​ភ្នំពេញៈ​​ អគ្គ​នាយក​ដ្ឋាន​ការពារ​អ្នក​ប្រើប្រា​ស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (​ក​.​ប​.​ប​.)ប្រកាស​ឱ្យ​នាំចូល និ​ង​ចែក​ចាយ​ឡើង​វិញ​នូវ​ផលិត​ផល​ម្សៅ​លាប​ទារក និង​កុមារ​ជាង ១០ ​ប្រភេទ​ដែល​​ត្រូវ​បាន​ផ្អាក​បណ្ដោះ​អាសន្ន​ បន្ទាប់​ពី​ទទួល​បាន​លទ្ធ​ផល​ពី​មន្ទីរ​ពិសោធន៍​ប្រទេស​អូស្ត្រាលី​ថា​ ផលិត​ផល​ទាំង​នោះ​មិន​មាន​សារ​ធាតុ​អាស​បេ​ស្តូ​ស​នោះ​ទេ​។​

​កាល​ពី​ថ្ងៃទី​ ២៣ ខែ​សីហា អគ្គ​នាយក​ដ្ឋាន ​ក​.​ប​.​ប​. បាន​ជូន​ដំណឹង ​និង​ដាក់ចេញ​នូវ​វិធាន​ការ​ការផ្អាក​ជា​បណ្តោះ​អាសន្ន​ការនាំ​ចូលនិង​ចែក​ចាយ​ផលិត​ផល​ម្សៅ​លាប​ទារក និង​កុមារ​ចំនួន​ ១២ ​លេខ​កូដ ឬ​ ១២ ​ប្រភេទនៅក្នុង​ទីផ្សារ ទូទាំង​ប្រទេស ក្រោយ​ពីមាន​ការ​សង្ស័យ​ថា មាន​វត្ត​មាន​សារ​ធាតុ​អាស​បេ​ស្តូ​ស ​(Asbe​stos)​។

​អគ្គ​នាយ​កដ្ឋាន ក​.​ប​.​ប​. បាន​​អះអាង​នៅក្នុង​សេចក្តីជូន​ដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃទី​ ៥ កញ្ញា​ថា ​បន្ទាប់​ពី​បាន​បន្ត​ការ​ពិនិត្យ និង​វិភាគ​យ៉ាង​ល្អិត​ល្អន់​លើ​គំរូ​ផលិត​ផល​ក្រោម​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នៃ​ប្រទេស​អូស្ត្រា​លី អគ្គ​នាយក​ដ្ឋាន ក​.​ប.ប​. សូម​ប្រកាស​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​អាច​នាំចូល​និង​ចែក​ចាយ​ឡើង​វិញ​នូវ​ផលិត​ផល​ម្សៅ​លាប​សម្រាប់​ទារក​ និង​កុមា​រទាំង​ ១២​ លេខ​កូដ ​ឡើង​វិញ​។​

​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​នេះ ​អគ្គនាយក​ដ្ឋាន ក​.​ប​.​ប​. បញ្ជាក់​ថា វិធី​សាស្ត្រ​វិភាគ​រក​សារ​ធាតុ​អាស​បេ​ស្តុ​ស (Asbestos) ដែល​មន្ទីរ​ពិសោ​ធន៍​អគ្គនាយក​ដ្ឋាន​ ក​.​ប​.​ប​. យក​មក​អនុវត្ត ត្រូវ​បាន​ផ្ដល់ និង​បណ្ដុះ​បណ្តាល​ដោយ​ក្រុម​អ្នក​ជំនាញ​នៃ​ប្រទេស​អូស្ត្រាលី ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឧប​ករណ៍ polar​ized Light Micro​scopy ​(PLM)​។​

​ស្ថាប័ន​ដដែល​នេះបាន​បន្ត​ថា តាម​គោល​ការណ៍​នេះ ​សារ​ធាតុ​អាស​បេ​ស្តុ​ស និង​សារធាតុ​រ៉ែ​ដែល​ស្រដៀង​អាស​បេ​ស្តុ​ស (Asbe​stos​ look like minerals) ដែល​មាន​នៅក្នុង​ម្សៅ​តាល់​ស៍ អាច​ត្រូវ​បាន​កំណត់​រកឃើញ​ដូចគ្នា​ ដែល​តម្រូវ​ឱ្យ​មានកា​រ​វិភាគ ដោយ​ប្រើ​វិធី​សាស្ត្រ​ដែល​មាន​លក្ខណៈ​ទំនើប ​និង​ជាក់​លាក់​ជាង​នេះ​បន្ថែម​ទៀត​។

​ដូច្នេះ​ដើម្បី​ធានា​បាន​នូវ​លទ្ធ​ផល​ជាក់​លាក់ ​អគ្គ​នាយក​ដ្ឋានក​.​ប​.​ប​.បាន​ស្វែង​រក​ជំនួយ​ពី​ស្ថាប័ន​ OCCSAFE Australia ដើម្បី​បញ្ជូន​សំណាក​គំរូ​ដែល​សង្ស័យ​ទាំង​នោះ ​ទៅ​វិភាគ​នៅ​មន្ទីរពិ​សោធន៍ ​COHLABS នៃ​ប្រទេសអូ​ស្ត្រាលី ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​ ព្រោះ​ជា​មន្ទីរ​ពិសោធន៍​ភាគី​ទី​៣ មានការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​។​

​អគ្គ​នាយក​ ក​.​ប​.​ប​. បាន​សង្កត់​ធ្ងន់​ថា​៖ «​មន្ទី​រពិសោធន៍ ​COHLABS បាន​ដំណើរ​ការ​វិភាគដោយ​ប្រើ​ប្រាស់​វិ​ធី​សាស្ត្រ Trans​mis​sion​ Electron Micro​scopy (TEM) ដែលជា​បច្ចេក​ទេស​ទំនើ​ប និង​បាន​បង្ហាញ​លទ្ធ​ផល​ថា​ សំណាក​គំរូ​ទាំង ១២ នៃ​ផលិត​ផល​ម្សៅ​លាប​ទារក និ​ង​កុមារ​ មិន​ត្រូវ​បាន​រកឃើញ​មាន​សារធា​តុ​អា​សបេស្តុ​ស​»​។

​លោក ​ផាន អូន ប្រតិភូ​រាជរដ្ឋាភិ​បាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន ក.ប.​ប. ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៥ កញ្ញា​ថា អា​ណា​ព្យា​បាល និង​ឪពុក​ម្តាយ​ អាច​ប្រើ​ប្រាស់​ផលិត​ផលទាំង ១២​ ប្រភេទ​នេះបាន​ធម្មតា​វិញ​ ព្រោះ​ផ​លិត​ផល​ទាំង​នោះ​ ត្រូវបាន​បញ្ជាក់​ច្បាស់​ហើយថា​ មិន​មាន​ផល​ប៉ះពាល់​​នោះទេ​។

បន្ថែម​ពីនេះ លោកបាន​បញ្ជាក់​ថា វិធាន​ការ​ដែល​បាន​អនុវត្ត​កន្លង​មក​នេះគឺ​គ្រាន់តែ​ជា​វិធាន​ការបង្ការ​ជាមុន ដោយហេតុ​ថា សារ​ធាតុ​អាស​បេស្ដុសដែល​អាច​មាន​នៅក្នុង​ម្សៅ​តាល់​ស៍ ​(Talcum Powder) គឺជា​សារ​ធាតុ​គ្រោះ​ថ្នាក់ និង​ជា​ការ​ព្រួយ​បារម្ភ​សកល ដែល​ចាំ​បាច់​តម្រូវ​ឱ្យមា​ន​ភ័ស្តុ​តាង​វិទ្យា​សាស្ត្រ​បញ្ជាក់​ឱ្យបាន​ត្រឹម​ត្រូវ និង​ច្បាស់​លាស់​។​

​លោកបាន​ថ្លែង​ថា​៖ «​បាទ​ត្រូវ​ហើយ ក្មេងៗ ឬ​ទារក ដែល​ទម្លាប់​ប្រើ​ប្រាស់​ផលិត​ផល​ទាំង​នេះ ​អាច​បន្ត​ប្រើប្រា​ស់​បាន​ជា​ធម្មតា​វិញ ព្រោះ​ព័ត៌​មាន​ទាំង​អស់​ដែល​យើង​ទទួល​បាន​ពី​មន្ទីរ​ពិសោធន៍​របស់​ប្រទេស​អូស្ត្រា​លី គឺ​ល្អ​ទាំង​អស់​។ យើង​ឃើញ​លទ្ធ​ផល​ល្អ​ពី​មន្ទីរ​ពិសោធន៍​របស់​គេ ព្រោះ​ពួកគេ (TEM) បាន​ប្រើ​ប្រាស់​ឧបករណ៍​ទំនើប​ជាង​យើង ហើយ​មន្ទីរ​ពិសោធន៍​របស់​យើង ពិនិត្យ​ឃើញ​បែប​នេះ ព្រោះ​តែ​ប្រភេទ​សារធាតុ​រ៉ែ​ដែល​ប្រើ​ប្រាស់​ក្នុង​ម្សៅ មាន​ភាព​ស្រ​ដៀងនឹង​អាស​បេ​ស្តុ​ស​»​។​

​ជា​មួយ​នឹង​ការអះ​អាង​នេះ លោក ​ផាន អូន ក៏​​បានបញ្ជាក់​​ដែរ​ថា អគ្គ​នាយក​ដ្ឋាន​ ក​.​ប​.​ប​. នឹង​នៅតែ​បន្ត​តាម​ដាន ​និង​ស្រាវ​ជ្រាវ​ករណីនេះ​ដោយ​សហ​ការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័​ន្ធ​បន្ថែម​ទៀតដើម្បី​ធានា​ថា រាល់​ផលិត​ផល​ដែល​កំពុង​ចរាចរ​ចែក​ចាយ​លើ​ទីផ្សារ មាន​​អនុ​លោម​ភាព​ស្រប​តាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ​។

​លោកអំពាវ​នាវ​បន្ថែម​ថា​៖ «​សូម​សា​ធារ​ណជន និង​ធុរកិច្ច​ទាំងអ​ស់ បន្ត​ទទួល​យក​ផលិត​ផល​ទាំងនោះ​​សម្រាប់​គោល​ដៅ​អាជីវក​ម្ម និង​ប្រើប្រា​ស់​ក្នុង​គោល​បំណង​ផ្សេងៗ​តាម​តម្រូវ​ការ​រៀងៗ​ខ្លួន​។ យើង​អរគុណ​ចំពោះ​បងប្អូន​ប្រជា​ពលរដ្ឋ និង​ធុរជន​ពាក់ព័​ន្ធ ដែល​បាន​ចូលរួម​សហ​ការ​ជាមួយ ក​.​ប​.​ប​. ដើម្បី​បង្ការ​ជាមុន​នូវ​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ​ដល់​សុ​ខុ​មាល​ភាព​របស់​អ្នក​ប្រើ​ប្រាស់​»​។​

​បើតាម​ការ​ប្រកាស​រប​ស់អគ្គ​នាយក ក​.​ប​.​ប​. បាន​ឱ្យដឹង​ថា​ សារធាតុ​អាស​បេ​ស្តុ​ស គឺជា​ពពួក​សា​រធាតុ​គីមី​គ្រោះថ្នាក់​ដល់​សុខភាព​ម្យ៉ាង​ ដែល​មាន​ផ្ទុក​នៅក្នុង​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ដូចជា ស៊ីម៉​ងត៍ ក្បឿង ហ្វ៊ី​ប្រូ​ស៊ីម៉ង​ត៍ និង​ពិតាន​ម្នាង​សិលា ​ជាដើម​។ សារ​ធាតុ​អាស​បេ​ស្តុ​ស មិនត្រូវ​បាន​អនុញ្ញាត​​ឱ្យមា​ន​វត្តមាន​នៅក្នុង​ផលិត​ផល គ្រឿង​សម្អាង​នោះ​ទេ ​ខណៈ​វត្ត​មាន​នៃ​សារធាតុ​នេះ អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខ​ភាព​មនុស្ស ​ជាពិសេស​អាច​បណ្ដាលឱ្យ​កើត​ជំងឺ​មហារីក​​។

​ប្រភព​ពី​ក្រុម​ហ៊ុន ​DKSH​ បាន​ឱ្យដឹ​ងថា យោងទៅតាម​លទ្ធផល​នៃ​ការវិភា​គដែល​ត្រូវ​បាន​ធ្វើឡើ​ង​ដោយ ​ក​.​ប​.​ប​. ​តាម​រយៈ​មន្ទីរ​ពិសោធន៍​និង​សេចក្តី​ប្រកាស​ដោ​យ ក​.​ប​.​ប​.​ នៅ​ថ្ងៃទី ​៥ ​ខែកញ្ញា​ ដែលបា​នបង្ហាញ​យ៉ាង​ច្បាស់​ថា ផលិត​ផល​ម្សៅ​ទារក​ទាំង​អស់​គ្មាន​បង្ក​គ្រោះ​ថ្នាក់​ណាមួ​យ​នោះ ក្រុមហ៊ុន ​DKSH​ ត្រូវបាន​ផ្តល់​សិទ្ធិ​ឱ្យ​នាំ​ចូល និង​ចែក​ចាយ​ផលិត​ផល​ទាំង​នេះ​ឡើង​វិញ​។​

​អ្នក​ស្រី ពុំ ​ពេញ អាណា​ព្យាបា​ល​ម្នាក់​ដែល​តែង​តែ​ប្រើ​ប្រាស់​ម្សៅ​ហុយ​សម្រាប់​កូនៗ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៥ កញ្ញា​ថា អ្នក​ស្រីបាន​ផ្អាក​ប្រើ​ប្រាស់​ផលិត​ផល​ម្សៅ​ហុយ​នេះ​លើ​កូន​អ្នក​ស្រី ​បន្ទាប់​មាន​ការ​ប្រកាស​ពី​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​។

អ្នក​ស្រី​បាន​បន្តថា​ ការសម្រេច​ចិត្ត​ផ្អាក​នេះ ព្រោះតែ​ពិនិត្យ​ឃើញថា​ ផលិត​ផល​ដែល​អ្នកស្រី​ប្រើ​សម្រាប់​កូន គឺ​មាន​ក្នុង​ចំណោម​ផលិត​ផល​ដែល​ត្រូវបាន​ប្រកាស​ថា មានការ​សង្ស័យ​មាន​សារ​ធាតុ​គីមី​នេះ​។

​​

​យ៉ាង​ណាក្ដី​ អ្នកស្រី​បាន​អះអាង​ប​ន្តថា នៅ​ពេល​បាន​ទទួល​ព័ត៌មាន​ថ្មី​ពីអគ្គនា​យកដ្ឋាន ក​.​ប​.​ប​. អំពី​ការអ​នុញ្ញាតឱ្យ​ប្រើ​ប្រាស់​វិញ អ្នក​ស្រីនឹង​បន្ត​ប្រើប្រា​ស់​វិញ ដោយ​សង្ឃឹមថា​ ការប​ន្ត​ប្រើ​របស់ខ្លួនគឺ​ពិតជា​មិន​មាន​ហានិ​ភ័យ​ដូច​កា​រប្រកាស​របស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​នេះ​។

​អ្នកស្រី ពុំ ពេញ បាន​លើក​ឡើង​ថា​៖«​នៅពេលមាន​ការប្រកាស​​ជាថ្មី ខ្ញុំលែងមាន​ការព្រួយបា​រម្ភ​វិញ យើង​លាប​ដោយ​មាន​ទំនុកចិត្ត ព្រោះ​កន្លង​ទៅ ​យើង​បារម្ភ​ថា កូន​យើង​កើត​ជំងឺ​នេះ ជំងឺ​នោះ​អី​អ៊ីចឹង​ទៅ​។ យ៉ាង​ណា​ចំពោះ​ការប្រើ​ប្រាស់​ម្សៅ​ហុយ​នេះ ខ្ញុំមិន​ហ៊ាន​បញ្ចេញ​យោប​ល់​ទៅកាន់​ម៉ាក់​ប៉ា​គេ​ផ្សេង​ថា គួរ​បន្ត​ប្រើឬ​មិន​ប្រើ​ទេ​។ ខ្ញុំយល់​ថា ការប្រើ​មិន​ប្រើ គឺ​អាស្រ័យ​លើ​ការ​មើល​ឃើញ​របស់​គាត់ គំនិត​របស់​គាត់​»​។​

​លោក ​ហែ​ន ភារៈ វេជ្ជប​ណ្ឌិត​ផ្នែក​ផ្លូវ​ដង្ហើម និង​ផ្នែក​សើស្បែក បាន​និយាយ​ថា សម្រាប់​លោកជា​អ្នក​ជំនាញ ​លោកនៅតែ​ជឿ​ទៅលើ​មន្ទីរ​ពិសោធ​ន៍​របស់​ក​ម្ពុ​ជា​ទៅលើ​ការរក​ឃើញ​ពី​សារ​ភាព​គីមី​នេះនៅក្នុង​ផលិត​ផល​មួយ​ចំនួន​ ព្រោះ​លោកមើល​ឃើញ​ថា នៅ​ក្នុ​ង​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹងមាន​ផលិត​ផល​ក្លែង​ក្លាយ ​និង​ការ​ផលិត​នៅក្នុង​ប្រទេសជិត​ខាង​ ដែល​ស្របតា​ម​ស្តង់​ដា​របស់​ក្រុមហ៊ុន​ទាំងនោះ​។

​ជាមួយ​នឹង​យល់​ឃើញ​ដូច​នេះ ​លោកនៅតែ​ទទូច​ឱ្យ​អាណា​ព្យាបា​ល​ទាំង​អស់ ​ចូល​ប្រើប្រាស់​ផលិត​សម្រាប់​ទារក​ និង​កុមារ​ប្រកប​ដោយ​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ​ជាពិសេស ​គឺ​ការប្រើ​ប្រាស់​ម្សៅ​ហុយ​ដោយ​ចៀស​មិនបាន​ ខណៈ​លោក​ គាំទ្រ ឱ្យ​មាន​ការ​ចាត់វិ​ធានកា​រ​ក្នុង​ការ​ចុះ​ស្រាវជ្រា​វ​ផលិត​ផល​ទាំងនេះ​លើ​ទីផ្សារ​បន្តទៀ​ត​។

​លោកបាន​បញ្ជាក់​ថា​៖ «​ម្សៅ​ហុយ លោកគ្រូ​ពេទ្យ គាត់មិ​ន​ចូល​ចិត្ត​ឱ្យប្រើ​ទេ ប៉ុន្តែ​ដោយសា​រ​ម្សៅ​ហ្នឹងធ្វើ​ឱ្យ​ស្ងួត​ចំពោះ​ក្មេងដែលមា​ន​ស្បែក​សើមដែល​ងាយ​រលាក និង​ងាយ​ប្រតិក​ម្ម​។ អ៊ិ​ចឹ​ង​យើង​អាច​ប្រើ​ក្រណាត់​ដែល​ស្ងួត​ជូត​​ជំនួស​ឱ្យ​ប្រើ​ម្សៅ​បាន តែបើ​ចៀស​ប្រើ​មិនបានយើងប្រើ​ត្រូវ​ប្រយ័ត្ន​ដោយ​ចៀស​វាង​ចូល​ផ្លូវ​ដង្ហើម ក៏ដូច​ថ្ពាល់ ថ្ងាស ដោយ​យើង​ប្រើ​លាប​តិចៗ​កន្លែង​សើម​បាន​»៕