ឧត្តរមានជ័យៈ ដើម្បី​ជីវភាព​រស់នៅ​មាន​ភាព​រីកចម្រើន និង​រក​ទ្រព្យសម្បត្តិ​បាន​លឿន អ្នក​ខ្លះ​ហ៊ាន​ប្រថុយ​ជីវិត​ធ្វើ​រឿង​ខុស​ច្បាប់ ប៉ុន្តែ​ពេលខ្លះ​ការងារ​ខុស​ច្បាប់​នោះ​ក៏​មិន​អំណោយផល​ ថែមទាំង​ធ្វើឱ្យ​ខាត​ពេលវេលា ហើយ​ជីវិត​ស្ទើរតែ​បាត់បង់​។ ជាក់ស្តែង លោក​ចន ប៊ុនធឿន​ រស់នៅ​ខេត្ត​ឧត្តរ​មានជ័យ ​ធ្លាប់​បាន​កាប់​បំផ្លាញ​ព្រៃឈើ សម្រាប់​ជា​មុខរបរ​ប្រមូល​ប្រាក់​ឱ្យ​បាន​លឿន ប៉ុន្តែ​របរ​នេះ​មិន​ត្រឹមតែ​មិនបាន​ផល ថែមទាំង​ធ្វើឱ្យ​រូប​លោក​ជួប​គ្រោះ​ជា​បន្តបន្ទាប់ ស្ទើរ​បាត់បង់​ជីវិត​ទៀត​ផង​។

បទពិសោធ​នៃ​ការជួប​គ្រោះថ្នាក់​ជា​ច្រើន​លើក ធ្វើឱ្យ​លោក ​ចន ប៊ុនធឿន ​ឈប់​កាប់បំផ្លាញ​ព្រៃឈើ​សម្រាប់​ធ្វើ​មុខ​របរ ហើយ​បែរ​មក​បើក​របរ​សិប្បកម្ម​ដែក ធ្វើ​ទ្វារ ធ្វើ​បង្អួច សំយាប និង​បង្កាន់ដៃ​អ៊ីណុក នៅ​ភូមិ​អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ លោក​ក៏បាន​ធ្វើការ​បំបួស​ដើមឈើ ដើម្បី​ជា​កិច្ច​ចូល​រួម​រក្សា​ព្រៃឈើ និង​ជា​ការ​សុំ​ទោស​ដល់​អ្នកតា​ ទេវតា​រក្សា​ព្រៃភ្នំ​កុំឱ្យ​ចងកម្ម​ពៀរ​។

បុរស​សម្បុរ​ខ្មៅ​ រូបរាង​ខ្ពស់​មាឌ​មាំ អាយុ​ប្រហែល​ជាង ៥០ ​ឆ្នាំ លោក ​ចន ប៊ុនធឿន ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ​ឪពុក​របស់​លោក​ជា​អ្នក​រកស៊ី​កាប់​ឈើ​លក់​តាំងពី​សម័យ​ ​ប៉ុលពត​មក​ម្ល៉េះ។ ដូច្នេះ លោក​ក៏​​ចេះ​ជំនាញ​នេះ ត​ពី​ឪពុក​​របស់​លោក​ដែរ​។ នៅ​អំ​ឡុង​ឆ្នាំ​ ២០០២ លោក​បាន​ចាប់​ផ្តើម​ប្រកប​របរ​ដោយ​ខ្លួនឯង ក្នុង​ការ​កាប់ឈើ ​ដើម្បី​យក​ទៅ​លក់​នៅ​តាម​ស្រុក​មួយ​ចំនួន​ ជាពិសេស​នៅ​ខេត្ត​បន្ទាយមានជ័យ​។

បើ​តាម​បុរស​រូប​នេះ ​ក្នុង​អំឡុង​ពេល​កាប់​ឈើ បាន​ជួប​គ្រោះ​ជាច្រើន​លើក​ ក្នុង​នោះ​មាន​ ១ ដង​ លោក​ត្រូវបាន​ឈើ​វាត់​ត្រូវ​ចំ​ក និង​ម្តង​ទៀត ​ធ្វើឱ្យ​មុត​ពិការ​ដៃ​ផងដែរ​ ប៉ុន្តែ​សំណាងល្អ​មិន​បាត់បង់​ជីវិត​។ ការជួប​គ្រោះថ្នាក់​​ជា​បន្ត​បន្ទាប់​នេះ​ លោក​ជឿ​ថា​ អាច​បណ្តាល​មកពី​ការខុសឆ្គង​ណាមួយ ចំពោះ​ដើមឈើ ដែល​មាន​អ្នកថែរក្សា​ការពារ​។ ជាមួយ​គ្នា​នោះ អ្នកស្រុក​ក៏បាន​​ប្រាប់​​ជាបន្តបន្ទាប់​បន្ថែម​ផង បាន​​ជំរុញ​ ​ឱ្យ​លោក​ភ្ញាក់រឭក​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ​តែ​ម្តង​ ព្រោះ​ខ្លាច​មាន​កម្មពៀរ​ជាមួយ​ដើមឈើ​។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​ឃើញ​ស្តែងៗ ខ្លួន​ខ្ញុំ​អ្នក​គ្រោះថ្នាក់​ត្រូវ​ក​ម្ត​ង​នៅ​ឆ្នាំ​ ២០០៣ តែ​អត់​ស្លាប់​​ទេ​។ ខ្ញុំ​អារ​ដើម​បេង​នៅក្នុង​ភូមិ ហើយ​ដើម​បេង​ហ្នឹង គេ​ថា មាន​ម្ចាស់ ដល់​ពេល​ខ្ញុំ​ទៅ​កាប់​ដួលរលំ គ្រោះថ្នាក់​ខ្ញុំ​មែន​។ ខ្ញុំ​មក​ត្រូវ​គ្រោះថ្នាក់​ម្តងទៀត​នៅ​ឆ្នាំ ២០០៧ មុត​ពិការ​ដៃ​ទៀត ខ្ញុំ​ឈប់​អារ​បណ្តោយ​ទៅ ​ប្រហែល​ជា​កម្មពៀរ ​និង​រុក្ខជាតិ​ ទើប​បាន​ជួប​គ្រោះថ្នាក់​ ២ ​ដង ​ហើយ​បើ​ ៣​ ដង ​ដឹង​តែ​អត់​រស់​ទេ»។

អតីត​អ្នក​កាប់​ឈើ​រូបនេះ​ប្រាប់​ថា​ លោក​បាន​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតាម​ជួរ​ភ្នំ​ដងរែក ​និង​លួច​ចូលទៅ​ទឹកដី​ថៃ​ ដើម្បី​កាប់-​ឈើ​ផងដែរ​។ បន្ថែម​លើ​នោះ ​ដើម្បី​បាន​ឈើ​យកទៅ​លក់​ ត្រូវ​ជួល​អ្នក​កាប់ និង​ទម្លាក់​ឈើ​ទៅ​ជើងភ្នំ ​ដើម្បី​ដឹក​យកទៅ​លក់​នៅ​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មានជ័យ​។ មាន​ពេលខ្លះ​លោក​បាន​នាំយក​ស្បៀង និង​សាំង​ទៅឱ្យ​អ្នក​កាប់​ឈើ លើ​ដី​ថៃ ជួប​ជាមួយ​ទាហាន​ថៃ​ដេញ​បាញ់​រត់​ស្ទើរតែ​មិន​រួច​ខ្លួន​ទៀតផង​។

ក្រោយពី​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​ងាក​មក​ធ្វើការ​ចូលរួម​បំបួស​ដើមឈើ​ ដើម្បី​ចូលរួម​កិច្ចការពារ​បរិស្ថាន​នោះ ​លោក​ប៊ុនធឿន ​និយាយ​ថា ​ការរស់នៅ​មាន​ភាព​ធូរស្បើយ​ជាង​មុន ក្នុង​ចិត្ត​ក៏​មិនសូវ​មាន​មន្ទិល ​ហើយ​មុខរបរ​បើក​ថ្មី ក៏​ដំណើរការ​ទៅ​យ៉ាង​រលូន​ផងដែរ​។ លោក​បានធ្វើការ​ផ្តាំផ្ញើ​ទៅ​អ្នក​កាប់​ឈើ​ទាំងអស់ ដែល​កំពុង​បន្ត​កាប់-បំផ្លាញ​ ប្រថុយ​នឹង​គ្រោះថ្នាក់​ អាច​ងាក​មក​រៀន​ជំនាញ និង​បើក​ការប្រកប​របរ​រកស៊ី​ដោយ​ខ្លួនឯង​ប្រសើរ​ជាង​។

លោក​ថ្លែង​ថា​៖«អ្នក​ដែល​រកស៊ី​ខាង​ឈើ បើ​អាច​ លះបង់​ទៅ​។ ទៅ​បំផ្លាញ​ព្រៃឈើ ក៏​វា​អត់​បាន​ប្រយោជន៍​អី​ដែរ វា​ជា​បាបកម្ម​ទេ​។ រកស៊ី​មុខរបរ​ផ្សេង​ទៅ​ កុំទៅ​រកស៊ី​ឈើ​ហ្នឹង​អី ព្រោះ​គេ​មាន​ម្ចាស់​ទឹកដី ​ព្រៃព្រឹក្សា​របស់​គេ​។ យើង​ទៅ​កាប់ ទៅ​រែក ទៅ​សែង​ទៅ នាំ​មានកម្ម​ពៀរ​រកស៊ី​មិន​រីកចម្រើន​ទេ»។​

ព្រះ​តេជគុណ ថូរ ធូរស់ ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន មាន​ថេរ​ដីកា​ថា លោក​ ចន ប៊ុនធឿន ពិត​បាន​ភ្ញាក់រឭក និង​បាន​ចូល​មក​ធ្វើ​ការសុំ​ខមាទោស និង​បាន​បំបួស​ដើមឈើ​មួយ​ចំនួន​ក្នុង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន ហើយ​នឹង​ចូលរួម​សកម្មភាព​ទាក់ទង​នឹង​ការការពារ​ ព្រៃ និង​ការដាំ​កូនឈើ​ជា​បន្តបន្ទាប់ ដោយ​លះបង់​ការកាប់​បំផ្លាញ​ព្រៃឈើ​ប្រាកដ​មែន​។

ព្រះតេជគុណ​មាន​ថេរ​ដីកា​ថា​៖«​សម្រាប់​អាត្មា អាត្មា​គិត​ថា គាត់​មាន​ការ​យល់ដឹង មាន​ការ​ស្វែងយល់​ច្រើន​មែនទែន​ហើយ សរសើរ​នូវ​វីរភាព​របស់​គាត់ ដែល​គាត់​បាន​ធ្វើ​ខុស​ពី​មុន​។ ពេល​ក្រោយ​មក​នេះ គាត់​បាន​ភ្ញាក់​រឭក ហើយ​សុំ​ចូល​មក​ខមាទោស​រហូតដល់​មានការ​ធ្វើ​ពិធី​បំបួស​ដើមឈើ និង​ចូលរួម​ពិធី​ដាំ​កូនឈើ ឬ​បុណ្យ​ខួប​ព្រៃឈើ​ទៅ​ឆ្នាំក្រោយៗ​ទៀត​»។

ព្រះ​តេជគុណ ​ថូរ ធូរស់ ​បន្ត​ទៀត​ថា ​ការ​ភ្ញាក់រឭក​កែ​ខ្លួន​ឈប់​កាប់បំផ្លាញ​ព្រៃឈើ ​ហើយ​ចេញមុខ​សុំខមាទោស​ និង​បំបួស​ដើមឈើ​នេះ ទើប​មាន​ជា​លើក​ដំបូង ​សម្រាប់​ព្រៃ​សង្ឃរុក្ខវ័ន​។ ព្រះ​ប្រធាន​សហគមន៍​សង្ឃរុក្ខវ័ន​លើក​ឡើង​ទៀត​ថា​ បច្ចុប្បន្ន ​បទល្មើស​នៃ​ការកាប់​បំផ្លាញ​ដើមឈើ​ប្រណីត ​និង​ឈើ​ផ្សេងៗ​ក្នុង​សហគមន៍​ព្រៃសង្ឃ​រុក្ខ​វ័ន​មិនមាន​ទៀត​ទេ ​ប៉ុន្តែ នៅ​មាន​បទល្មើស​នៃ​ការដាក់​អន្ទាក់​សត្វ​មួយ​ចំនួន​។

ព្រះ​តេជគុណ​បន្ត​ថា ​ការថយ​ចុះ​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន​នេះ ទី​១ ដោយសារ​មាន​ការ​បង្ក្រាប ដោយ​មាន​ការ​ចាប់​បាន​ជាក់ស្តែង​ទាំង​វត្ថុតាង និង​ជនល្មើស ដោយ​ក្រុម​​គណៈកម្មការ​សហគមន៍​ព្រៃសង្ឃ​រុក្ខវ័ន​។ ទី​២ កម្លាំង​ល្បាត​ ​មាន​ភាព​សកម្ម និង​ទី​៣ មាន​ការ​អនុវត្ត​ច្បាប់​បានល្អ​តាម​នីតិវិធី​ផ្លូវច្បាប់​ពី​សំណាក់​សមត្ថកិច្ច​។ មួយ​វិញ​ទៀត អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​មិនមាន​ច្រើន​ក្រុម​ប៉ុន្មាន​ទេ​នៅតាម​ភូមិ​នីមួយៗ ហេតុនេះ​កាលណា​ចាប់បាន​បក្ខពួក​ម្នាក់ ២ ​នាក់​នោះ អ្នក​ដែល​ពាក់ព័ន្ធ​តែង​រត់​គេច​ខ្លួន​ចេញ​ពី​ស្រុក​ទាំងអស់​។

ព្រះអង្គ​បញ្ជាក់​ថា​៖«​សព្វថ្ងៃ​នេះ​ តាម​អ្វី​ដែល​អាត្មា​ឮ​ព័ត៌មាន​មក គឺ​ថា អ្នក​ដែល​ចាប់​ខ្លួន​អត់​បាន​គឺ​រត់​ទៅ​ខេត្ត​កំពង់សោម​ខ្លះ និង​ទៅ​ថៃ​ខ្លះ​វិញ​ដែរ​ពរ​។ អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​មិនអាច​ពួន​នៅ​ផ្ទះ​បាន​ស្រួល​ទេ ព្រោះ​តុលាការ​គាត់​ចេញ​សាលដីកា​ឱ្យ​ខាង​អាជ្ញាធរ​ភូមិ​ ឃុំ និង​មេ​ប៉ុស្តិ៍​[សហការគ្នា] ​ដើម្បី​ឈាន​ដល់​ការឃាត់​ខ្លួន​ជនល្មើស»។

លោក​ ឌី រ៉ាដូ អភិបាលរង ​និង​ជា​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ ថ្លែង​ថា​ សកម្មភាព និង​ទង្វើ​នេះ​បាន​បង្ហាញ​ពី​ការចូល​រួម​ របស់​ប្រជាពលរដ្ឋ​ក្នុងការ​ភ្ញាក់​រឭក​ ផ្លាស់ប្តូរ​ពី​ការកាប់​បំផ្លាញ​ព្រៃឈើ មក​ចូលរួម​ថែរក្សា​ព្រៃឈើ​។ ហេតុនេះ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត ​និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ​មាន​ការ​គាំទ្រ​​ ចំពោះ​សកម្មភាព ​និង​ទង្វើ​ដ៏​ល្អ​នេះ​។ លោក ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ដែល​កំពុង​ប្រព្រឹត្ត​ខុស​ចូលទៅ​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​តែ​ប្រយោជន៍​ក្នុងការ​ប្រមូល​ធនធាន​មួយចំនួន​សម្រាប់​ខ្លួន​ឯង ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន និង​ងាក​មក​ប្រកប​ការងារ​ត្រឹមត្រូវ​វិញ​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​កន្លងមក​គាត់​ចូលទៅ​កាប់​​ឈើ​ដើម្បី​​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នេះ​សូម​ឱ្យ​គាត់​បញ្ឈប់ ​ហើយ​ត្រឡប់​មក​រក​របរ​ចិញ្ចឹម​ជីវិត​ជា​កសិកម្ម ​ឬក៏​ធ្វើការ​ប្រមូល​​អនុផល​ព្រៃឈើ​វិញ ដើម្បី​ចិញ្ចឹម​ជីវិត​ ឬ​ក៏​អាច​ស្វែង​រក​​ការងារ ​នៅតាម​បណ្តា​ទីប្រជុំជន ​ជំនួស​ឱ្យ​ការកាប់​ដើម​ឈើ​»​។

លោក ​ឌី រ៉ាដូ លើក​ឡើង​ថា​ ប្រជាពលរដ្ឋ ​ដែល​ចង់​ចេះ​ជំនាញ​វិជ្ជាជីវៈ ​ហើយ​គ្មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុងការ​រៀនសូត្រ អាច​ដាក់​ពាក្យ​ទៅ​មន្ទីរ​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ឧត្តរមានជ័យ ​ព្រោះ​ទីនោះ​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដោយ​មិន​គិតថ្លៃ​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «ការផ្តល់​ជំនាញ​ហ្នឹង ​[ឱ្យ]​ គាត់ ​អត់​មាន​យក​សោហ៊ុយ​អី​ទេ ​ថែមទាំង​មាន​ជាការ​ជួយ​ឧបត្ថម្ភ ​សម្រាប់​ការស្នាក់​នៅ​ដល់​ពួកគាត់​ទៀត ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គាត់​បាន​ទទួល​យក​ចំណេះជំនាញ​ហើយ​យក​ជំនាញ​ហ្នឹង​ទៅ​ប្រកប​របរ​សម្រាប់​ ចិញ្ចឹម​ជីវិត​បាន»៕