ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា សេចក្តី​ព្រាង​ក្របខ័ណ្ឌ​ជំរុញ​ការអនុវត្ត​ថែទាំ​សុខភាព​បឋម​នៅ​កម្ពុជា​ (Primary Healthcare Booster Implementation Framework) គ្រោង​បញ្ចប់​នៅ​ខែតុលា​ ឬ​ត្រឹម​ចុងឆ្នាំ​ ២០២២ ​នេះ ហើយនឹង​ត្រូវ​ដាក់​អនុវត្តតាម​ដំណាក់កាល និង​នៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​ក្របខ័ណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​បានឱ្យ​ដឹងថា ការអនុវត្ត​នូវ​ការជំរុញ​ការបង្កើន​ការងារ​ថែទាំ​សុខភាព​បឋម គឺជា​ការងារ​ចាំបាច់​ដោយសារ​វា​មាន​សារៈសំខាន់​​សម្រាប់​សហគមន៍​នាពេល​ខាងមុខ​។

លោកស្រី មាន​ប្រសាសន៍​ថា​៖ «​ក្នុង​​រយៈពេល​ ១០ ​ទៅ​ ២០ ​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ យើង​រំពឹងថា ប្រជាពលរដ្ឋ​របស់​យើង​នឹង​អាច​កែប្រែ​នូវ​ទម្លាប់​ ឬ​របៀបរបប​នៃ​ការរស់នៅ​របស់​យើង​ ដើម្បី​ឆ្ពោះទៅ​ធ្វើយ៉ាងណា​ឱ្យមាន​សុខភាព​ល្អ ជាពិសេស​គឺ​ការជំរុញ​ការទទួល​ខុសត្រូវ​​របស់​បុគ្គល គ្រួសារ និង​សហគមន៍​ទៅលើ​ការថែទាំ​សុខភាព​បឋម​»​។

ក្នុង​រយៈពេល​ ២​ ថ្ងៃ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​ជំរុញ​ការអនុវត្ត​ថែទាំ​សុខភាព​បឋម​នៅ​កម្ពុជា ក្រុម​ការងារ​នឹង​ពិនិត្យ​លើ​ការអនុវត្ត​ក្របខ័ណ្ឌ​នេះ​ទៅតាម​​ដំណាក់កាល ហើយ​តាម​ការឯកភាព​គឺ​ការអនុវត្ត​នេះ​អាច​ដាក់​ចេញ​ជា​ ៥ ​ដំណាក់កាល​។

បើតាម​លោកស្រី ឱ វណ្ណឌីន ដំណាក់កាល​ទី​១ ​គឺមាន​ការរៀបចំ​ចាប់ពី​​ដើមឆ្នាំ​ ២០២២ ​រហូត​មកដល់​ចុងឆ្នាំ​នេះ​។ ​ចំណែក​ដំណាក់កាល​ទី២ ​គឺ​ការសម្រេច​ជ្រើសរើស​ទីតាំង​ដែល​នឹងត្រូវ​យកទៅ​អនុវត្ត​ក្របខ័ណ្ឌ​នេះ ដែល​ក្រុម​ការងារ​នឹង​សម្រេច​ដោយ​មិនឱ្យ​លើសពី​ ៥ ​កន្លែង​នោះឡើយ​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​ដំបូង​គឺ​យើង​ត្រូវ​ធ្វើការ​ជ្រើសរើស​ទីតាំង​យកតែ​ ៥ ​កន្លែង​ទេ ដែល​វា​អាចជា​ភូមិ​ក្តី​ ឬ​ជា​ឃុំ​ក្តី ក្នុង​ ៤​ ឬ​ ៥ ​ខេត្ត​ប៉ុណ្ណោះ ដែល​ទីតាំង​ទាំងនេះ ក្រុមការងារ​នឹង​ធ្វើការ​សម្រេច​ចុងក្រោយ​នៅពេល​ខាងមុខ​ទៀត​»​។

សម្រាប់​ដំណាក់កាល​ទី​៣ គឺ​ត្រូវអនុវត្ត​នៅ​គ្រប់​ភូមិ ឃុំ​នៅក្នុង​ខេត្ត​ដែល​ក្រុមការងារ​បាន​ជ្រើសរើស​យកមក​អនុវត្ត​ក្នុង​ដំណាក់កាល​ទី​២ ​ដោយសារ​នៅ​ដំណាក់កាល​ទី​២ ​គឺ​យក​តែ ​១ ​ភូមិ ឬ​ ១ ​ឃុំ​ ឬ​ ២​ ឃុំ​ប៉ុណ្ណោះ​។ ​ដូច្នេះ​នៅក្នុង​​ដំណាក់កាល​ទី៣ ​នេះ នឹងត្រូវ​អនុវត្ត​ឱ្យ​គ្រប់​ភូមិ​/​ឃុំ​តែម្តង​។

លោកស្រី​ថា​៖ «​អ៊ីចឹង​! បន្ទាប់ពី​ធ្វើ​ក្នុង​ដំណាក់កាល​ទី​៣ ​ហើយ យើង​នឹងធ្វើ​ការសម្រេច​ថា តើ​ប៉ុន្មាន​ខេត្ត​ទៀត​ដែល​យើង​ត្រូវអនុវត្ត​ក្នុង​ដំណាក់កាល​ទី៤ ​បន្ទាប់មក​នឹង​មាន​ការវាយតម្លៃ​បន្តទៀត​ ដោយសារ​យើង​ត្រូវ​ប្រើ​ទៅ​​តាម​អភិក្រម​របស់​យើង​គឺ​ធ្វើការ​​សម្របសម្រួល និង​សម្រេច​ (do,adopt and archive)»​។

មន្ត្រី​រូបនេះ​ដដែល​បញ្ជាក់​ថា នៅ​ដំណាក់កាល​ទី៥ ដែលជា​ដំណាក់កាល​ចុងក្រោយ​គឺ​ការអនុវត្ត​ សម្រាប់​ខេត្ត​នៅសល់ ហើយ​ត្រូវ​ចូលរួម​ទាំងអស់​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា​៖ «​អ៊ីចឹង​! ​នៅក្នុង​ដំណាក់កាល​ទាំង​ ៥​ នេះ យើង​រំពឹងថា យើង​អាច​ធ្វើ​ចាប់ពី​ឆ្នាំ​ ២០២៣ ​ដល់​ឆ្នាំ​ ២០៣០ ហើយ​ដែល​ពេលនេះ​គឺ​យើង​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ទី​ ១ ​នៅឡើយ ដោយសារ​យើង​ទើបតែ​ចាប់ផ្តើម​រៀបចំ​នៅ​ដើមឆ្នាំ​នេះ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​ជំរុញ​ការអនុវត្ត​ថែទាំ​សុខភាព​បឋម​នៅ​កម្ពុជា​នេះ​យើង​គ្រោង​ធ្វើយ៉ាងណា​ឱ្យ​បញ្ចប់​នៅក្នុង​ខែតុលា​ខាងមុខនេះ ប៉ុន្តែ​យើង​ក៏​មិន​អាច​ឱ្យ​ហួស​ពី​ឆ្នាំ​ ២០២២ ​នេះ​ទេ​»​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២ ​ខែកញ្ញា​​ ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួង​សុខាភិបាល​ជាមួយ​ក្រុម​ដៃគូ​សុខាភិបាល​ថា វិស័យ​សុខាភិបាល​មាន​ការអភិវឌ្ឍ​គួរឱ្យ​កត់សម្គាល់ ពិសេស​ផ្នែក​សុខភាព​​មាតា កុមារ និង​ទារក រួមទាំង​ការចាក់​ថ្នាំ​បង្ការ បាន​កាត់បន្ថយ​នូវ​អត្រា​មរណភាព​មាតា កុមារ និង​ទារក​ផងដែរ​។

លោក ​ម៉ម ប៊ុនហេង បាន​លើកឡើង​ថា ការជំរុញ​ការថែទាំ​សុខភាព​បឋម (PHC Booster) ​គឺជា​មធ្យោបាយ​ល្អ​មួយ​ ដើម្បី​សម្រេចបាន​នូវ​ការថែទាំ​សុខភាព​ជា​សកល ​(UHC) ​និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDGs)​។

លោក​ថា​៖ «​ការជំរុញ​នេះ នឹង​នាំ​ឱ្យ​មាន​​ការផ្តល់​សេវា​សុខភាព​សំខាន់ៗ​ខិត​កាន់តែ​ទៅជិត​សហគមន៍ និង​ប្រជាជន​ដែល​មាន​តម្រូវការ ដូចជា ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ​។ ​ដូចនេះ​បានជា​យើង​សម្រេចចិត្ត​បង្កើត​ក្រុមការងារ​របស់​ក្រសួង​សុខាភិបាល​នៅ​ដើមឆ្នាំ​ ២០២២ ​នេះ​ ដើម្បី​គ្រប់គ្រង និង​បង្កើត​ក្របខ័ណ្ឌ​អនុវត្ត​ជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម​ (PHC)​ នៅ​កម្ពុជា​»៕