ភ្នំពេញៈ ភ្លៀង​លាយ​ឡំ​ខ្យល់ ​និង​ផ្គរ​រន្ទះ​បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់និង​ខូច​ខាត​ផ្ទះ​អស់ ​៩ ​ខ្នង​ នៅ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង ខណៈ​ក្រសួង​ធនធាន​ទឹកនិងឧតុ​និយម​បាន​ព្រមាន​ថា ​ខេត្ត​ចំនួន​១២ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ជាប់​តំបន់​ភ្នំ ជួរ​ភ្នំ និង​ទី​ទំនាប​ជាប់​ផ្លូវ​ទឹក​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​អាច​នឹងមាន​ជំនន់​ទឹក​ភ្លៀង​កើត​ឡើង​សា​ជា​ថ្មី​នៅក្នុង​សប្ដាហ៍​នេះ​។​

​លោក ​ស គឹម​ឡុង អធិ​ការ​ស្រុក​មោង​ឫស្សី​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ៤ ខែ ក​ញ្ញា ឆ្នាំ​​ ២០២២ ​ថា​ ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​ ៩ ​ខ្នង នៅ​ភូមិ​ព្រៃ​ស្វាយ​និង​ភូមិ​កា​ឡោម​ភ្លុក នៃ​ឃុំ​ព្រៃ​ស្វាយ​ ខណៈ​បាតុ​ភូត​រន្ទះ​បាញ់បាន​បង្កឱ្យស្លាប់​បុរស​ម្នាក់​ឈ្មោះ ​ធិ​ញ ធឿ​ត ​អាយុ​ ៥៦ ​ឆ្នាំ​នៅ​ភូមិ​ចក​តូច​ នៃ​ឃុំ​កកោះ​។​

​លោក គឹម​ឡុង បាន​និយាយ​ថា​៖«​ក្នុង​រយៈ​ពេល​២​ថ្ងៃ​មក​នេះ មាន​ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំង ​និង​មាន​រន្ទះ​បាញ់​កើត​ឡើង​ច្រើន​គួរ​ឱ្យ​ខ្លាច ប៉ុន្តែ​នៅ​មិន​ទាន់​មាន​គ្រោះ​ជំនន់​ទឹក​ភ្លៀង​កើត​ឡើង​នៅ​ឡើយ​ទេ​»​។

​ជុំវិញ​បញ្ហា​គ្រោះ​ធម្មជាតិដែល​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នេះ ​លោក លឹម គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម កាល​ពី​ថ្ងៃទី​ ២ ខែ កញ្ញា ឆ្នាំ​ ២០២២ បាន​ព្រមាន​ថា ​ចាប់​ពី​ថ្ងៃទី ​៥ ​ដល់​ថ្ងៃទី ​៩ ខែកញ្ញា​ខាង​មុ​ខនេះ ខេត្ត​ចំនួន​ ១២ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​ជាប់​តំបន់​ភ្នំ ជួរ​ភ្នំ និង​ទី​ទំនាប​ជាប់​ផ្លូវ​ទឹក រួម​មាន ខេត្ត​ព្រះវិហារ រតនគិរី ​កំពង់ធំ​ ឧ​ត្ត​រ​មាន​ជ័យ បន្ទាយ​មាន​ជ័យ បាត់​ដំបង ​សៀម​រាប​ ប៉ៃលិន ​ពោធិ៍សាត់ កំពង់ស្ពឺ​ ​កោះកុ​ង និង​ខេត្ត​ព្រះសីហនុ ​នឹងមាន​ហានិភ័​យ​ខ្ពស់​ចំពោះ​ជំនន់​ទឹក​ភ្លៀង​។

​ការ​ព្រមាន​នេះបាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ពិនិត្យឃើញ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​អូ​សកាត់​លើ​ភាគ​ខាង​ជើង​ប្រទេស​ថៃ ឡាវ និង​វៀត​ណាម បាន​រំកិល​ចុះមក​ក្រោម​ ហើយ​បង្កើន​ឥទ្ធិព​ល​មក​គ្រប​ដណ្ដប់​លើ​ប្រទេស​កម្ពុជា និង​អូស​បន្លាយ​ក្នុង​រយៈពេល​វែង ដែល​ស្ថានភា​ព​នេះនឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ា​យ​លើ​ផ្ទៃ​ប្រទេសជាមួយ​នឹង​ទឹកភ្លៀ​ង​ដែល​មាន​លក្ខណៈ​ធ្លាក់​ជាប់​ជា​បន្តក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ និង​មាន​លាយ​ឡំ​ដោយ​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង ព្រម​ជាមួយ​នឹង​ផ្គរ​រន្ទះ​ផង​ដែរ​​។

​ទន្ទឹម​នឹងនេះ ​លោក​បាន​គូសប​ញ្ជាក់ថា​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​មេគង្គ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​អាច​ធ្វើ​ឱ្យ​ទឹក​ទន្លេមេ​គង្គ​មាន​ការ​ងើប​ឡើង​វិញ​៕