រតនគិរីៈ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​នៅ​ថ្ងៃទី ​៤ ខែកញ្ញា​បាន​បើក​ «​យុទ្ធនាការ​អន្ទាក់​សូន្យ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​» ​នៅ​ភូមិសាស្ដ្រ​ខេត្តរតនគិរី ដែល​ជា​ខេត្ត​ចុងក្រោយ ក្នុង​ចំណោម​ខេត្ត​គោលដៅ​ចំនួន​ ៦ នៅ​ខាងកើត​ទន្លេមេគង្គ ក្រោយ​ការអនុវត្ត​ ៥​ លើក ក្នុង​ ៥​ ខេត្ត​កន្លងមកនេះ បាន​បញ្ជ្រាប​ទៅដល់​ពលរដ្ឋ​ជាង​ ៣ ​លាន​នាក់ តាមរយៈ​អត្ថបទ​ព័ត៌មាន​ជាង ៣០០ ​អត្ថបទ ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​ព័ត៌មាន​នានា​នៅលើ​បណ្ដាញ​សង្គម​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ថ្លែង បើក​យុទ្ធនាការ​នេះ​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នា​ថ្ងៃទី​ ៤ ខែកញ្ញា​ថា ក្រោយ​បិទ​បញ្ចប់​យុទ្ធនាការ​ជំហាន​ទី ​១ នៃ​ខេត្ត​ចំនួន​ ៦ នៅ​តំបន់​ភាគ​ខាងកើត​ទន្លេមេគង្គ ក្រសួង​បរិស្ថាន​នឹង​បន្ត​ដឹកនាំ​អង្គការ​ដៃគូ​ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​នៅ​ខេត្ត​មួយ​ចំនួន​ទៀត នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​នោះ​មាន​ខេត្ត​កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និង​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជា​ចក្ខុវិស័យ​ជារួម​ទៅមុខ សម្រាប់​ខេត្ត ដែល​ស្ថិតនៅ​ខាង​កើត​ទន្លេមេគង្គ ដែល​មាន​ ៦ ​ខេត្ត គឺ​ខេត្ត​ស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និង​ខេត្ត​រតនគិរី យើង​នឹង​ធ្វើការ​បូកសរុប​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​បិទ​បញ្ចប់​ក្នុង​ខែតុលា ឆ្នាំ​ ២០២២»​។

លោក​បន្ថែមថា​៖ «​ហើយ​យើង​នឹង​ប្រមូល​នូវ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ និង​ការផ្ដល់​មតិយោបល់​ត្រឡប់​មកវិញ​ថា តើ​យុទ្ធនាការ​របស់​យើង​ក្នុង​រយៈពេល ៦ ​ខែ​កន្លងមកនេះ វា​បាន​ផ្ដល់​ផល​ជា​វិជ្ជមាន និង​អវិជ្ជមាន​យ៉ាងណាខ្លះ​»​។

លោក​បញ្ជាក់ថា បន្ទាប់​ទៅមុខ​ទៀត ក្រសួង​នឹង​ធ្វើការ​វាយតម្លៃ​ទៅលើ​ទិន្នន័យ ដែល​ទទួល​បាន​ហើយនឹង​បន្តទៅ​ការ​អនុវត្ត​យុទ្ធនាការ​នេះ​ជំហាន​ទី ​២​។

លោក​បញ្ជាក់ថា​៖ «​មានន័យថា យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​យើង​បាននិង​កំពុង​តែ​ធ្វើ​នេះ គឺ​មិនមែន​មាន​ន័យថា ៦​ ខែ​ចប់ គឺ​ចប់​ទេ​។ យើង​នឹង​ធ្វើជា​លក្ខណៈ​ភ្លៀងរលឹម​»​។

លោក​បន្តថា ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​ក៏មាន​គោលបំណង​មួយ​ចំនួន​ទៀត​នៅ​ជំហាន​បន្ទាប់ ក្នុង​នោះ​មានការ​ពង្រឹង​ក្រុម​ការងារ​អនុវត្ត​ច្បាប់​នៅតាម​ខេត្ត ដើម្បី​អន្តរាគមន៍​ភ្លាមៗ​ក្នុង​ការអនុវត្ត​ច្បាប់ ឬក៏​ការអប់រំ ការ​ចុះកិច្ចសន្យា អប់រំ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស គឺជា​កិច្ចការងារ​អាទិភាព​។

លោក​ឱ្យ​ដឹងថា តាមរយៈ​ការអនុវត្ត​យុទ្ធនាការ​កន្លង​មកនេះ រដ្ឋបាលខេត្ត​ដែល​បាន​ធ្វើ​យុទ្ធនាការ​នេះ គឺ​បាន​បង្ហាញ​នូវ​ការគាំទ្រ​ពេញ​ទំហឹង​ទៅលើ​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​។ នេះ​ជា​ឆន្ទៈ​រួម​របស់​រដ្ឋបាលខេត្ត ដែល​មាន​តួនាទី​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ថ្នាក់ក្រោម​ជាតិ​។ សកម្មភាព​នេះ​ក៏​ជា​ការបង្ហាញ​នូវ​ឆន្ទៈ​រួម​របស់​រាជរដ្ឋាភិបាល​របស់​អង្គការ​ដៃគូ​របស់​សហគមន៍​ការពារ​ធម្មជាតិ របស់​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន ស្រឡាញ់​សត្វព្រៃ​ក្នុង​គោលដៅ​រួម ដើម្បី​កាត់បន្ថយ​អន្ទាក់ និង​ផ្ដល់​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​សម្រាប់​ភូមិ​ភាគ​ឦសាន​នេះ​បណ្ដា​ខេត្ត​ទាំង ៦ ​នេះ យើង​នឹង​បន្តសកម្មភាព​បន្ថែមទៀត តែ​ជាមួយ​នឹង​ផែនការ​ថ្មី​ជាមួយ​នឹង​គោលដៅ​ថ្មី ហើយ​ជាមួយ​នឹង​សកម្មភាព​ថ្មី តែ​បម្រើ​ឱ្យ​គោលដៅ​ចាស់ គោលបំណង​ចាស់​របស់​យើង គឺ​ការផ្ដល់​សុវត្ថិភាព​ដល់​សត្វព្រៃ និង​កាត់បន្ថយ​អន្ទាក់​ពី​ក្នុង​តំបន់​ការពារ​ធម្មជាតិ​»​។

លោក សេង ទៀក ប្រធាន​អង្គការ WWF ប្រចាំ​កម្ពុជា​បង្ហាញ​របាយការណ៍​ដែល​បានរៀបចំ​ក្នុង​ខេត្ត​ចំនួន​ ៥ ដែល​បាន​រៀបចំ ​៥ ​លើក​កន្លង​មកនេះ គឺមាន​ការចូលរួម​ដោយ​ផ្ទាល់​ពី​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​ខេត្ត​ទាំង ​៥ ​កន្លងមក​នេះ មាន​ចំនួន ២ ៥៩៥ ​នាក់​។ ក្នុងនោះ​មាន​តំណាង​មកពី​ខាង​រដ្ឋាភិបាល អាជ្ញាធរខេត្ត អង្គការ​សង្គម​ស៊ីវិល​នានា សហគមន៍ និង​ប្រជាពលរដ្ឋ សិស្សានុសិស្ស តាម​បណ្ដា​ខេត្ត​នីមួយៗ​។

លោក​ឱ្យ​ដឹងថា ចំណុច​មួយ​ដែល​សំខាន់​តាមរយៈ​យុទ្ធនាការ​នេះ​បាន​ធ្វើ​នៅ​ខេត្ត​នីមួយៗ ដោយ​បាន​ផ្សព្វផ្សាយ​តាមរយៈ​រ៉ឺម៉ក​កង់​ ៣ អំពី​សារៈសំខាន់ៗ​អំពី​យុទ្ធនាការ ដោយ​អាជ្ញាធរ​ខេត្ត និង​អង្គការ​ដៃគូ ដែល​បាន​ផ្សព្វផ្សាយ​រយៈពេល​ ៣០ ​ថ្ងៃ​។ ក្នុងនោះ​ក៏មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិទ្យុ​នៅក្នុង​ខេត្ត​ក៏បាន​ចូលរួម ផ្សព្វផ្សាយ​នៅតាម​ខេត្ត​នីមួយៗ​ផងដែរ​។

លោក​ថ្លែងថា​៖ «​មាន​បណ្ដាញ​សង្គម​មួយចំនួន ដូចជា ហ្វេសប៊ុក ធ្វីតធើ លីងអ៊ីន និង​យូធូប​ជាដើម បាន​ផ្សព្វផ្សាយ​សារ​អំពី​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​។ ដូច្នេះ​ជា​រួម​សារ​ដែល​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​តាមរយៈ​ទិន្នន័យ​ដែល​យើង​កត់ត្រា​បាន​មាន​អត្ថបទ​ព័ត៌មាន​ជាង ៣០០ ​អត្ថបទ និង​ចំណងជើង ដែល​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​បាន​ធ្វើការ​ផ្សព្វផ្សាយ​»​។

លោក​ សេង ទៀក បន្ថែមថា​៖ «​ហើយ​តាម​ការវាយតម្លៃ​ក្នុង​អត្ថបទ​ព័ត៌មាន​ជាង ៣០០ ​អត្ថបទ​នេះ​បាន​ផ្សព្វផ្សាយ​បញ្ជ្រាប​ទៅដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៣ ​លាន​នាក់​នៅក្នុង​ស្រុក​របស់​យើង​ដែល​យើង​បាន​កត់ត្រា​»​។

លោក​ឱ្យ​ដឹងថា តាមរយៈ​ការ​ផ្សព្វផ្សាយ​នេះ​ក៏មាន​ប្រតិកម្ម​ត្រឡប់​ពី​សាធារណជន​មាន​លក្ខណៈ​វិជ្ជមាន​ច្រើន ក្នុង​នោះ​មានប្រតិកម្ម​ត្រឡប់​តាម​បណ្ដាញ​សង្គម​នានា​ជាដើម​។

បើតាម​ប្រធាន​អង្គការ​រូបនេះ សកម្មភាព​ធ្វើ​យុទ្ធនាការ ៥ ​លើក​កន្លង​មកនេះ បាន​រៀបចំ​ឡើង​ស្រដៀង​គ្នា​នៅតាម​បណ្ដា​ខេត្ត​នីមួយៗ​។ តាមរយៈ​យុទ្ធនាការ​នេះ​ក្រុម​ការងារ​បានដាក់​ឱ្យ​ប្រើប្រាស់​នូវ​របាយការណ៍​បច្ចេកទេស​សំខាន់ៗ មួយចំនួន​ដូចជា​របាយការណ៍​សត្វ​ក្តាន់ សត្វ​ត្មាត និង​របាយការណ៍​អភិរក្ស​សត្វ​ដំរី​ជាដើម​។ ក្រុមការងារ​ក៏បាន​ដាក់​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​នៅ​គ្រប់​ខេត្ត​គោលដៅ និង​បាន​រៀបចំ​ក្បួន​យុទ្ធនាការ ដើម្បី​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​តាម​ខេត្ត​នីមួយៗ​ផងដែរ​។

លោក​បន្តថា​៖ «​ក្នុងនោះ​មាន ៥២ ​ភោជនីយដ្ឋាន​ក្នុង​ខេត្ត​គោលដៅ​ទាំង ​៦ បាន​សន្យា​មិន​លក់​សាច់​សត្វព្រៃ ដែល​ក្នុងនោះ​ខេត្ត​មណ្ឌលគិរី​មាន ៣៦ ​ភោជនីយដ្ឋាន​បាន​ចុះកិច្ចសន្យា​»​។

លោក​បង្ហាញ​ក្តី​សង្ឃឹម​ថា តាមរយៈ​យុទ្ធនាការ​នេះ​នឹងមាន​ការអប់រំ​ផ្សព្វផ្សាយ ពី​ផលប៉ះពាល់​នៃ​វិបត្តិ​អន្ទាក់​ដល់​ប្រជាពលរដ្ឋ និង​សហគមន៍​បន្ថែម​ទៀត​។ ចំណែក​លទ្ធផល​សំខាន់​ដែល​កើតឡើង​ពី​យុទ្ធនាការ​នេះ គឺ​របៀប​ធ្វើការ​រួមគ្នា​រវាង​ក្រសួង អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​។

លោក​ ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​បាន​ថ្លែងថា ក្នុង​នាម​រដ្ឋបាលខេត្ត​គាំទ្រ​ពេញទំហឹង​ចំពោះ​ការធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​។ លោក​បញ្ជាក់ថា លោក​នឹង​ភ្ជាប់​យុទ្ធនាការ​នេះ​ទៅក្នុង​វេទិកា​សាធារណៈ និង​កិច្ចប្រជុំ​នានា​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ជា​រៀងរាល់​កិច្ចប្រជុំ​នានា​បន្ថែមទៀត ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​។

លោក​ សំអឿន ​បាន​ថ្លែងថា​៖ «​អ៊ីចឹង​ទេ អ្វីដែល​យើង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ផ្លាស់ប្ដូរ​ឥរិយាបថ បញ្ឈប់​ការ​បរបាញ់ ជួញដូរ និង​បរិភោគ​សាច់សត្វ​ព្រៃ​។ យើង​មាន​វិធានការ​ច្បាប់ និង​លិខិតបទដ្ឋាន​ផ្សេងៗ​ទៀត​ចំពោះ​បទល្មើស​បរបាញ់ និង​ជួញដូរ​សាច់សត្វ​ព្រៃ​នេះ​»​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​រតនគិរី​នឹងដាក់​បម្រាម​នៅ​គ្រប់​ទីផ្សារ​ក្នុង​ខេត្ត ទីប្រជុំជន ជាពិសេស​នៅតាម​ភោជនីយដ្ឋាន​ដែល​តែងតែ​ទទួលយក​សាច់សត្វ​ព្រៃ មក​ធ្វើ​ម្ហូបអាហារ​ជូន​ភ្ញៀវ អំពី​បញ្ហា​វិបត្ដិ​អន្ទាក់ និង​ការបរិភោគ​សាច់សត្វ​ព្រៃ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា នៅពេល​ដែល​ភោជនីយដ្ឋាន​បញ្ឈប់​ទិញ​សាច់​សត្វព្រៃ អ្នកប្រមាញ់​ក៏​នឹង​បញ្ឈប់​ការ​បរបាញ់​ដែរ ពីព្រោះ​គ្មាន​អ្នកទិញ​»​។

ក្រសួង​បរិស្ថាន​បាន​ផ្តួចផ្តើម​គំនិត និង​ដឹកនាំ​អង្គភាព​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ​ដៃគូ ធ្វើ​ការងារ​លើ​ការអភិរក្ស ធ្វើ​យុទ្ធនាការ​អន្ទាក់​សូន្យ ដែល​រហូត​មក​ដល់ពេល​នេះ​បាន​ធ្វើ​នៅ​ភូមិសាស្ត្រ​ខេត្ត​ចំនួន ​៦ រួមមាន ខេត្ត​ស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ ហើយ​ខេត្ត​រតនគិរី ទើបនឹង​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ នា​ថ្ងៃទី​ ៤ ខែកញ្ញា​៕