
យុវតី ឈឿន សំណាង ពេលកំពុងយកជើងសរសេរអក្សរកាលពីខែសីហា ថ្មីៗកន្លងទៅនេះ ។ ហុង មិនា
ភ្នំពេញៈយុវតី ឈឿន សំណាង ពិតជាមានវិប្បដិសារៈតាំងពីកំណើតមកម្ល៉េះដោយសារតែខ្លួនពិការដៃទាំងសងខាងហើយរូបនាងក៏ធ្លាប់គិតថាជីវិតខ្លួនគ្មានន័យទៀតផង។ប៉ុន្តែបន្ទាប់ពីបានទទួលដំបូន្មានល្អៗពីឪពុកម្តាយ និងមិត្តភក្តិនៅជុំវិញខ្លួន ជាពិសេសខ្លួននាងផ្ទាល់បានខិតខំតស៊ូពុះពារគ្រប់ការលំបាកដោយបង្វឹកប្រើប្រាស់ជើងទាំង ២ របស់នាងដើម្បីចាប់កាន់និងធ្វើការងារជំនួសឱ្យដៃបានយ៉ាងស្ទាត់ជំនាញរហូតបច្ចុប្បន្ននាងបាននិងកំពុងរៀនថ្នាក់ទី៩ នៃវិទ្យាល័យព្រែកលៀបផងដែរ។
ដោយនៅលើផ្ទៃមុខមិនសូវជាស្រស់ថ្លានិងស្រពាប់ស្រពោន ដោយម្តងដើរផ្អៀង ម្តងដើរចំកោងខ្លួនម្ខាងដោយសារតែជើងទាំង២ដើរមិនរាបដល់ដីនិងសូម្បីតែប្រអប់ជើងទាំង២ក៏កោងខុសពីក្មេងដទៃដែលកាយសម្បទាមិនមាំមួននោះ យុវតី ឈឿនសំណាង អាយុ១៦ឆ្នាំដែលកំពុងអង្គុយនៅក្នុងបន្ទប់រៀនបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នាងមានឪពុកម្តាយរស់នៅភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នាងជាកូនទី៧ក្នុងចំណោមបងប្អូន៨នាក់(ប្រុស៣នាក់និងស្រី៥នាក់) និងមានតែរូបនាងម្នាក់ប៉ុណ្ណោះដែលមានកាយសម្បទាមិនគ្រប់លក្ខណៈ។
ឈឿន សំណាង បានរៀបរាប់ថា ឈានចូលដល់វ័យ២ឆ្នាំ រូបនាងត្រូវបានឪពុកម្តាយបង្រៀនឱ្យយកជើងកៀបស្លាបព្រាដួសបាយ និងដួសសម្លហូប ព្រមទាំងបង្វឹកឱ្យធ្វើអ្វីផ្សេងៗតែនឹងជើង រហូតដល់ចេះកៀបប៊ិក តែសរសេរបានតែជើងឆ្វេង។
ទន្ទឹមនឹងនេះនាងចេះធ្វើការងារផ្ទះបានមួយចំនួនដូចជា បោកខោអាវ ដាំបាយស្ល លាងឆ្នាំង លាងចាន បត់ខោអាវ ពោលគឺកិច្ចការអ្វីៗនៅក្នុងផ្ទះនាងអាចធ្វើបានទាំងអស់។ប៉ុន្តែបើទោះជាយ៉ាងនេះក្តីក៏នាងពិតជាមានភព្វវាសនាអាក្រក់ ព្រោះតែនាងកើតមកគ្មានដៃទាំងសងខាងពីកំណើត។ រីឯជើងទាំង២ក៏ខូចទៀត ប៉ុន្តែអាចដើរ និងប្រើប្រាស់បានជំនួសឱ្យដៃរបស់នាង។
នាងក៏ធ្លាប់រងការប្រមាថមាក់ងាយពីសំណាក់ក្មេងៗគ្នាឯង ហើយការមាក់ងាយទាំងនេះនាងក៏មានអារម្មណ៍ខឹងនឹងគេដែរ ព្រោះអីខ្លួននាងពិការដូច្នេះមែន។ប៉ុន្តែនាងខំព្យាយាមពង្រឹងស្មារតីនិងរម្ងាប់អារម្មណ៍ខ្លួនឯងឈប់ប្រកាន់ខឹងនឹងការនិយាយមិនល្អពីអ្នកដទៃមកលើរូបនាង។
ឈឿន សំណាង និយាយថា៖«ករណីនេះខ្ញុំមិនខឹង មិនតូចចិត្តទេ ព្រោះខ្លួនយើងពិការមែន។ ខ្ញុំគិតហើយថា នឹងរៀនត្រឹមតែថ្នាក់ទី១២ទេ នឹងរកការងារធ្វើហើយ ព្រោះដើម្បីជួយរកលុយសម្រាលបន្ទុកក្នុងគ្រួសារ កុំឱ្យឪពុកម្តាយខ្ញុំពិបាកពេក។ ខ្ញុំចង់ធ្វើការអង្គុយវាយកុំព្យួរទ័រក្នុងការិយាល័យ ខ្ញុំមិនអាចធ្វើការងារផ្សេងពីនេះបានទេ»។
លោក ឱក ឈឿន ជាឪពុកបង្កើតរបស់ក្មេងស្រីឈឿន សំណាង បាននិយាយទាំងអួលដើមកជាមួយនឹងតំណកទឹកភ្នែកថា កាលពីនាងនៅតូចអាយុទើបបានជាង១ខួប ហើយដោយគិតក្នុងចិត្តថា កុំឱ្យលំបាកទៅថ្ងៃមុខនោះ លោកក៏បានយកកូនស្រីរបស់លោក (ឈឿនសំណាង) ទៅដាក់នៅមណ្ឌលនៃអង្គការ១កន្លែងនៅម្តុំរមណីយដ្ឋានវត្តភ្នំ។ ពេលនោះអង្គការបានយកនាងទៅចិញ្ចឹមបានប្រហែលជាកន្លះខែទើបលោកទៅសុំអង្គការយកកូនមកផ្ទះវិញ ព្រោះលោកអាណិតកូនមិនអាចធ្វើបែបនេះបានទេ។នាងត្រូវបានអង្គការដាក់ឈ្មោះឱ្យថា[រ័ត្នស្រីពុធ]ហើយពេលដែលលោកយកនាងមករស់នៅជាមួយលោកវិញគឺលោកបានប្តូរទៅជាឈ្មោះឈឿន សំណាង ដោយដាក់តាមត្រកូលរបស់លោកវិញ។
លោកថ្លែងថា៖«ដោយសារគាត់មានសំណាងព្រោះកាលពីមុនមកខ្ញុំគិតថា គាត់មិនអាចរស់នៅជាមួយខ្ញុំបានទេ។គាត់មានភព្វវាសនាជាមួយខ្ញុំដែលអាចនិយាយបានតាមជំនឿថា ឈាមរត់រកឈាម អ៊ីចឹងខ្ញុំមានទឹកចិត្តអាណិតកូន។បើទោះជាលំបាកវេទនាយ៉ាងណាក្តី ក៏ខ្ញុំត្រូវតែតស៊ូចិញ្ចឹមកូនម្នាក់នេះឱ្យអស់ពីសមត្ថកិច្ចខ្ញុំ។ គាត់ពិការអ៊ីចឹងមានអារម្មណ៍ឆាប់ខឹងបន្តិច តែខ្ញុំអាណិតកូនខ្ញុំណាស់ ព្រោះកូនខ្ញុំពិការដៃ»។
លោកបន្តទៀតថា ឆ្នាំនេះកូនរបស់លោកមានអាយុ១៦ឆ្នាំហើយ ហើយដោយសារតែនាងខិតខំហាត់ប្រើប្រាស់ជើងរបស់នាងតាំងពីតូចមកនោះទើបពេលនេះកូនរបស់លោកអាចធ្វើកិច្ចការផ្ទះបានមួយចំនួនធំ រួមទាំងវាយកុំព្យួរទ័រដោយប្រើតែម្រាមជើងទេ។ ចំពោះការធ្វើដំណើរមករៀននៅសាលាវិញគឺលោកជាឪពុកត្រូវចំណាយពេលឌុបកូនទាំងទៅ ទាំងមក ហើយបើពេលណាលោកមានការងាររវល់ខ្លាំងគឺលោកឱ្យកូនបើកម៉ូតូឌុបនាងមកទៅផ្ទះជំនួសលោកបាន។
ពាក់ព័ន្ធនឹងជំនឿផ្លូវធម៌វិញ ព្រះអង្គ ម៉ា ធារី ព្រះចៅអធិការវត្ត ឫស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញមានថេរដីកាប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រការដែលបុរសជាឪពុកដែលពីដំបូងឡើយឃើញកូនស្រីប្រសូតមកគ្មានដៃហើយយកទៅឱ្យអង្គការចិញ្ចឹម តែក្រោយមកបានសុំពីអង្គការយកមកចិញ្ចឹមវិញដែលគាត់បានពោលពាក្យថា ដោយសារតែបុរសជាឪពុកគិតថា ប្រសិនបើយកកូនទៅដាក់នៅក្នុងមណ្ឌល ហើយគាត់មិនមើលថែរក្សាគឺហាក់បីដូចគាត់ជាឪពុកគ្មានព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា ករុណា មុតិតា និងឧបេក្ខា។ ជាមួយគ្នានេះដែរ បុរសនោះគិតថា គាត់នៅមានសមត្ថភាពរកលុយកាក់អាចដោះស្រាយក្នុងជីវភាពគ្រួសារដែលអាចមើលថៃចិញ្ចឹមជីវិតកូនម្នាក់នោះបានដែរ។
ព្រះអង្គមានថេរដីកាបញ្ជាក់ថា៖«គាត់យកកូនទៅដាក់នៅក្នុងមណ្ឌលហាក់ដូចជាគាត់ហ្នឹងមិនទទួលខុសត្រូវក្នុងលក្ខណៈដែលគាត់ជាឪពុកបានបង្កើតកូនមក។ នេះហើយដែលហៅថា ឪពុកមានព្រហ្មវិហារធម៌ទាំង៤ដែលមិនបោះបង់កូនចោល ជាអ្នកដែលមានភាពតស៊ូបែបនេះគឺមិនខុសអីទេ»។
ដោយឡែកអ្នកគ្រូ សូ វិចិត្រ ជាគ្រូប្រឹក្សាអាជីពនៃសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពីមុនយុវតីឈឿន សំណាង ជាសិស្សរៀននៅសាលាបឋមសិក្សាព្រែកលៀបហើយនាងបានប្រឡងជាប់ចូលរៀនថ្នាក់ទី៧ដែលចាប់តាំងពីពេលនោះមក សំណាងសិក្សានៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀបរហូត។សំណាងគឺជាក្មេងម្នាក់ដែលមានភាពរួសរាយរាក់ទាក់តស៊ូ ហើយចេះអត់ធ្មត់ក្នុងការសិក្សា ហើយចំពោះលទ្ធផលនៃការសិក្សារបស់នាងវិញក៏ទទួលបានលទ្ធផលល្អដូចអ្នកមានដៃធម្មតាដែរ។
អ្នកគ្រូថ្លែងថា៖«សំណាងគាត់ជាក្មេងម្នាក់ដែលរួសរាយរម្យទមហើយអត់ធ្មត់ក្នុងការងារធ្វើការ។បើទោះបីជាមានកំហុសតិចក្តី ក៏ប៉ុន្តែគាត់មិនមែនជាក្មេងមួយដែលធ្វើឱ្យយើងពិបាកក្នុងការគ្រប់គ្រងគាត់ឬក៏ផ្តល់ជាបន្ទុកអីឱ្យដល់លោកគ្រូ អ្នកគ្រូឬក៏មិត្តរួមថ្នាក់ដែរ។គាត់ពិការដៃមែន តែគាត់ប្រើជើងក្នុងការសរសេរនិយាយទៅរាល់កិច្ចការទាំងអស់គឺគាត់ប្រើជើងរបស់គាត់សម្រាប់បំពេញតម្រូវការរបស់គាត់»។
បើតាមអ្នកគ្រូ យុវតីឈឿន សំណាង គ្មានដៃដើម្បីកាន់ប៊ិកសរសេរបានទេ ប៉ុន្តែនាងបានប្រើប្រាស់ជើងទាំង២របស់នាងប្រើជំនួសឱ្យដៃគាត់មានសមត្ថកិច្ចភាពខ្ពស់ក្នុងការវាយកុំព្យួរទ័របានយ៉ាងស្ទាត់ជំនាញ។ពោលគឺរាល់កិច្ចការសព្វសារពើទាំងអស់គឺគាត់ប្រើជើងរបស់គាត់សម្រាប់បំពេញតម្រូវការរបស់គាត់បាន។
អ្នកគ្រូបានបន្ថែមថាជាធម្មតាបើយើងមានកាយសម្បទាគ្រប់គ្រាន់គឺប្រើកៅអី១អង្គុយសរសេរនៅលើតុ ប៉ុន្តែចំពោះសំណាងវិញ មិនអាចប្រើតុដើម្បីសរសេរដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់បានទេ តែនាងប្រើតុ២ដើម្បីសរសេរ។ពេលខ្លះសំណាងអង្គុយផ្ទាល់នឹងឥដ្ឋការ៉ូសរសេរអក្សរតែម្តង ប៉ុន្តែមួយរយៈពេលចុងក្រោយនេះគឺឈឿន សំណាង មិនបានមកសាលារឿនបានទៀងទាត់ទេ ដោយសារតែគាត់មានបញ្ហាសុខភាព ព្រោះនាងឧស្សាហ៍ឈឺច្រើន តែបញ្ហានេះមិនបានប៉ះពាល់ដល់ការសិក្សារបស់គាត់ឡើយ៕