សៀមរាបៈ រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បើក​សន្និសីទ​អន្តរជាតិ ស្ដីពី “​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ-​វប្បធម៌ ការការពារ និង​ការ​ទប់ស្កាត់​ការ​ចរាចរ​សម្បត្តិ​វប្បធម៌​ដោយ​ខុសច្បាប់ ទស្សនៈ​ពី​អាស៊ាន​នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​តំណាង​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ជាច្រើន​នាក់​។ ខណៈ​នេះដែរ ព្រះសង្ឃ​ខ្មែរ​ក៏បាន​ទទួល​ព្រះពុទ្ធ​បដិមា​ដ៏មាន​អាយុកាល​ជាង​ ១០០​ ឆ្នាំ​ពី​ពុទ្ធសាស​និកជន​ជាតិ​ថៃ​ម្នាក់ នៅក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ បន្ទាប់ពី​ត្រូវ​បាន​ក្រុម​ឈ្មួញ​បុរាណវត្ថុ​ទុច្ចរិត​លួច​យក​ទៅលក់ និង​រក្សាទុក​ដោយ​ខុសច្បាប់​កាលពី​ជាង​ ៣០ ​ឆ្នាំមុន​។ សន្និសីទ​អន្តរជាតិ​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ៥-៨ ខែកញ្ញា ឆ្នាំ ​២០២២​។

លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​សុន្ទរកថា បើក​សន្និសីទ​តាម​ប្រព័ន្ធ​អនឡាញ ថា​៖ «​អំពើចោរកម្ម និង​ការជួញដូរ​សម្បត្តិ​វប្បធម៌​នៅលើ​ទីផ្សារ​អន្តរជាតិ មិនមែន​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា​តែឯង​ទេ តែ​គឺជា​បញ្ហា​រួម​របស់​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ាន​។ ដូច្នេះ​ហើយ យើង​បាន​អញ្ជើញ​ទាំង​តំណាង​រដ្ឋាភិបាល​អាស៊ាន និង​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ជាច្រើន​មក​ជួបជុំ​គ្នា​នា​ថ្ងៃនេះ ដើម្បី​សហការ​ឆ្ពោះ​ទៅរក​ការអនុវត្ត​សកម្មភាព​ទៅមុខ​រួមគ្នា ក្នុង​ការការពារ​សម្បត្តិ​វប្បធម៌​របស់​យើង​ជាមួយ​នឹង​ការលើក​ស្ទួយ​ការយល់ដឹង និង​ការផ្លាស់ប្តូរ​វប្បធម៌​នៅក្នុង​តំបន់ ដែល​ជា​គោលដៅ​ចម្បង​របស់​អាស៊ាន ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​»​។

លោក ប្រាក់ សុខុន ថ្លែងថា​៖ «​នាពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាន​បោះជំហាន​យ៉ាងខ្លាំង​ក្នុង​ការធ្វើ​មាតុភូមិ​និវត្តន៍​នូវ​ទ្រព្យសម្បត្តិ​ជាតិ​ដែល​ត្រូវបាន​គេ​លួច​ត្រឡប់​មកវិញ​។ ដោយសារ​ប្រទេស​កម្ពុជា​ផ្តោត​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច យើង​ព្យាករ​ថា​ការវិលត្រឡប់​មកវិញ​នៃ​កំណប់ទ្រព្យ​ជាតិ​នឹង​ក្លាយ​ជាការ​បំផុសគំនិត​សម្រាប់​ការ​បង្កើត​ថ្មី កន្លែង​សារមន្ទីរ​ថ្មី​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត សិល្បៈ​ថ្មី ម៉ូដ​និង​តន្ត្រី ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ជម្រើស​កម្សាន្ត​ថ្មីៗ និង​ពង្រីក​ទេសចរណ៍​វប្បធម៌​របស់​កម្ពុជា​»​។

លោក ប្រាក់ សុខុន អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​បញ្ចប់​ការជួញដូរ​វត្ថុ​បុរាណ ហើយ​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​អន្តរជាតិ និង​ដៃគូ​វិស័យ​ឯកជន ដើម្បី​ឈាន​ដល់​ការបញ្ចប់​រឿងនេះ​។

លោក​ថា​៖ «​ខ្ញុំ​សង្ឃឹម​ផងដែរ​ថា រដ្ឋមន្ត្រី​វប្បធម៌​អាស៊ាន​នឹង​បង្កើត​នូវ​យន្តការ​សកម្មភាព​តម្រង់​ទិស​ក្នុង​តំបន់ ដែល​រួមមាន​ក្រុមការងារ​បេតិកភណ្ឌ​អាស៊ាន​ពី​ក្រសួង​នីមួយៗ ដែល​អាច​ចូលរួម​ជា​ដៃគូ​នឹង​គ្នា​លើ​គ្រប់​កម្រិត បូករួម​ទាំង​​មន្ត្រី​ពាណិជ្ជកម្ម និង​កិច្ចការ​ច្បាប់​»​។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោកស្រី ភឿង សកុណា បាន​ថ្លែងថា កន្លងមក​សម្បត្តិ​វប្បធម៌​ជាច្រើន​របស់​កម្ពុជា​ត្រូវ​បាន​លួច​នាំចេញ​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា និង​បាន​ចរាចរ​ដាក់លក់​នៅលើ​ទីផ្សារ​សិល្បៈ​អន្តរជាតិ​។

លោកស្រី​បន្តថា ការ​លួច​បំផ្លិច​បំផ្លាញ​នេះហើយ ដែល​នាំឱ្យ​មាន​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទីតាំង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា និង​លុបបំបាត់​នូវ​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​របស់​ប្រជាជន​។ ដូចនេះ កម្ពុជា​ និង​អាស៊ាន​បាន​ទទួល​ស្គាល់​ជា​សកល​នូវ​តម្រូវការ​ចាំបាច់​បន្ទាន់ ក្នុង​ការការពារ​សម្បត្តិ​បេតិកភណ្ឌ​រួម​របស់​អាស៊ីអាគ្នេយ៍ ដោយ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់​ និង​បង្កើត​ទីផ្សារ​សិល្បៈ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។

លោកស្រី​បន្តថា​៖ «​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ កម្ពុជា និង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​បោះជំហាន​យ៉ាងសកម្ម​ក្នុង​កិច្ចការ​ប្រវត្តិសាស្ត្រ​ដ៏ថ្លៃថ្លា ក្នុង​ការចូលរួម​ទប់ស្កាត់​ការលួច​បំផ្លិចបំផ្លាញ និង​អំពើ​ចោរកម្ម​នានា​ដោយ​មិនចេះ​ហត់នឿយ​ ដើម្បី​ពង្រឹង​ការទទួល​ខុសត្រូវ​នៃ​ការផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​រដ្ឋាភិបាល​បរទេស សារមន្ទីរ និង​វិស័យ​ឯកជន​»​។

ពិធី​សាសនា​ទទួល​ព្រះពុទ្ធ​បដិមា​ពី​ពុទ្ធសាសនិកជន​ថៃ​។ រូបថត FB

ប៉ុន្តែ​ទោះ​យ៉ាងណា​ក្ដី ទីផ្សារ​សិល្បៈ​ពិភពលោក​នៅតែ​បន្ត​ដាក់​លក់​ពាសវាល​ពាសកាល​នូវ​សម្បត្តិ​វប្បធម៌​ដែល​ត្រូវបាន​គេ​លួច​។

លោកស្រី​ថា​៖ «​ហេតុ​ដូចនេះហើយ ទើប​កម្ពុជា​ខ្នះខ្នែង​ស្វែងរក​កិច្ចសហការ​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ដៃគូ​អន្តរជាតិ​ដទៃទៀត​ ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​ខុសច្បាប់ និង​លើកកម្ពស់​ការការពារ​ទ្រព្យសម្បត្តិ​វប្បធម៌​»​។

ករណី​ដោយឡែក​ពី​សន្និសីទ​អន្តរជាតិ​នេះ ពុទ្ធសាសនិក​ជនជាតិ​ថៃ​ម្នាក់​នៅក្នុង​ក្រុង​បាងកក ប្រទេស​ថៃ​បាន​ប្រគល់​ព្រះពុទ្ធ​បដិមា​ដ៏មាន​អាយុកាល​ជាង​ ១០០ ​ឆ្នាំ ត្រូវបាន​និមន្ត​និវត្ត​មកដល់​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​ត្រូវបាន​ក្រុម​ឈ្មួញ​បុរាណវត្ថុ​ទុច្ចរិត លួច​យក​ទៅលក់ និង​រក្សាទុក​ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ​កាលពី​ជាង​ ៣០ ​ឆ្នាំមុន​។ នេះ​បើ​យោង​ព្រះ​សង្ឃដីកា​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត ចន្ទប្បជោត្តនារាម​។ ព្រះតេជព្រះគុណ សុនចាន់ជីវៈ ចន្ទមុនី ព្រះចៅ​អធិការ​វត្តចន្ទប្បជោត្តនារាម ហៅ​វត្ត​តាសុត បាន​មាន​ព្រះ​ថេរដីកា ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២២ ​ថា តាមរយៈ​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រះពុទ្ធ​បដិមា​នោះ​ត្រូវបាន​សាង​ឡើង​ពី​លោហធាតុ​ផ្សេងៗ​ផ្សំគ្នា (​ជា​រូប​បដិមាសំរឹទ្ធ​) មាន​កម្ពស់​ ៦៥ ​សង់ទីម៉ែត្រ ព្រះ​ភ្នែន​ ៤៦ ​សង់ទីម៉ែត្រ គ្មាន​បល្ល័ង្ក និង​មាន​ទម្ងន់​ ២៨,៧ ​គីឡូក្រាម ហើយ​ព្រះនេត្រ​នៃ​រូប​បដិមា​ទំនងជា​ត្បូង​ពេជ្រ​មាន​តម្លៃ​ត្រូវបាន​គេ​ខ្វេះ​យក​។

ព្រះអង្គ​មាន​ព្រះ​ថេរដីកា​ថា​៖ «​យោងតាម​ការសន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ ព្រះពុទ្ធ​បដិមា អង្គ​នេះ​ត្រូវបាន​កសាង​នៅក្នុង​ចន្លោះ​សតវត្សរ៍​ទី ​១៨-១៩ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម​»​។

ដោយ​មិន​បង្ហាញ​អំពី​អត្តសញ្ញាណ​នៃ​អ្នក​ដែល​ជាវ​អង្គ​ព្រះពុទ្ធបដិមា​នោះ​ពី​ក្រុម​ឈ្មួញ​បុរាណវត្ថុ​ទុច្ចរិត​ពី​កម្ពុជា ព្រះគ្រូ​ចៅអធិការ ចន្ទមុនី មាន​ព្រះថេរដីកា​បន្តថា នៅ​ថ្ងៃទី​ ២៩ ខែកក្កដា ឆ្នាំ ​២០២២ ព្រះអង្គ​បាន​និមន្ត​ទៅកាន់​គេហដ្ឋាន​ពុទ្ធសាសនិក​ជនជាតិ​ថៃ​ម្នាក់ នៅក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ ហើយ​បាន​ប្រទះឃើញ​អង្គ​ព្រះពុទ្ធ​បដិមា​នោះ ក៏​កើត​ក្ដីសង្ស័យ​ថា​ជា​អង្គ​ព្រះពុទ្ធ​បដិមា​របស់​ខ្មែរ ហើយក៏​សាកសួរ​អំពី​ដំណើររឿង​នៃ​អង្គ​ព្រះពុទ្ធ​បដិមា​ដ៏អស្ចារ្យ​នេះ​។

ព្រះអង្គ​បាន​បញ្ជាក់​ថា​៖ «​ពុទ្ធសាសនិក​ជនជាតិ​ថៃ​នោះ​បាន​ប្រាប់​អាត្មា​ថា រូប​ព្រះ​ពុទ្ធបដិមា​នេះ ឪពុក​របស់​គាត់​បាន​ជាវ​ពី​ឈ្មួញ​វត្ថុ​បុរាណ​ម្នាក់​ពី​ប្រទេស​កម្ពុជា ក្នុងអំឡុង​ឆ្នាំ ​១៩៨៨-១៩៨៩ ហើយ​ថា ព្រះនេត្រ​នៃ​រូប​ព្រះបដិមា​អង្គ​នេះ ត្រូវ​ឈ្មួញ​វត្ថុ​បុរាណ​ពី​កម្ពុជា​ខ្វេះ​យក​មុន​លក់​មក​ឱ្យ​ឪពុក​របស់គាត់​ក្នុងតម្លៃ​ ៥៥ ​ម៉ឺន​បាត​»​។

ព្រះតេជគុណ ចន្ទមុនី មាន​ថេរ​ដីកា​បន្ថែមថា បន្ទាប់ពី​ស្ដាប់​នូវ​សារបាន​ខ្លះៗ​នៃ​ព្រះ​ពុទ្ធបដិមា​នោះ​រួចមក ព្រះអង្គ​ក៏បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​នៃ​មន្ទីរជំនាញ (​មន្ទីរ​ធម្មការ និង​សាសនា និង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង​) រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ដោយផ្ទាល់​ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃទី​ ៣ ​ខែសីហា ឆ្នាំ ​២០២២ ដើម្បី​ស្នើសុំ និង​បិណ្ឌបាត​នូវ​អង្គ​ព្រះបដិមា​នោះ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។

ព្រះអង្គ​បាន​បន្តថា​៖ «​ដោយសារ​តែ​អង្គ​ព្រះពុទ្ធ​បដិមា​នោះ​ត្រូវបាន​ពុទ្ធសាសនិក​ជនជាតិ​ថៃ​នោះ ជាវ​យក​ទៅ​រក្សា​ទុកជា​សម្បត្តិ​ឯកជន​នៅក្នុង​គ្រួសារ​ផ្ទាល់​របស់​ពួកគេ អាត្មា​មិនបាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​គណៈកម្មការ​បេតិកភណ្ឌ​អន្តរជាតិ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀតឡើយ គឺ​អាត្មា​ និង​ពុទ្ធបរិស័ទ​ដ៏​សប្បុរស​ជាច្រើន​ទៀត​បាន​រួមគ្នា​ស្នើសុំ​ទៅ​ពុទ្ធសាសនិក​ជនជាតិ​ថៃ​នោះ​ដោយផ្ទាល់ ដោយ​បុរស​ជនជាតិ​ថៃ​នោះ​ជា​អ្នកមាន​សទ្ធា​ជ្រះថ្លា​ក្នុង​ពុទ្ធសាសនា ក៏បាន​យល់ព្រម​ប្រគេន​ និង​ប្រគល់​ព្រះពុទ្ធ​បដិមា​នោះមក​អាត្មា ដើម្បី​និមន្ត​និវត្ត​មកកាន់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៤ ​ខែកញ្ញា​ឆ្នាំ​ ២០២២​។ បច្ចុប្បន្ន អង្គ​ព្រះពុទ្ធបដិមា​នោះ កំពុង​ត្រូវបាន​តម្កល់​រក្សាទុក​នៅក្នុង​វត្ត​ចន្ទប្បជោត្តនារាម​»​។

លោក នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួង​ធម្មការ​ និង​សាសនា​ថ្លែង​ដោយ សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ព្រះ​គ្រូចៅ​អធិការ​វត្ត​ចន្ទប្បជោត្តនារាម ហៅ​វត្ត​តាសុត ដែល​បាន​ស្វះស្វែង រកឃើញ​នូវ​ព្រះពុទ្ធ​បដិមា​បុរាណ​ដែល​បាន​បាត់បង់​យកមក​រក្សាទុក​នៅ​ទីអារាម​នេះ​ជា​បុណ្យ​បារមី​ថ្លៃថ្លា​បំផុត​ ដើម្បី​រក្សា​នូវ​កេរដំណែល​ សម្រាប់​ជាទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ ពុទ្ធបិរស័ទ ក្នុង​ការគោរព​បូជា​នេះ​។

លោក​បាន​ថ្លែងថា​៖ «​កាលពី​អំឡុង​ឆ្នាំ​ ១៩៧០ ខ្ញុំ​ធ្លាប់​បានឃើញ​រូបអង្គ​ព្រះពុទ្ធ​បដិមា​នេះ​នៅក្នុង​វត្ត​ប្រាសាទ​បាគង​ក្នុង​ខេត្ត​សៀមរាប ប៉ុន្តែ​ដោយសារ​ប្រទេស​ឆ្លងកាត់​មាន​សង្គ្រាម​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ ក្រោយមក​ខ្ញុំ​មិនបាន​ប្រទះឃើញ​ទៀត​នោះទេ​»​។

លោក អ៊ុក សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ​ក្រុមមន្ត្រី​ជំនាញ​នៃ​ក្រុមការងារ​របស់​លោក​កំពុង​ចុះទៅពិនិត្យ​រូប​ព្រះ​ពុទ្ធបដិមា​នោះ ព្រោះ​កន្លងមក​ពុំមាន​របាយការណ៍​ ឬ​ឯកសារ​លម្អិត​ពី​ខាង​ទីអារាម​មក​កាន់​ក្រុម​ការងារ​របស់​លោក​នោះទេ​។

លោក​ថា​៖ «​នៅពេល​នេះ​ក្រុម​យើង​កំពុង​ចុះ​ពិនិត្យ​អំពី​រចនាប័ទ្ម​នៃ​រូបសំណាក​ព្រះពុទ្ធ​បដិមា​នោះ ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​ទីតាំង​ដើម​នៃ​រូបសំណាក​ដែល​ត្រូវបាន​គេ​លួច​ទៅ និង​ដើម្បី​រៀបចំ​ចងក្រង​ជា​ឯកសារ​រក្សា​ការពារ​តាមផ្លូវ​ច្បាប់ សម្រាប់​ចុះ​ក្នុង​បញ្ជី​បេតិកណ្ឌ​ជាតិ​»៕