសង្ស័យឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ ៣៤ ឆ្នាំ, ទី២- ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ ២៥ ឆ្នាំ និងឈ្មោះ ណា កូ ភេទប្រុស អាយុ ៤៤ ឆ្នាំ (រងរបួស)។ ជនសង្ស័យទាំង៣នាក់ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកថ្លែងថា៖ «តំណាងអយ្យការបានបញ្ជូនជនទាំង ៣ នាក់ ទៅចៅក្រមស៊ើបសួរបន្តទៀត។ នៅថ្ងៃនេះ (ថ្ងៃទី ៤ កញ្ញា) ចៅក្រមកំពុងបន្តស៊ើបសួរពួកគេទៀត»។
ទាក់ទងករណីនេះដែរ នៅថ្ងៃទី ៤ កញ្ញា ភ្នំពេញ ប៉ុស្តិ៍ មិនបានទទួលការបញ្ជាក់បន្ថែមពីលោក អុី រិន្ទ អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ ដោយសារលោកមិនឆ្លើយតបតាមសារតេឡេក្រាម។
បើតាមផេកហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀនដែលបានបង្ហោះ បានសរសេរថា កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ៨ កន្លះព្រឹកថ្ងៃទី ៣១ សីហា ឆ្នាំ ២០២២ កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀនស្ថិតនៅចំណុច ផ្លូវកែវចិន្តា ក្នុងភូមិ ៣ សង្កាត់-ខណ្ឌជ្រោយចង្វា នោះគឺ ក្រុមជនសង្ស័យបានបាញ់មកលើសមត្ថកិច្ចចំនួន ៨ គ្រាប់ ហើយសមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួនបាញ់បតវិញ បណ្តាលឱ្យជនសង្ស័យម្នាក់ឈ្មោះ NATTHAPONG POLKHAN ភេទ ប្រុស អាយុ ២៨ ឆ្នាំបានស្លាប់ និងរងរបួសម្នាក់។
ក្រុមមេខ្លោងឧក្រិដ្ឋជននេះ ជាមុខសញ្ញាដែលមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ដោយជាប់ពាក់ព័ន្ធបាញ់សម្លាប់ប៉ូលិសថៃ និងមេខ្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង។ចំពោះវត្ថុតាងគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានសរុប ៤១ គីឡូក្រាម និង ៩៣២ ក្រាម។ ក្នុងនោះប្រភេទកេតាមីន(KETAMINE)ទម្ងន់ ១២ គីឡូក្រាមនិង ១៨០ ក្រាមប្រភេទ អុិចស្តាស៊ី (MDMA) ទម្ងន់ ២៩ គីឡូក្រាម ៧៥២ ក្រាម។ រីឯជនសង្ស័យម្នាក់ទៀតត្រូវរបួស ដកហូតបាន រថយន្ត ២ គ្រឿង រួមអាវុធខ្លី ២ ដើមផង។
ដោយឡែក បុរសជនជាតិចិនម្នាក់ក៏ត្រូវបានតុលាការខេត្តព្រះវិហារ ឃុំខ្លួនពណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តដែរពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង ១០០ គីឡូក្រាម។
លោក ស៊ុន ចលនា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ កញ្ញាថា តុលាការខេត្តព្រះវិហារ បានឃុំខ្លួនជនជាតិចិនម្នាក់ឈ្មោះ TU SUERONG ភេទ ប្រុស អាយុ ៣៦ ឆ្នាំជាមួយវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីនទម្ងន់ ១០០ គីឡូ និង ៨០ ក្រាម។
លោកថ្លងែងថា៖ «តាមពិតទៅជនសង្ស័យនៅឯខេត្តព្រះសីហនុទេក៏ប៉ុន្តែជននេះបានបញ្ជាទិញ និងដឹកគ្រឿងញៀនពីខេត្តព្រះវិហារទៅខេត្តព្រះសីហនុ។ ជនសង្ស័យត្រូវបានតុលាការឃុំខ្លួនពីថ្ងៃម្សិលមិញ (ថ្ងៃទី៣កញ្ញា)»។
លោកបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួននៅវេលាម៉ោងជាង ១២ រសៀលថ្ងៃទី ៣០ សីហា ឆ្នាំ ២០២២ ខណៈកំពុងបើករថយន្ត នៅតាមបណ្តោយផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រីឯវត្ថុតាងមានគ្រឿងញៀនប្រភេទកេតាមីនចំនួន ១០០ ដុំ ស្មើនឹងទម្ងន់ ១០០ គីឡូ និង ៨០ ក្រាម៕