
សមាជិកគណបក្សខ្មែរស្រឡាញ់ជាតិ និងលិខិតហាមធ្វើសមាជរបស់ក្រសួងមហាផ្ទៃ។ រូបថត សហការី
ភ្នំពេញៈ ក្រសួងមហាផ្ទៃ មិនអនុញ្ញាតឱ្យគណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំធ្វើសមាជវិសាមញ្ញ ដើម្បីពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំងគណៈកម្មការអចិន្ត្រៃយ៍ ជ្រើសតាំងប្រធាន អនុប្រធាន ប្រធានប្រចាំការ និងអនុប្រធានគណបក្ស នៅថ្ងៃទី ៤ ខែកញ្ញាទេ ដោយសារខុសទៅនឹងលក្ខន្តិកៈរបស់គណបក្ស។
យោងតាមលិខិតរបស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២ ខែកញ្ញា បានបញ្ជាក់ថា ការដែលមិនអនុញ្ញាតឱ្យគណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី ៤ ខែកញ្ញា ដោយសារក្រសួងមហាផ្ទៃសម្រេច មិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្ស និងបំពាននឹងលក្ខខណ្ឌ កំណត់ក្នុងប្រការ ២១ ប្រការ ២៥ ប្រការ ២៦ ប្រការ ២៧ ប្រការ ២៨ និង ប្រការ ៣១ នៃលក្ខខន្តិកៈ គណបក្សដែលបានតម្តល់ទុកនៅក្រសួងមហាផ្ទៃ ។
លោក ស ខេង បញ្ជាក់ទៀតថា ជាមួយគ្នានេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍ ជាស្ថាប័នប្រតិបត្តិ ចាត់ចែង គ្រប់គ្រង និងអនុវត្តរាល់កិច្ចការរបស់គណបក្សខ្មែរស្រឡាញ់ជាតិ មានសមាសភាពចំនួន ៨ រូប ដែលក្នុងនោះ មានសមាជិកអចិន្ត្រៃយ៍ចំនួន ៧ រូប បានសម្រេចលាលែងពីគណបក្សនេះ ជាលាយលក្ខណ៍អក្សរ រួចហើយ ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២ ខែកញ្ញា ក៏មិនអនុញ្ញាតឱ្យគណបក្សនេះជួបជុំសមាជិកសមាជិកាប្រមាណ ១០០ នាក់ នៅទីស្នាក់ការ គណបក្សនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ដើម្បីរៀបចំសមាជនេះដែរ ។
លោក រស់ គឹមសៀង អ្នកនាំពាក្យបណ្តោះអាសន្នរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែកញ្ញាថា គណបក្សនៅក្នុងអំឡុងពេលនេះ កំពុងពិនិត្យមើលលក្ខន្តិកៈរបស់ខ្លួន សាជាថ្មី ដោយមានតំណាងមេធាវី ជួយសិក្សាស្រាវជ្រាវទៅលើលក្ខន្តិកៈរបស់គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ ។
នៅថ្ងៃទី ៥ កញ្ញា តំណាងគណបក្សនឹងទៅជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃ លើបញ្ហាខាងលើនេះ ។
លោកបញ្ជាក់ថា គោលបំណងនៃការធ្វើសមាជ គឺដើម្បីបំពេញបន្ថែមនូវក្បាលម៉ាស៊ីន ដែលថ្នាក់ដឹកនាំមួយចំនួន បានចាកចេញ ពីគណបក្ស ពីព្រោះនៅក្នុងស្ថាប័នគណបក្សមួយ ដើម្បីដំណើរការទៅបាន លុះត្រាតែមានថ្នាក់ដឹកនាំមួយច្បាស់លាស់។
លោកថ្លែងថា៖ «គណបក្សមិនទាន់ត្រូវបានលុបចេញពីបញ្ជីពីក្រសួងមហាផ្ទៃទេ ប៉ុន្តែជាបឋមក្រសួងមហាផ្ទៃគ្រាន់តែច្រានចោល មិនទទួលស្គាល់ប្រធានស្តីទី និងមិនឱ្យរៀបចំធ្វើសមាជ ដោយយល់ឃើញថា ខុសទៅនឹងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ»។
បើតាមលោក រស់ គឹមសៀង អតីតថ្នាក់ដឹកនាំ និងសកម្មជនមួយចំនួនរបស់គណបក្សខ្មែរស្រឡាញ់ជាតិដែលបានចាកចេញពីគណបក្ស អ្នកខ្លះក៏ត្រូវបានទទួលតួនាទីនៅក្នុងរដ្ឋាភិបាល និង អ្នកខ្លះបានទៅចុះចូលជាមួយនឹងគណបក្សផ្សេងទៀត រួមជាមួយនឹងគណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ផងដែរ ។
កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ រួមទាំងអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩ រូបទៀត បានប្រកាសរំលាយគណបក្សខ្មែរស្រលាញ់ជាតិចោល «ដោយសារមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេស កាលពី ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ»។
ជាមួយគ្នានេះ លោក ជីវ កក្តា ក៏បានអំពាវនាវឱ្យសមាជិកគណៈកម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែរស្រឡាញ់ជាតិទាំងអស់នាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕