
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) និងលោ សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងមន្ត្រីគណបក្សផ្សេងទៀត។ ហុង មិនា
ភ្នំពេញៈ គណបក្សភ្លើងទៀន នៅតែមិនទាន់បង្ហាញឆន្ទៈនយោបាយផ្លូវការណាមួយ ក្នុងគម្រោងចងសម្ព័នភាពនយោបាយ ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា មានគម្រោងបង្កើតសម្ព័នភាពនយោបាយនេះ ឱ្យបានមុនខែតុលាខាងមុខនេះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣។
ទោះបី គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងដាក់លិខិតជាលើកទី ២ ស្នើសុំជួបដោយ ផ្ទាល់ជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅពេលឆាប់ ៗ ខាងមុខនេះ ដើម្បីពិភាក្សាពីរឿងចងសម្ព័ន្ធភាពនយោបាយឆ្នាំ ២០២៣ ប៉ុន្តែគណបក្សភ្លើងទៀននៅតែមិនទាន់ឆ្លើយតប ដោយហេតុផល កំពុងរវល់រៀបចំរចនាសម្ព័ន្ធគណបក្សនៅឡើយ។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិតេយ្យមូលដ្ឋាន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែកញ្ញា ថា គោលបំណងនៃ ការចងសម្ព័ន្ធភាពនយោបាយឆ្នាំ ២០២៣ របស់គណបក្សក្រៅរដ្ឋាភិបាលមិនទាន់ទទួលបានលទ្ធផលជាផ្លូវការនៅឡើយទេ បើទោះបីតាមផែនការកំណត់នៃការចងសម្ព័ន្ធនេះធ្វើឱ្យរួចរាល់ នៅខែតុលា ឆ្នាំ ២០២២ នេះ។
លោកបន្តថា គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា បានឆ្លើយមកវិញជាវិជ្ជមានក្នុងគោលដៅធ្វើសម្ព័ន្ធភាពនយោបាយ ប៉ុន្តែគណបក្សភ្លើងទៀននៅតែមិនទាន់អាចឆ្លើយតបបាន។
លោក សុធារ ថ្លែងថា៖ «និយាយរួម គាត់ (គណបក្សភ្លើងទៀន) ចង់សហការ ប៉ុន្តែ រួបរួមក្រោមរូបភាព ណាមួយនោះ នឹងបន្តជជែកគ្នាថែមទៀត»។
លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែកញ្ញាថាផែនការចងសម្ព័ន្ធភាពនយោបាយ ឆ្នាំ ២០២៣ រហូតមកទល់ពេលនេះ មិនទាន់មានវឌ្ឍនភាព និងជំហានវិជ្ជមាននោះទេ ដោយសារតែ គណបក្សនីមួយៗ កំពុងតែរវល់រៀបចំការងារផ្ទៃក្នុងរបស់គណបក្ស។
លោកថ្លែងថា៖« ចំពោះបញ្ហារួបរួម ឬសម្ព័ន្ធភាពណាមួយ នៅមុនថ្ងៃបោះឆ្នោតឆ្នាំ ២០២៣ នឹងអាចមាន ប៉ុន្តែវាមិនអាចឆាប់ដូចការរំពឹងទុកនោះទេ»។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែកញ្ញាថា គណបក្សភ្លើងទៀន កាលពីកន្លងមកនេះ ក៏ទទួលបានលិខិតពីគណបក្សប្រជាធិតេយ្យមូលដ្ឋានម្តងរួចហើយពាក់ព័ន្ធនឹងការចងសម្ព័ន្ធភាពនយោបាយ ២០២៣ នេះ ហើយក៏បានឆ្លើយតបរួចហើយដែរ។
លោកបន្តថា៖ «គណបក្សភ្លើងទៀន យល់ថា ពេលវេលានេះ មិនគួរនិយាយពីបញ្ហាចងសម្ព័ន្ធភាព (ទេ) ប៉ុន្តែអ្វីដែលត្រូវធ្វើ គឺគណបក្សត្រូវការរៀបចំផ្ទៃក្នុង និងរចនាសម្ព័ន្ធរបស់គណបក្ស ឱ្យមានរបៀបរៀបរយ និងត្រឹមត្រូវ»។
លោកថ្លែងថា៖ « យើងយល់ពីបំណងរបស់គណបក្សប្រជាធិតេយ្យមូលដ្ឋាន ច្បាស់លាស់ ហើយបំណងរបស់គាត់ យើងយល់ថា យើងមិនទាន់អាចពិចារណាកើត នៅពេលនេះ។ ប៉ុន្តែ នៅពេលដែលយើង រៀបចំរចនាសម្ព័ន្ធ និងផ្ទៃក្នុងរួចហើយ យើងនឹងជជែកជាមួយថ្នាក់ដឹកនាំ ថាទៅមុខទៀត ទិសដៅ យើងនឹងធ្វើអ្វី ហើយការចូលរួមជាមួយគណបក្សដទៃ គួរជ្រើសរើសផ្លូវណា»។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍លើបច្ចុប្បន្នភាពនយោបាយនិងការសម្របសម្រួលសម្ព័ន្ធភាពនយោបាយ ២០២៣ កាលពីថ្ងៃទី ៥ ខែកញ្ញា ឱ្យដឹងថា លោកនឹង ខិតខំសម្របសម្រួលដើម្បីឱ្យមានការសហការគ្នារវាងគណបក្សនយោបាយ ដែលមានគោលដៅរួមដូចគ្នាគឺការកសាងប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះគ្មានបក្សណាមួយអាចបានអាសន:លើសពី ៥០+១ ទេ សម្រាប់ការបោះឆ្នោត ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «សម្ព័ន្ធភាពនយោបាយ ២០២៣ នឹងនាំមកនូវការដឹកនាំប្រជាធិបតេយ្យសេរីពហុបក្សដើម្បីផលប្រយោជន៍រួមរបស់ជាតិខ្មែរ និង អំណាចសេរីពហុបក្សក្នុងសភាជាតិ»។
គណបក្សប្រជាធិតេយ្យមូលដ្ឋានធ្លាប់បានស្នើជម្រើស ដូចជា ការចែកមណ្ឌលគ្នាឈរឈ្មោះ ការរួមគ្នាឈរឈ្មោះក្រោមឆត្របក្សដែលមានស្រាប់ណាមួយ និងការរួមគ្នាបង្កើតបក្សថ្មីមួយ សម្រាប់សម្ព័ន្ធភាពនយោបាយឆ្នាំ ២០២៣ រវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល ដែលមាននិន្នាការស្រដៀងគ្នាដើម្បីចូលរួមការបោះឆ្នោតសភាជាតិឆ្នាំ ២០២៣៕