
បុរសម្នាក់កំពុងពិនិត្យឈ្មោះបោះឆ្នោតនៅសង្កាត់បឹងកេងកង កាលពីថ្ងៃទី ០១ ខែមីនា។ ហេង ជីវ័ន
ភ្នំពេញៈ គជប អះអាងពីការរៀបចំបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខឱ្យមានភាពពេញលេញ ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រកបដោយសុវត្ថិភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ ២០២៣។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២»ជូនដល់ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រ លធ.ខប តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី ៥ ខែកញ្ញាថា ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន។ ហេតុនេះហើយទើប គជប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមានសំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នាថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោកបន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតត្រូវអនុវត្តតាមបទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលត្រូវបានប្រកាសឱ្យប្រើដោយសេចក្តីសម្រេច ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ លើកលែងតែបញ្ញត្តិពាក់ព័ន្ធនឹងសម្ភារឯកសារចុះឈ្មោះបោះឆ្នោត ដែលត្រូវផ្តល់ជូនលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោតដូចបានកំណត់ និងផ្តល់ជូនជាក់ស្តែង តាមការសម្រេចរបស់ គជប ផ្អែកលើផែនការសម្ភារឯកសារប្រចាំឆ្នាំ ២០២២។
លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គិតមកដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៥) អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវមានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត ឬកែតម្រូវឈ្មោះ និងទិន្នន័យនៅក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង»។
លោក សំ សុគន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិក ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទោះបី គជប បានប្តេជ្ញាអនុវត្តចំពោះការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត ដើម្បីធានាបានភាពត្រឹមត្រូវ សុក្រឹតភាព គុណភាព និងពេញលេញក៏ដោយ នេះគ្រាន់តែជាការលើកឡើងប៉ុណ្ណោះ អ្វីដែលសំខាន់ គឺការអនុវត្តជាក់ស្តែងនៅតាមឃុំសង្កាត់ មានការតាំងចិត្តបានត្រឹមកម្រិតប៉ុនណា។ លោកថ្លែងថា៖ «យើងមានទ្រឹស្តីហើយ ប៉ុន្តែមន្ត្រីដែលយកទៅអនុវត្តបន្តឱ្យរក្សាតាមការលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលនេះផង»។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែមថា ការរៀបចំពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នេះធ្វើឡើងក្នុងគោលបំណង ដើម្បីរៀបចំបញ្ជីបោះឆ្នោតមួយដែលមានគុណភាព ដែលសំដៅទៅលើគោលដៅ ៣ សំខាន់គឺទី១ ភាពពេញលេញនៃបញ្ជីបោះឆ្នោត ដែលប្រជាពលរដ្ឋគ្រប់អាយុ ១៨ ឆ្នាំទាំងអស់មាននៅក្នុងបញ្ជីបោះឆ្នោត ទី២ ភាពត្រឹមត្រូវដែលធ្វើយ៉ាងណាឱ្យការកត់ត្រា និងទិន្នន័យរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងទី៣ គឺការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតសំដៅដល់ការលុបឈ្មោះប្រជាពលរដ្ឋដែលបានស្លាប់ ឬដកសិទ្ធិបោះឆ្នោត ឬផ្លាស់ប្តូរទីលំនៅ៕