ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរ កម្ពុជា និង​ថៃ​ថា បាន​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម អប់រំ និង​វិស័យ​ដទៃទៀត​បាន​យ៉ាង​ល្អ​ ទោះបី​ស្ថិតក្នុង​ស្ថានភាព​រីករាលដាល​ជំងឺ​កូវីដ ​១៩ ក៏ដោយ​។

លោក​ថ្លែង​ដូច្នេះ ក្នុងជំនួប​ជាមួយ​លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ​នៅ​ថ្ងៃទី​ ៥​ កញ្ញា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក​បញ្ចប់​បេសកកម្ម​ការងារ​នៅ​កម្ពុជា​។

លោក អ៊ាង សុផល្លែត ជំនួយការ​លោក ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នេះ​ថា លោក ពុលថាប់ បាន​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្ដល់​វ៉ាក់សាំង​ជំងឺ​កូវីដ​ ១៩ ជូន​លោក និង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ទាំងអស់ មិន​ត្រឹមតែ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ទេ គឺ​ស្ថានទូត​បរទេស​ទាំងអស់​នៅ​ទូទាំង​កម្ពុជា​។

លោក​បាន​អបអរសាទរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ជោគជ័យ ហើយ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​បើក​ប្រទេស​ឡើងវិញ ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួល​ជោគជ័យ ដែល​នោះបាន​ឆ្លុះបញ្ចាំង​ពី​តួនាទី​ដ៏រឹងមាំ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

លោក​ ពុលថាប់ បាន​ប្រាប់​លោក ហ៊ុន សែន ថា ពេល​លោក​ទើប​មក​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៨ លោក​បាន​ប្ដេជ្ញា​ជូន​លោក ហ៊ុន សែន ថា លោក​នឹង​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​ខ្លាំង​ឡើង ដោយ​ឈរលើ​មូលដ្ឋាន​ដែលមាន​ស្រាប់​។ នៅពេល​នេះ លោក​បាន​សម្រេច​តាម​ការប្ដេជ្ញា​របស់​លោក​ហើយ​។

លោក អ៊ាង សុផល្លែត បាន​ដកស្រង់​សម្ដី​លោក​ ពុលថាប់​ ​ថា​៖ «​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ត្រូវបាន​ពង្រីក និង​ត្រូវបាន​ពង្រឹង​។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ បាន​កើនឡើង ​១០ ភាគរយ ទោះបី​ស្ថិតក្នុង​ដំណាក់កាល​កូវីដ​ ១៩ ក៏ដោយ​។ វិស័យ​អប់រំ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​វិស័យ​ដទៃទៀត ក៏​មាន​ការរីកចម្រើន​ផងដែរ​»​។

លោក អ៊ាង សុផល្លែត​បន្តថា លោក ហ៊ុន សែន បាន​ថ្លែង​អំណរគុណ​ដល់​លោក ពុលថាប់ ដែល​បាន​ប្រឹងប្រែង «​អស់ពី​កម្លាំងកាយ​ចិត្ត​» បំពេញ​បេសកកម្ម​ការទូត​នាំឱ្យ​ប្រទេស​ទាំង ​២ កម្ពុជា​-​ថៃ មាន​ទំនាក់ទំនង​នឹង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ល្អប្រសើរ​ឡើង​។ លោក អ៊ាង សុផល្លែត ​បាន​ដកស្រង់​សម្ដី​លោក​ ហ៊ុន សែន ថា​៖ «​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​កូវីដ​ ១៩ ក៏ដោយ យើង​បាន​ខិតខំ​រួមគ្នា​ធ្វើការ​បានល្អ ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ផង និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម អប់រំ និង​វិស័យ​ដទៃទៀត​បាន​យ៉ាង​ល្អ​ជាទី​មោទនៈ​»​។

កាលពី​ថ្ងៃទី​ ៣ កញ្ញា លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក ស៊ី ប្រាសិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឧត្ដរមានជ័យ​បាន​ជួប​ជាមួយ​ប្រតិភូ​ខេត្ត​ស៊ីសាកេត​នៃ​ប្រទេស​ថៃ ដែល​ដឹកនាំ​ដោយ​លោក វ៉ាត់ថៈណា វុតធិឆាត អភិបាលខេត្ត​ស៊ីសាកេត​របស់​ថៃ​ដោយ​ភាគី​ទាំង​ ២ បាន​ពិភាក្សាគ្នា​ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រជាជន និង​រវាង​ខេត្ត និង​ខេត្ត​នៃ​ប្រទេស​ទាំង​ ២​ ដែល​ជាប់​ព្រំដែន​ជាមួយគ្នា​។

នា​ថ្ងៃទី​ ៤​ កញ្ញា​ភាគី​ទាំង ២​ បាន​លែង​កូន​ត្រី​រួមគ្នា​ជា​និមិត្តរូប​នៃ​ការពង្រឹង​ចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន និង​ប្រជាជន និង​រវាង​ខេត្ត​នៃ​ប្រទេស​ទាំង​ ២ ដែល​ពិធី​លែង​កូន​ត្រី​ប្រព្រឹត្ត​ទៅ​នៅ​វេទិកា​អុំទូក​ខេត្ត​ក្នុង​បរិវេណ​បឹងស្នោ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។

ជាមួយ​គ្នា​នេះ​លោក ប៉ែន កុសល្យ បាន​អនុញ្ញាត​ឱ្យ​ព្រះ​អនុគណ​ស្រុក​ភូស៊ីង ខេត្ត​ស៊ីសាកេត ដងែ្ហ​ទៀន​ព្រះវស្សា​អម​ដោយ​ព្រះសង្ឃ មន្ត្រីរាជការ ប្រជា​ពុទ្ធបរិស័ទ​ថៃ ស្រុក​ភូស៊ីង​ជាច្រើន អង្គ​នាក់ នាំយកមក​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ប្រាសាទ​រាជា​សំរោង​ផងដែរ​។ លោក ហេង គីមគង់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ប្រទេស​ទាំង​ ២ កម្ពុជា និង​ថៃ ត្រូវ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​គ្នា​។

លោក​ថ្លែងថា​៖ «​កម្ពុជា​គួរតែ​ស្នើឱ្យ​ប្រទេស​ថៃ​ផ្តល់​ឱកាស​អប់រំ និង​វិជ្ជាជីវៈ​បន្ថែមទៀត​ដល់​យុវជន​កម្ពុជា​ ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​រវាង​ប្រទេស​ទាំង ​២»៕