បន្ទាយមានជ័យៈអគារ​មជ្ឈ​មណ្ឌល​សិក្សា​ពេញ​ ១​ ជីវិត​នៅក្រុង​ប៉ោយ​ប៉ែត បាន​បើកសម្ពោធ​កាល​ពីថ្ងៃទី​ ០២ ​កញ្ញា ដើម្បី​ផ្តល់​ការ​អប់រំ​ដល់​កុមារ​តាម​ចិញ្ចើម​ផ្លូវ កាត់​បន្ថយ​ហានិភ័យ​នៃការ​កេង​ប្រវ័ញ្ច និង​ការ​ជួញ​ដូរ​កុមារ និង​យុវជន​នៅតា​ម​ព្រំដែន​កម្ពុជា​-ថៃ។

ពិធី​សម្ពោធ​បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈ​មណ្ឌល​អង្គការ​តំណក់​ទឹក នាថ្ងៃ​ទី ០២ ខែ​ កញ្ញា ឆ្នាំ ២០២​២ ដោយ​មាន​ការ​ចូលរួម​ពីក្រសួង​អប់រំ យុវជ​ន និង​កីឡា អភិបាល​ខេត្តបន្ទាយ​មាន​ជ័យ តំណាង​ម្ចាស់​ជំនួយ និង​អង្គការ​ដៃ​គូមាន​ដូច​ជាអង្គការ​ Aide et Action (Action Education)​អង្គការ Educate A Child (EAC) និង Manos Unidas។

អគារ​សិក្សា​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​បរិ​វេណ​មជ្ឈ​មណ្ឌល​សិក្សា​ពេញ ១ ​ជីវិតថ្មី ​នៃ​អង្គការ​តំណក់​ទឹក នៅទីក្រុង​ប៉ោយ​ប៉ែត​នឹង​ផ្តល់​ការ​អប់រំ​ដោយ​ប្រើប្រាស់ កម្មវិធី​រួម​គ្នាផ្ដល់​ឱកាស​អប់រំ​ដល់​កុមារ​បាត់​បង់​ឱកាស​នៅ​កម្ពុជា​(CCOSC) គឺជាកម្មវិធីអ​ប់រំក្រៅ​ប្រព័ន្ធ​សម្រាប់​កុមារ​តាម​ចិញ្ចើម​ផ្លូវ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃការ​កេង​ប្រវ័ញ្ច និង​ការ​ជួញ​ដូរ​កុមារ និង​យុវជន​នៅតាម​ព្រំដែន​កម្ពុជា​-ថៃ។​

អគារថ្មី​នេះ មាន​បន្ទប់​រៀន​ចំនួន​ ៣ ដែល​អាច​ផ្ទុក​សិស្សបាន​ចំនួន​ ៤០ ​នាក់ ​ចាប់​ពី​ថ្នាក់ទី​១ ដល់ថ្នាក់ទី​៣ ដែល​អាច​​បញ្ចូល​កុមារ​ចំនួន ៨០ នាក់​បន្ថែម​ទៀត ​ក្នុង​ឆ្នាំ​សិក្សា​ ២០២៣។

លើសពី​នេះទៅ​ទៀត មជ្ឈ​មណ្ឌល​សិក្សា​ពេញ ១ ​ជីវិត នឹង​ត្រូវ​ប្រើប្រាស់​ជាកន្លែង​សម្រាប់​ធ្វើសកម្ម​ភាព​ទាក់​ទង​នឹង​យុវជន សិក្ខា​សាលា និង​វគ្គបណ្តុះប​ណ្តាល និង​ព្រឹត្តិ​ការណ៍​សហ​គម​ន៍។

លើស​ពីនេះ អគារ​ថ្មី​នេះត្រូវ​បាន​រចនា​ឡើង ដើម្បី​ឱ្យអ្នក​មាន​ពិការ​ភាព​អាច​ចូលទៅ​ដល់​បាន​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដាក់​បញ្ចូល​កុមារ​ដែល​មាន​ពិការ​ភាព នៅក្នុង​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ ហើយ​ផ្លូវ​ចូល ​និង​ថ្នាក់​រៀនទាំង​អស់​ត្រូវ​បាន​បំពាក់​ដោយ​ផ្លូវ​ជម្រាល​។

ការសាង​សង់​មជ្ឈ​មណ្ឌល​សិក្សាពេញ​ ១ ​ជីវិត​ បាន​ចាប់ផ្តើម​នៅក្នុង​ខែម​ករា ឆ្នាំ ២០២២​ ហើយ​ត្រូវ​បាន​បញ្ចប់​ក្នុង​ខែកក្ក​ដា ឆ្នាំ​ ២០២២ ​ដោយ​ប្រើ​ថវិកាស​រុប ១០៧ ៨១២​ ដុល្លារ​។

ក្នុង​នោះ ៥៣ ៩០៦ ​ដុល្លារ ត្រូវ​បាន​សហការ​ផ្តល់​មូល​និធិដោយ​ Educate A Child (EAC) និង Aide et Action (Action Education) ខណៈ​ថវិកា​បន្ថែ​ម​ចំនួន​ ៥៣ ៩០៦​ ដុល្លារ​ផ្ដល់​ដោយ Manos Unidas។

សូម​ជម្រាប​ដែរ​ថា អគារ​សិក្សា​មួយ​នេះ​ ជាផ្នែក​មួយ​នៃ​គោល​នយោបាយ​ជាតិស្តីពីការ​សិក្សា​ពេញ​ ១​ ជីវិ​ត​ ដែល​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ ២០១៩។

មជ្ឈ​មណ្ឌល​សិក្សា​ពេញ ១ ជីវិត​ថ្មី​នេះ នឹងផ្តល់​លទ្ធ​ភាព​ឱ្យទទួល​បាន​ការ​អប់រំ​សម្រាប់​កុមារងាយ​រង​គ្រោះ និង​នៅក្រៅ​សាលា​ ក្នុង​គោល​បំណង​ធ្វើ​សមាហ​រណកម្ម​ពួក​គេ​ ទៅក្នុង​ប្រព័ន្ធ​សាលា​រៀន​សាធា​រណៈ៕​