
ក្បួនឃោសនាបោះឆ្នោតឃុំ សង្កាត់របស់បក្សប្រជាជនពីខែមិថុនា។ ហុង មិនា
ភ្នំពេញៈ ការដែលតំណាងគណបក្សក្រៅរដ្ឋាភិបាលចង់ឱ្យមានការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិការបស់គណបក្សនយោបាយនៅអំឡុងពេលឃោសនាបោះឆ្នោតនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់ទុកថា វាជារឿងមិនត្រឹមត្រូវ។
ប្រតិកម្មរបស់អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះធ្វើឡើង បន្ទាប់ពីសម្ព័ន្ធគណបក្សក្រៅរដ្ឋាភិបាលតាមរយៈសន្និសីទកាសែតនៅថ្ងៃទី ២ កញ្ញា ចង់ឃើញឱ្យមានការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិការបស់គណបក្សនយោបាយអំឡុងពេលឃោសនាបោះឆ្នោត នៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតដែលការធ្វើបែបនេះ ដើម្បីតម្លាភាព និងគោលការណ៍ស្មើភាពរវាងគណបក្សនយោបាយ។
តំណាងគណបក្សនយោបាយចំនួន ៤ រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានដាក់សំណើនេះនៅលេខរៀងទី ១០ ក្នុងចំណោមសំណើទាំង ១៦ ចំណុច ដែលស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) ក្នុងជំនួបកាលពីថ្ងៃទី ៣១ សីហា។
លោក សុខ ឥសាន ថ្លែងឆ្លើយតបកាលពីថ្ងៃ ៣ កញ្ញាថា៖ «បើចង់ទាមទារ គឺទាមទារបែបនេះទំនងជាង។ គឺសុំឱ្យរដ្ឋជាអ្នកទទួលខុសត្រូវ ចំពោះគណបក្សណាដែលបានចុះបញ្ជីនៅ គជប ក្នុងការប្រកួតប្រជែង ហើយរដ្ឋត្រូវផ្ដល់ថវិកាស្មើៗគ្នាគ្រប់គណបក្សនយោបាយ។ បើធ្វើបែបហ្នឹងទើបបាន»។
តែយ៉ាងណាមិញ លោក គង់ មុនិកា ប្រធានគណបក្សឆន្ទៈខ្មែរថ្លែងថា៖ «នៅក្នុងនីតិវិធី ឬច្បាប់គួរតែកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិកា ថាតើគណបក្សនយោបាយនីមួយៗមានសិទ្ធិប្រើប្រាស់ថវិកាប៉ុន្មាន? តើអាចទទួលបានលុយឧបត្ថម្ភពីឧកញ៉ាឬ អ្នកមានណាមួយក្នុងទំហំប៉ុន្មាន? មិនមែនចេះតែជួយរាប់លានស្រេចចិត្តបានទេគឺត្រូវមានការកំណត់»។
បើតាមលោក សុខ ឥសាន ប្រភពលុយរបស់គណបក្សប្រជាជនកម្ពុជាលោកទទួលបានពីអ្នកគាំទ្រ។ «អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមានជាង ៦ លាននាក់ជាងហើយ។ បើគ្រាន់តែចូលម្នាក់ ១ ដុល្លារហ្នឹងវាបាន ៦ លានបាត់ទៅហើយ។ វាខុសគ្នាអ៊ីចឹង!»។
លោក គង់ មុនិកា ក៏បានរិះគន់ការឃោសនារបស់គណបក្សនយោបាយមួយចំនួននាពេលកន្លងមកដែរថា បានបង្កការរំខាន និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ លោក គង់ មុនិកា និយាយថា៖ «យើងឃើញហើយបោះឆ្នោតម្ដងៗ ការឃោសនារបស់គណបក្សនយោបាយមានទំហំខុសគ្នាឆ្ងាយណាស់។ ជាក់ស្ដែងគណបក្សកាន់អំណាចមានលុយច្រើនប្រមូលមនុស្សមកកកស្ទះពេញទីក្រុង ពេញខេត្ត ទីប្រជុំជន។ ចាយលុយក្នុងការឃោសនា ហើយមិនដឹងថា លុយនោះមានតម្លាភាពកម្រិតណា? ចំណែកគណបក្សណាគ្មានថវិកា ធ្វើទៅតាមលទ្ធភាពអ៊ីចឹងទៅ!»។
សម្រាប់លោក សុខ ឥសាន គណបក្សថ្មីៗដែលយកខ្លួនមកធៀបជាមួយគណបក្សប្រជាជនដែលជាបក្សចាស់វស្សា គឺជារឿងមិនសមទំនងទាល់តែសោះ ព្រោះគណបក្សលោកមានអ្នកគាំទ្រច្រើន និងយូរឆ្នាំមកហើយ ហើយគណបក្សទៀតសោតក៏មានរបៀបចាត់ចែងថវិកា និងស្វែងរកប្រភពថវិកាដែរ។
លោក គង់ មុនិកា ក្នុងនាមតំណាងគណបក្ស ៣ ផ្សេងទៀត ចង់ឃើញការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោតធ្វើឡើងដោយស្មើភាព យុត្តិធម៌ និងត្រឹមត្រូវដូចដំណើរការបោះឆ្នោតដែរ បើពុំដូច្នោះទេ រកភាពស្មើគ្នាមិនឃើញទេ។
សូមជម្រាបជូនថា មាត្រា ២៨ នៃច្បាប់ស្ដីពីគណបក្សនយោបាយបានចែងថា រដ្ឋអាចផ្ដល់ប្រាក់ពីថវិកាជាតិស្មើៗគ្នាដល់គ្រប់គណបក្សនយោបាយ សម្រាប់ប្រើប្រាស់តែក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ប៉ុន្តែគណបក្សនយោបាយណាដែលមិនទទួលបានសន្លឹកឆ្នោតគាំទ្រ ៣ ភាគរយនៃសន្លឹកឆ្នោតបានការសរុបនៅទូទាំងប្រទេស ឬមិនទទួលបានអាសនៈ ១ ក្នុងរដ្ឋសភា ត្រូវសងប្រាក់នោះគ្រប់ចំនួនទៅរដ្ឋវិញក្នុងរយៈពេល ៣ ខែយ៉ាងយូរ ចាប់ពីថ្ងៃប្រកាសលទ្ធផលជាស្ថាពរនៃការបោះឆ្នោត។
ចំពោះប្រភពចំណូលរបស់គណបក្សនយោបាយ ដែលស្របច្បាប់ត្រូវមានប្រភពមកពីវិភាគទាន ឬភាគទានរបស់សមាជិក ឬចំណូលផ្សេងៗ ដែលមកពីការធ្វើអាជីវកម្មស្របច្បាប់របស់គណបក្សនយោបាយ ក៏ដូចជាអំណោយរបស់ក្រុមហ៊ុនឯកជនខ្មែរ ឬសប្បុរសជនខ្មែរជាដើម។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយថ្លែងនៅថ្ងៃទី ៤ ខែកញ្ញាថា យន្តការនៃការប្រើប្រាស់ថវិកាគឺជាចំណុចមួយដ៏មានសក្តានុពលក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយគណបក្សកាន់អំណាចមានលទ្ធភាពច្រើនជាងគេ ក្នុងការប្រើប្រាស់ថវិការនេះ ដោយបានមកពីបុគ្គល ឬមកពីសមាជិករបស់គណបក្ស។
លោកបានថ្លែងបន្តថា ចំពោះការស្នើសុំឱ្យមានកំណត់ការប្រើប្រាស់កញ្ចប់ថវិកា ក្នុងពេលឃោសនាបោះឆ្នោតនេះ គួរតែមានច្បាប់គ្រប់គ្រងថវិការបស់គណបក្សដែលនៅពេលនេះ គណបក្សកាន់អំណាចមិនអាចយកថវិកាពីសមាជិកខ្លួនយកទៅប្រើប្រាស់តាមចិត្តបាននោះទេ។
លោកបានថ្លែងថា៖ «ដើម្បីឱ្យមានការស្មើភាពក្នុងការប្រើប្រាស់កញ្ចប់ថវិកាសម្រាប់ឃោសនាបោះឆ្នោតនោះគួរតែតាក់តែងច្បាប់ ១ និយាយពីការគ្រប់គ្រងថវិការបស់គណបក្សនយោបាយ តែយ៉ាងណាបើសិនជាធ្វើច្បាប់នេះ ក៏វាជាឧបសគ្គសម្រាប់គណបក្សកាន់អំណាចក្នុងការចាយវាយថវិកាដែរ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ កញ្ញាថាករណីនេះប្រហែលជាមានការលំបាក ដោយសារតែគណបក្សនីមួយៗមានធនធានហិរញ្ញវត្ថុខុសៗគ្នាទៅតាមធនធានរបស់សមាជិកគណបក្ស និងធនធានរបស់គណបក្សផ្ទាល់ ហើយសូម្បីតែនៅសហរដ្ឋអាមេរិក ក៏មានការប្រកួតប្រជែងគ្នាពីការប្រមូលមូលនិធិ ដើម្បីបម្រើដល់ការឃោសនាបោះឆ្នោតដែរ។
លោកថ្លែងថា៖ «ដូច្នេះ ការកំណត់លក្ខខណ្ឌថវិការបស់គណបក្សនយោបាយ ខ្ញុំគិតថា វាលំបាក ក៏ប៉ុន្តែវាអាចបែបនេះថា គឺគណបក្សនយោបាយមិនត្រូវប្រើប្រាស់មធ្យោបាយ ឬក៏ថវិកាជាតិយកទៅបម្រើគណបក្ស អាហ្នឹងប្រហែលជាអាចទៅរួច។ គណបក្សខ្លះគាត់មានការគាំទ្រច្រើនសមាជិកគាត់មានធនធានច្រើន ដូច្នេះគេក៏ជួយគណបក្សច្រើនតាមហ្នឹងដែរ។ ប៉ុន្តែបើសិនជាកម្រិតថា ឱ្យគណបក្សនយោបាយត្រូវតែកម្រិតថវិកាប៉ុណ្ណេះប៉ុណ្ណោះ សម្រាប់ឃោសនា ប្រហែលជាទៅមិនរួចទេ»៕ រាយការណ៍បន្ថែមដោយ រី សុចាន់