ភ្នំពេញៈ អ្នកវិភាគ បាន​លើក​-​ឡើង​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន ពិភពលោក​ត្រូវ​ពើប​ប្រទះ​នឹង​ប៉ូល​មហាអំណាច​ដល់​ទៅ​ ៣ ក្នុង​ភូមិ​សាស្ត្រ​នយោបាយ​អន្តរ​ជាតិ​។ ប៉ូល​ទី​៣ នោះ គឺ​រុស្ស៊ី បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ចិន​។ ប៉ុន្តែ​ទោះយ៉ាងណា ប៉ូល​ភូមិសាស្ត្រ​នយោបាយ​ទី​៣ ​របស់​រុស្ស៊ី​មិនសូវ​មាន​ឥទ្ធិពល​ដល់​កម្ពុជា​នោះ​ទេ ក៏​ព្រោះ​តែ​កម្ពុជា​មាន​ការជាប់​ប្រទាក់ក្រឡា​គ្នា​ខ្លាំង​នៅ​ចំ​ចំណុច​​កណ្ដាល​នៃ​ការ​ប្រជែង​អំណាច​រវាង​ប៉ូល​អាមេរិក និង​ប៉ូល​ចិន​។

លោក ពុយ គា អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​ក្យូដូ (Kyodo) ​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​អ្នក​តាមដាន​ព្រឹត្តិការណ៍​អន្តរជាតិ​អស់​ជាច្រើន​ទសវត្សរ៍ បាន​លើក​ឡើង​ថា កាលពីមុន​វិបត្តិ​ធំៗ​របស់​ពិភព​-​លោក​មានដូចជា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​។ ដោយឡែក ក្នុង​តំបន់​ឯណេះ​វិញ​បញ្ហា​ថ្មី​ដែល​ទើប​លេច​ឡើង គឺ​វិបត្តិ​នៅ​ភូមា និង​បញ្ហា​កោះ​តៃវ៉ាន់ ដែល​ជា​ចំណុច​រសើប​ថ្មី​សម្រាប់​ពិភព​លោក​។ ប៉ុន្តែ​បញ្ហា​ដ៏​គួរឱ្យ​ព្រួយ​បារម្ភ​បំផុត​សម្រាប់​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​គឺ «​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី»។

លោក​ពុយ គា មាន​ប្រសាសន៍​ថា​៖ «​ដោយសារ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​នេះ យើង​ឃើញ​ហើយ​ថា កាលពី​មុន​មាន​ប៉ូល​រវាង​អាមេរិក​និង​ចិន​។ ក៏​ប៉ុន្តែ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​នេះ​បង្កើត​បាន​នូវ​ប៉ូល​មួយ​ទៀត​ដែល​មហា​អំណាច​ធំៗ​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នោះ​គឺ អាមេរិក ចិន និង​រុស្ស៊ី​នេះ​តែម្តង​»។ វិបត្តិ​ធំៗ​ទាំងអស់​នេះ កើត​ឡើង​ចំ​ពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដែល​ត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​។

នេះ​ជា​អម្រែក​ដ៏​ធ្ងន់​សម្រាប់​កម្ពុជា ក្នុង​តួនាទី​ជា​អ្នក​សម្រប​សម្រួល និង​ធ្វើ​សេចក្តី​សម្រេច​នានា ជាពិសេស​ការធ្វើ​សេចក្តី​ថ្លែងការណ៍​រួម ទាំង​ជាមួយ​បណ្តា​ប្រទេស​ដៃគូ និង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជំហរ​អាស៊ាន​។ នៅក្នុង​ក្របខ័ណ្ឌ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​នា​ឆ្នាំ​ ២០២២​ នេះ លោក​ ពុយ គា បាន​ពោល​សរសើរ​ដល់​សមត្ថភាព​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា និង​ជាពិសេស​លោក​ ប្រាក់ សុខុន ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ដែល​អាច​បញ្ចៀស​កម្តៅ​នៃ​ការប្រណាំង​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច រហូត​អាច​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​បាន​ដោយ​ជោគជ័យ​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក ពុយ គា ថា លោក​មិន​បាន​មើល​ឃើញ​ពី​ចំណុច​ចន្លោះ​ប្រហោង​របស់​កម្ពុជា នៅក្នុង​ការបំពេញ​តួនាទី​ជា ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​នា​ឆ្នាំ ២០២២ នេះ​ទេ​។ លោក​ថា​៖ «​ផ្ទុយ​ទៅ​វិញ ខ្ញុំ​មើល​ឃើញ​ពី​ការរៀបចំ និង​ការ​ត្រៀម​លក្ខណៈ​បាន​ល្អ​ជាពិសេស​របៀប​បញ្ចុះ​បញ្ជូល ឬ Lobby ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន ដែល​មាន​ជំហរ​រឹងត្អឹង​នៅក្នុង​តំបន់​និង​ពិភពលោក​។ យ៉ាងណា​ក៏ដោយ ដោយសារ​តែ​ភាព​ទន់ភ្លន់ និង​ភាព​វៃឆ្លាត​របស់​រដ្ឋមន្ត្រី​និង​មន្ត្រី​ការបរទេស​កម្ពុជា កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​»។

គួរ​បញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា បាន​ប្រារព្ធ​ធ្វើឡើង នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ ២០២២ ដែល​មាន​តំណាង​ប្រទេស​ចំនួន ៣៩ ប្រទេស​បាន​ចូលរួម​។ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​នេះ កម្ពុជា​បាន​កំណត់​មូលបទ​ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​» សំដៅ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម ដោយ​ទាមទារ​ឱ្យ​អាស៊ាន​ត្រូវ​កៀរគរ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា ព្រមទាំង​ប្រមូលផ្តុំ​ស្មារតី​នៃ​ការ​រួបរួម​គ្នា ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។

ត្រឡប់​មក​ចាប់​អារម្មណ៍​ពី​ប៉ូល​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​វិញ​។ សម្រាប់​លោក ពុយ គា ទោះបីជា​រុស្ស៊ី បាន​ក្លាយជា​ប៉ូល​ភូមិសាស្ត្រ​នយោបាយ​ទី​៣ រួច​ទៅ​ហើយ​ក្តី តែ​ប៉ូល​នេះ​មិនសូវ​មាន​ឥទ្ធិពល​ដល់​កម្ពុជា​នោះ​ទេ​។ នោះ​ក៏​ព្រោះ​តែ​កម្ពុជា​មានការ​ជាប់​ប្រទាក់​ក្រឡា​គ្នា​ខ្លាំង ពោល​គឺ​កម្ពុជា​ស្ថិតនៅ​ចំណុច​កណ្ដាល​នៃ​ការ​ប្រជែង​អំណាច​រវាង​ប៉ូល​អាមេរិក និង​ប៉ូល​ចិន​។

លោក ពុយ គា បន្ត​ថា​៖«​ជារួម​ទៅ​យើង​ធ្លាប់​មាន​ទំនាក់ទំនង​នឹង​គ្នា ​[​កម្ពុជា​-​រុស្ស៊ី​] នៅក្នុង​ទសវត្សរ៍​៨០ ហើយ​ក្រោយៗ​មក ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​មាន​លក្ខណៈ​ធម្មតាៗ​ទេ​។ អ៊ឹចឹង​ទាំង​ផ្នែក​-​សេដ្ឋកិច្ច​និង​នយោបាយ​កម្ពុជា​បាន​សម្លឹង​និង​ធ្វើការ​សំខាន់​ច្រើន​ជាង​ជាមួយ​ចិន​និង​សហរដ្ឋអាមេរិក​បើ​ប្រៀបធៀប​ទៅនឹង​រុស្ស៊ី​»។

អ្នក​តាម​ដាន​បញ្ហា​នយោបាយ​អន្តរជាតិ​រូប​នេះ​មើល​ឃើញ​ថា ឥទ្ធិពល​ចិន និង​សហរដ្ឋអាមេរិក នៅតែ​មាន​ទម្ងន់​ជា​សកល​ជា​ពិសេស​មកលើ​កម្ពុជា ខណៈ​ឥទ្ធិពល​រុស្ស៊ី​នៅតែ​មាន​កម្រិត​។ បើតាម​លោក ពុយ គា ប៉ូល​រុស្ស៊ី​មាន​ទម្ងន់​តែ​ចំពោះ​ប្រទេស​កុម្មុយនីស្ត​តួយ៉ាង កូរ៉េខាងជើង ចិន វៀតណាម​និង​គុយបា តែ​ប៉ុណ្ណោះ​។

សម្រាប់​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​វិញ លោក​យល់​ឃើញ​ថា ប៉ូល​រុស្ស៊ី​ដែល​ជា​ប៉ូល​ទី​៣ នោះ វា​ស្ថិត​នៅ​ជា​ស្រមោល​នៅឡើយ មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ច្បាស់​ដូច​ប៉ូល​ ២ ​ទៀត គឺ​ចិន និង​សហរដ្ឋអាមេរិក​នោះ​ទេ​។

ប៉ុន្តែ​ដោយ​ឡែក កម្ពុជាបាន​ប្រកាន់​យក​ជំហរ​ផ្ទាល់ខ្លួន​មិន​អន្ទង​តាម​ចិន ឬ​សហរដ្ឋអាមេរិក​ឡើយ ហើយ​កម្ពុជា​តែង​ចង់​ឱ្យ​មាន​កិច្ច​ចរចា​ដោយ​សន្តិវិធី​ក្នុងការ​បញ្ចប់​ជម្លោះ​រុស្ស៊ី​-​អ៊ុយក្រែន ជាជាង​ការប្រើ​កម្លាំង​យោធា​។ សម្រាប់​លោក​គិន ភា កម្ពុជា​ឈរ​លើ​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ជាជាង​ទោរទន់​ទៅតាម​ឥទ្ធិពល​របស់​មហា​អំណាច​នានា ជាពិសេស​គឺ​ក្នុង​អន្ទាក់​នៃ​ប៉ូល​ភូមិសាស្ត្រ​នយោបាយ​ទាំង​ ៣ នេះ​។

លោក​ថ្លែង​ថា​៖«​សម្រាប់​ខ្ញុំ​មើល​ឃើញ​ថា កម្ពុជា​តែង​គោរព​ខ្ជាប់ខ្ជួន​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ តាម​ច្បាប់​អន្តរជាតិ ដោយ​ចង់​បាន​សន្តិភាព គេ​ហៅ​ថា Rule of International Order​។ តាម​ការសង្កេត​របស់​ខ្ញុំ​កម្ពុជា មាន​ជំហរ​ផ្ទាល់ខ្លួន មិន​ផ្តេកផ្តួល​តាម​សហរដ្ឋអាមេរិក​ឬ​ក៏​ចិន​ឡើយ ហើយ​យើង​មើល​ឃើញ​ជាក់ស្តែង តាមរយៈ​ការបោះឆ្នោត​ទាំង​ ២ ​លើក​នៅ​អង្គការ​សហ​ប្រជាជាតិ ដោយ​កម្ពុជា​បោះឆ្នោត​ប្រឆាំង​ទៅនឹង​ការឈ្លានពាន របស់​រុស្ស៊ី​ម្តង​ជា Co-Sponsor (​សហ​-​ផ្តួចផ្តើម​)​ផង និង​ម្ដងទៀត​នៅពេល​គេ​បោះឆ្នោត​ព្យួរ​សមាជិកភាព របស់​រុស្ស៊ី​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ កម្ពុជា​បាន​បោះឆ្នោត​អនុបវាទ​»​។

មិន​ខុសពី​លោក​ ពុយ គា ប៉ុន្មាន​នោះ​ទេ លោក គិន ភា បាន​សាទរ​ចំពោះ​ភាព​ជោគជ័យ​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​ ២០២២ ​នេះ​ដោយ​អាច​ធ្វើឱ្យ​បណ្តា​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​ពាក់ព័ន្ធ ជាពិសេស​ពី​បណ្តា​ប្រទេស​មហា​អំណាច​នីមួយៗ​ចូល​តុ​ពិភាក្សា​ក្រោម​ដំបូល​សណ្ឋាគារ​តែ​ ១ ​ក្នុង​ដែនដី​កម្ពុជា​រហូត​អាច​សម្រេច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដែល​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ទាំងឡាយ​ទទួល​យក​បាន​ទាំងអស់​គ្នា​។​

ចំណែក​លោក​ រ៉ូ វណ្ណៈ សហ​ស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​វិញ​យល់​ឃើញ​ថា បញ្ហា​សង្គ្រាម​រុស្ស៊ី​ និង​អ៊ុយក្រែន គ្រាន់តែ​បាន​ចាក់​សាំង​បន្ថែម​លើ​ភាព​តានតឹង​ដែល​មាន​រួច​ទៅ​ហើយ រវាង​មហា​អំណាច​ចិន​ និង​អាមេរិក​តែ​ប៉ុណ្ណោះ និង​ថា រុស្ស៊ី ដែល​អ្នកវិភាគ​ខ្លះ​ផ្ដល់​តម្លៃ​ថា ជា​ប៉ូល​អំណាច​ទី​៣​ នេះ​មិនមាន​ផល​ជះ​ដោយ​ផ្ទាល់​លើ​កម្ពុជា​ដូច​ការ​ប្រជែង​ឥទ្ធិពល​រវាង​ចិន​និង​អាមេរិក​មក​លើ​កម្ពុជា​នោះឡើយ​។

លោក រ៉ូ វណ្ណៈ​ បាន​បញ្ជាក់​ថា​៖ «​កម្ពុជា​ជា​ប្រទេស​តូច មាន​ទម្ងន់​តិចតួច ក្នុងការ​ក្រសោប​នយោបាយ​ការបរទេស​នៃ​ប្រទេស​មហា​អំណាច​។ ជំហរ​របស់​កម្ពុជា ដែល​ផ្ដោតលើ​ការពង្រឹង​ការអនុវត្ត កិច្ចព្រមព្រៀង​កុង​សង់​ស៊ីស​៥​ចំណុច​របស់​អាស៊ាន ជា​ជម្រើស​ត្រឹមត្រូវ​ក្នុង​វិបត្តិ​មី​យ៉ាន់​ម៉ា​។ ចំណែក​ការបោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់ UN ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ក៏​ជា​ជំហរ​សមស្រប​ដែល​លើក​កម្ពស់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​»៕​