ភ្នំពេញៈ ប្រព័ន្ធ​លូនិង​ប្រឡាយ​ចាស់ៗ​មួយ​ចំនួន​បាន​ចាស់ទ្រុឌ​ទ្រោម និង​គោក​រាក់​ដោយ​សារ​តែ​ល្បាប់ភក់​ និង​ការចាក់​ដី​លុប​ទន្ទ្រាន​កាន់​កាប់​ចំណី​ប្រឡាយ​​ផ្លូវទឹក​ដោយ​ខុស​ច្បាប់​ពីបុគ្គល​មួយ​ចំនួន​គឺ​ជាដើម​ហេតុ​ដែល​បាន​ធ្វើ​​ឱ្យ​ផ្នែក​ខ្លះ​នៃ​រាជ​ធានី​ភ្នំពេញ​​ត្រូវទឹក​ជន់លិច​​នៅពេលដែល​​មាន​ភ្លៀងធ្លាក់ខ្លាំង​ម្តងៗ។

ការ​លិច​ល​ង់ដោយ​ជំនន់​ទឹក​ភ្លៀង​នៅក្នុង​រាជ​ធានី​ភ្នំពេញ​នេះ ថ្វីដ្បិត​តែមាន​រយៈពេល​ខ្លី បើធៀប​ទៅ​នឹង​បណ្ដា​ខេត្ត​នានា​នៅទូទាំង​ប្រទេស ប៉ុន្តែ​វាបាន​ជះឥទ្ធិពល​ជាអវិជ្ជមាន​ដល់​គ្រប់​វិស័យ​ ជាពិសេស វិស័យ​​សេដ្ឋ​កិច្ច និង​សង្គម​។

ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ អាជ្ញាធរ​រាជធានី​ភ្នំ​ពេញ ក្រោម​ជំនួយ​ឥត​សំណង​ពីប្រជា​ពលរដ្ឋ និង​រាជ​រដ្ឋា​ភិបាល​ជប៉ុន​ តាមរយៈទីភ្នាក់​ងារ​​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន (JICA) បានធ្វើ​ការស្ដារ​និង​ជួស​ជុល​កែលម្អ​ប្រព័ន្ធ​លូនិង​ប្រឡាយដែល​ចាស់​ទ្រុឌ​ទ្រោម​ទាំង​នោះ​ឡើង​វិញ​ជាបន្ត​បន្ទាប់ ដើម្បី​ការពារ​និង​កាត់​បន្ថយ​ហានិ​ភ័យ​​ទឹក​ជន់​លិច​នៅ​ពេល​ដែល​មាន​ភ្លៀង​ខ្លាំង​។

ចាប់​តាំង​ពីឆ្នាំ​ ១៩៩៨ ​មក រដ្ឋបាល​រាជធានី​ភ្នំពេញ​និង JICA បាន​សហការ​រួម​គ្នា​អនុវត្ត​គម្រោង​ការពារ​ទឹក​ជំនន់​និង​ការ​កែលម្អ​ប្រព័ន្ធ​ប្រឡាយ-លូ បាន​ចំនួន ​៤​ ដំណាក់​កាល​រួចមក​ហើយ ដោយ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ-លូ ជាច្រើន​គ្រប​ដណ្តប់​លើ​តំបន់​អាគ្នេយ៍ ឦសាន និង​ផ្នែក​កណ្តាល​នៃរាជធានី​ភ្នំពេញ ដោយ​បញ្ចៀស​បាន​នូវ​ការ​លិច​លង់​ធ្ងន់​ធ្ងរនៅ​រដូវវស្សា។ ក្នុង​នោះ​គម្រោង​ការពារ​ទឹក​ជំនន់​​និងការកែលម្អ​ប្រព័ន្ធ​ប្រឡាយ-លូ​ដំណាក់​កាល​ទី៤ ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ​កាលពី​ថ្ងៃ ១៧ ខែ កញ្ញា ឆ្នាំ​ ២០២១ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់ ៣៦ ​លាន​ដុល្លារ​អាមេ​រិក។

បច្ចុប្បន្ន រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ និង JICA កំពុង​សហការ​គ្នា​សិក្សា​អំពី​លទ្ធភាព​នៃការ​អនុវត្ត គម្រោង​ការពារ​ទឹក​ជំនន់​និង​ការ​កែលម្អ​ប្រព័ន្ធ​ប្រឡាយ-លូ ដំណាក់​កាល​ទី៥ ដែល​គ្រប​ដណ្តប់​លើភាគ​និរតី​​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ដោះ​ស្រាយ​បញ្ហាជំនន់​ទឹក​ភ្លៀង​នារ​ដូវវស្សា ខណៈ​ប្រឡាយ​បឹងបួ​មួយ​ចំនួន​​ក្នុងតំបន់​នេះ​ត្រូវបាន​ចាក់​ដី​លុបដើម្បី​អភិវឌ្ឍសំណង់​លំនៅ​ឋាន។ នេះបើ​តាម​លោក ម៉េត មាសភក្ដី អ្នកនាំ​ពាក្យ​​រដ្ឋបាល​រាជ​ធានី​ភ្នំ​ពេញ។

​លោក​បាន​និយាយ​ថា តាម​រយៈកិច្ច​ប្រជុំ​ពិភាក្សា​ រវាង​ក្រុម​មន្ត្រី​ជំនាញ​នៃអង្គភាព​ពាក់​ព័ន្ធ របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ និង JICA កាលពី​ពេលថ្មី​ៗ​កន្លង​ទៅ​នេះ គម្រោង​ការពារ​ទឹក​ជំន​ន់​និង​ការ​កែលម្អ​ប្រព័ន្ធ​ប្រឡាយ-លូ ​ដំណាក់​កាល​ទី៥ អាច​នឹង​ត្រូវ​អនុវត្ត​នៅ​លើទីតាំង​តំបន់​ជម្រាល (Catchment Areas)​ចំនួន​ ៩ ក្នុង​ចំណោម​តំបន់​ជម្រាល​សរុប​ចំនួន​ ២៧ ​ទីតាំង ដែល​មាន​នៅក្នុង​ផែន​ការ​មេរបស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំ​ពេញ​។ តំបន់​ជម្រាល​ទាំង​៩ ​ទីតាំង​នោះ គឺស្ថិត​នៅភាគ​និរតី​​រាជ​ធានី​ភ្នំ​ពេញ​។

លោក​ មាស​ភក្ដី បាន​បញ្ជាក់​ថា៖ «បច្ចុប្បន្ន គម្រោង​នេះកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃការ​សិក្សា​ពីផល​ប៉ះ​ពាល់​នៅឡើយ​»។

លោក​បាន​បន្ត​ថា ស្រប​ពេល​ដែល​គម្រោង​កំពុង​ស្ថិត​ក្រោម​ការ​សិក្សា​នៅឡើយ​នោះ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាន​អនុវត្ត​វិធាន​ការ​​ចាំបាច់​​និង​បន្ទាន់​មួយ​ចំនួន ដើម្បី​ឆ្លើយ​តប​ចំពោះ​ស្ថាន​ការណ៍គ្រោះជំ​នន់​ទឹក​ភ្លៀង ដែល​កំពុង​កើត​មាន​នៅក្នុង​ផ្នែក​ខ្លះ​នៃរាជធានី​នេះ​នាពេល​បច្ចុប្បន្ន។ក្នុង​នោះ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាន​រៀបចំ​ដំឡើង​ម៉ាស៊ីន​បូមទឹក​​នៅតាម​ស្ថានីយបូម​ទឹក​ទាំង ១៥​ ទីតាំង និង​ប្រើប្រាស់​រថយន្ត​បូម​លូ​ចំនួន​ ១០​ គ្រឿង​ ដើម្បី​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ក្នុង​សង្កាត់​បឹង​ទំពុន និង​ទីតាំង​រង​ការ​ជន់​លិច​ដោយ​សារ​​ទឹកភ្លៀង​នា​រដូវ​វស្សា​នេះ។

លោក​ មាស​ភក្ដី និយាយ​ថា​៖ «ក្រៅពីនេះ​រដ្ឋបាល​រាជ​ធានីភ្នំពេញ​យើង​ក៏បាន​ធ្វើការ​ជីកស្ដារ​និងអភិវឌ្ឍ​ពង្រីក​ប្រព័ន្ធ​បណ្ដាញ​លូ និង​ប្រឡាយ​ទឹក​មួយ​ចំនួន​ទៀតនិង​បានរៀបចំ​ស្ថានីយ​អាងស្តុក​ទឹក និង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ថ្មីមួយ​ទៀត​នៅក្នុង​សង្កាត់​បឹង​ទំពុនដោយ​បាន​បំពាក់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ ដែលមា​ន​សមត្ថ​ភាព​បូម​រំដោះ​ទឹក​បាន​ដល់​ទៅ​ជាង​ ៣០ ម៉ែត្រ​គុប​ ក្នុង​ ១ ​វិនាទី​»។

ថ្វី​បើ​យ៉ាង​ដូច្នេះ​ក្ដី លោក ភក្ដី​ បាន​អំពាវ​នាវដល់​ប្រជាពលរដ្ឋ ដែលរស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​អស់ ជា​ពិសេស​អ្នករស់​នៅ​ក្នុង​តំបន់ ដែល​ងាយ​ប្រឈម​ជំនន់​ទឹក​ភ្លៀង ចូលរួម​សម្អាត​បរិស្ថាន ដោយ​ជួយ​ប្រមូលសំរាម​ និង​ថង់ប្លាស្ទិក​ចេញពី​មាត់​លូ​ និង​ប្រឡាយព្រោះកាក​សំណល់​ សំរាម និង​ប្លា​ស្ទិក​ទាំង​នោះ អាច​បង្កឱ្យ​កក​ស្ទះ​លំហូរ​ទឹក បង្កើត​ជា​ជំនន់​ទឹក​ភ្លៀង​រយៈ​ពេលយូរ​នៅ​ក្នុង​សហ​គមន៍។

ជុំវិញ​ការអំពាវ​នាវ​នេះ អ្នក​ស្រី សក់ សុផារី អាយុ​ ៤៧ ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ​២ ខណ្ឌមាន​ជ័យ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា បន្ទាប់​ពី​អាជ្ញាធរ​បាន​ធ្វើ​ការស្ដារនិង​ពង្រីក​ប្រឡាយ​ និងបំពាក់​ម៉ាស៊ីន​បូមទឹក​ចំនួន​ ៥ ​គ្រឿង​បន្ថែម​ទៀត​នៅស្ថានីយបូម​ទឹក​បឹង​ទំពុនរួច​មក​ឃើញ​ថា ភ្លៀង​ល្មមៗ​មិន​បង្កការ​ជន់​លិច​ដូច​កាល​ពីមុ​នទៀត​ទេ។​​

អ្នក​ស្រី​បាន​ថ្លែង​ថា៖ «​កាល​ពីមុនឱ្យតែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ត្រឹម​តែ​ ២-៣ ម៉ោង ផ្ទះខ្ញុំ​ដឹងតែ​ពីលិច​ហើយ​ពេល​ខ្លះ​មាន​ទាំង​សំរាមថង់ប្លា​ស្ទិក​ហូរ​ចូល​ពេញ​ក្នុង​ផ្ទះទៀ​តផង។ ប៉ុន្តែ​ឥឡូវនេះ​ផ្ទះខ្ញុំ​លែង​លិច​ដូច​មុន​ទៀត​ហើយ ទោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​ណាក៏​ដោយ​»។

ចំណែក អ្ន​ក​ស្រី ហេង ស្រីឡា អាយុ​ ៤២ ឆ្នាំ រស់នៅ​​សង្កាត់​សាក់​សំពៅ ខណ្ឌ​ដង្កោ បាន​ប្រាប់​ ភ្នំពេ​ញ​ ប៉ុស្តិ៍ថា កន្លង​មក​នៅ​ក្នុង​ខែ​សីហា ទឹក​បានជន់​លិច​ផ្នែក​ខ្លះនៅក្នុង​ភូមិ​របស់​អ្នក​ស្រី​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ ២០២២​ នេះ នៅ​មិន​ទាន់​មាន​ទឹក​ជន់​លិច​នោះ​ទេ ព្រោះ​អាជ្ញាធរ​ជំនាញ​បាន​ជីក​ស្ដារ​ពង្រីក​ប្រឡាយ ព្រម​ទាំង​លើក​ខ្នង​ទំនប់​ធំ និង​ខ្ពស់​​ជាង​មុន​។

អ្នកស្រី​និយាយ​ថា៖ «តាម​រយៈ​ប្រព័ន្ធ​ប្រឡាយ​និង​ខ្នង​ទំនប់ ដែល​ទើប​អភិវឌ្ឍនេះ ខ្ញុំជឿថា ​ឆ្នាំនេះ​ភូមិ​របស់​ខ្ញុំ ទំនង​ជា​មិន​លិច​ទឹក​ទៀត​នោះ​ទេ»​។

បច្ចុប្បន្ន រដ្ឋ​បាល​រាជ​ធានី​ភ្នំពេ​ញ កំពុង​អនុវត្ត​ការងារ​ជីក​ស្តារ​ប្រឡាយ ជាច្រើន​ខ្សែ ដើម្បី​សម្រួល​ដល់​លំហូរ​ទឹក ការពារ​ការ​ជន់​លិច​ក្នុង​តំបន់​ទីប្រជុំជ​ន​នៅភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ ក្នុង​នោះ​ប្រឡាយ​​ទួល​ពង្រទី១ ក្នុងសង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែល​​មានតួនាទី​យ៉ាង​សំខាន់​ក្នុងកា​រ​រំដោះ​ទឹក​ជំនន់ ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ ទៅកាន់​បឹង​ជើងឯ​ក និង​បន្ត​ហូរ​ទៅ​កាន់​ស្ទឹង​ជ្រៅ បាន​សម្រេច​ជិត​ ១០០​ ភាគរយ​​ហើយ។ នេះ​បើតាម​លោក សេង គឹម​សាន អនុប្រធាន​មន្ទីរ​សាធារ​ណការ​និង​ដឹក​ជញ្ជូន រាជ​ធានី​ភ្នំពេញ​។

លោក​ គឹម​សាន ថ្លែង​ថា​៖ «បច្ចុ​ប្បន្ន ក្រុម​ការងារ​យើង​កំពុង​បន្តស្តារ​ប្រឡាយ​បឹង​ទំពុន ដែល​មាន​ប្រវែង​​​ ៣ ៧១០​ ម៉ែត្រ​ទទឹង​ ៣០ ​ម៉ែត្រ ពីប្រឡាយ​ស្ទឹងមាន​ជ័យ​ដល់ស្ថា​នីយ​បឹង​ទំពុនផ្លូវ​ ៣៧១។​ ប្រឡាយ​​នេះ​​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ទឹ​ក​ពីប្រឡាយ​ដើម​ស្លែង ប្រឡាយ​បារាំង ពិសេស​រំដោះ​ទឹក​ពីក្នុ​ង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌ​ទួល​គោក និង ១ ​ផ្នែក​ខ្លះក្នុ​ងខណ្ឌចំការ​មន និង​ខណ្ឌ​ ៧ មករា​»។

បើតាម​លោក គឹម​សាន កាល​ពីឆ្នាំ​មុន (២០២១) ក្រុមការងារ​បាន​អនុវត្ត​ការ​ស្ដារ​ប្រឡាយ​បឹង​ត្របែក ស្ថិត​ក្នុង​ខណ្ឌចំការ​មន មាន​ប្រវែង​ជិត​ ១ ​គីឡូ​ម៉ែត្រ ពីចំណុច​​បឹងត្របែក​ដល់​ស្ថានីយ​បូមទឹក​បឹង​ត្របែក​ជាប់​ផ្លូវ ២៧១ ប្រឡាយ​បឹងហា​ដែល​មាន​ប្រវែង​ជាង ២ ​គីឡូ​ម៉ែត្រ ចាប់ពី​ស្ពាន​ថ្មផ្លូវ​ព្រៃស ដល់​ស្ថា​នីយបូម​ទឹក​លូ ៥ និង​ប្រឡាយ​ម័ល​នៅក្នុង​ភូមិ​សាស្រ្ត​​ភូមិម័ល សង្កាត់-ខណ្ឌ​ដង្កោ មាន​ប្រវែ​ង ២ ​៨១៥ ​ម៉ែត្រ ទទឺង​ចាប់ពី​ ២០ ​ម៉ែត្រ ទៅ​ ៣០ ​ម៉ែត្រ ចាប់ពី​ស្ថានីយ​បូម​ទឹក​លូ​ ៥ ដល់​ស្ថានីយ​បូម​ទឹកបឹងទំ​ពុន​បាន​សម្រេច​ជោគ​ជ័យ​ជាស្ថាពរ​។

ក្រៅ​ពី​ការ​ងារ​ស្ដារ​និង​អភិវឌ្ឍន៍​ប្រព័​ន្ធ​ប្រឡាយ​ការពារ​ទឹក​ជំនន់​នៅភាគ​ខាង​ត្បូងរាជ​ធានី​ភ្នំពេញ ​ក្រុម​ការ​ងារ​​នៃ​មន្ទីរ​សាធា​រណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក៏កំពុង​ធ្វើស​កម្មភាព​យ៉ាង​សកម្ម ក្នុង​ការ​ស្ដារ​ប្រព័ន្ធ​​​ប្រឡាយ​ការពារ​ទឹក​ជំនន់​នៅ​ភាគ​ខាង​លិច​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​ ។

លោក គឹម​សាន បាន​បន្ថែម​ថា នៅពេល​នេះ ក្រុមការងារ​ កំពុង​ជីក​ស្ដារ​ប្រឡាយ​មេ ២ ​ខ្សែ នៅ​អម​សង​ខាង​ផ្លូវ​រថ​ភ្លើង ខ្សែទី​១ ​ចាប់​ពី​ចំណុច​ផ្លូវ​ជាតិ​លេខ ​៤ តភ្ជាប់ទៅ​ប្រឡាយ​អូរលាវ ដើម្បី​បើក​មុខ​ទឹកឱ្យហូ​រ​ទៅកាន់​បឹង​ទំនប់​កប់​ស្រូវ។ ខ្សែទី២ ​តភ្ជាប់​ទៅ​ព្រែក​អូរ​ខ្សាច់ ដែល​មាន​ប្រវែង​ ១៦ ៧៩៩​ ម៉ែត្រ ស្ថិត​ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល ប្រវែង ​២ ០៤៩ ​ម៉ែត្រ និង​ខណ្ឌ​កំបូល រា​ជធានី​ភ្នំពេញ ប្រវែង ១៤ ៧៥០ ​ម៉ែត្រ ដោយ​ជីក​បើក​មុខ​ទឹក ​មាត់​លើ ២៦​ ម៉ែត្រ បាត​ក្រោម ១៧​ ម៉ែត្រ និង​ជម្រៅ ​៣​ ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ចាប់​ពី​ឃុំបែក​ចាន ក្នុង​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល បន្តមក​សង្កាត់​កំបូល សង្កាត់​ឪឡោក សង្កាត់​ស្នោក្នុង​ខណ្ឌ​កំបូល និង​ផ្នែក​ខ្លះទៀត​នៃខណ្ឌពោធិ៍​សែន​ជ័យ រា​ជធា​នី​ភ្នំពេញ ហើយ​បន្ត​ហូរចូល​ទៅក្នុង​បឹង​តាមោក​។

លោក​បាន​បញ្ជាក់​ថា​៖ «ជាមួយ​នឹង​កិច្ចខិតខំ​ប្រឹង​ប្រែង​​នេះ យើង​រំពឹង​ថា នៅក្នុង​រដូវ​វស្សាឆ្នាំនេះ ​រាជ​ធានី​ភ្នំពេញ នឹង​មិន​មាន​បញ្ហា​ប្រឈម​គ្រោះទឹ​កជំនន់​ធ្ងន់​ធ្ងរ​ដូច​កាល​ពីឆ្នាំមុនៗ​ទៀត​នោះទេ​»៕

វីដេអូ៖