​ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជំរុញ​ឱ្យ​វិស័យ​ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​កំណើន​មនុស្ស​ចាស់​ដែល​អាច​នឹង​កើន​ដល់ ២១ ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ឆ្នាំ​ ២០៥០ បន្ទាប់ពី​រដ្ឋាភិបាល​គ្មាន​គោលការណ៍​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​នេះ​គ្រប់គ្រង​ដោយ​រដ្ឋ​នោះទេ​។​

ការជំរុញ​បែបនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការមើល​ថែទាំ​មនុស្ស​ចាស់ ដែលមាន​អ្នកចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ជាពិសេស​យុវជន​ប្រមាណ ៣០០ នាក់ នៅ​សណ្ឋាគារ​ភ្នំពេញ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​អំពី​ជំនាញ​ថ្មី​នេះ​។​

លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សេវា​សង្គម​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អ្នកជា​នាំពាក្យ​ក្រសួង បាន​ថ្លែងថា ក្រសួង​សង្គមកិច្ច បាន​បង្កើត​មជ្ឈមណ្ឌល​គាំពារ​មនុស្ស​ចាស់ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​ថែទាំ​មនុស្ស​ចាស់​។ លោក​បន្តថា ការបង្កើត​មជ្ឈមណ្ឌល​នេះ គឺ​មិន​មែនមាន​គោលដៅ​ក្នុងការ​ចិញ្ចឹម​មនុស្ស​ចាស់​នោះទេ​។

ដូច្នេះហើយ លោក រំពឹងថា វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ អាច​នឹងចូលរួម​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា ដើម្បី​បំពេញតម្រូវការ​ក្នុងពេល​ខាងមុខ ព្រោះ​រដ្ឋាភិបាល​គ្មាន​គោលការណ៍​ក្នុង​ការបើក​មជ្ឈមណ្ឌល​នេះ​គ្រប់គ្រង​ដោយ​រដ្ឋ​នោះ​ទេ ស្រប​ពេលដែល​មជ្ឈមណ្ឌល​ប្រភេទ​នេះ នៅ​មិនទាន់មាន​នៅឡើយ​នៅ​កម្ពុជា​។​

លោកបាន​បញ្ជាក់ថា​៖ «​‍​រដ្ឋាភិបាល​យើង មិនមាន​លទ្ធភាព​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ចិញ្ចឹម​មនុស្ស​ចាស់​នោះទេ ព្រោះ​កម្ពុជា មាន​មជ្ឈមណ្ឌល​ជាច្រើន ហើយ​និន្នាការ​របស់​អង្គការសហប្រជាជាតិ គឺ​មិន​ចង់ឱ្យ​បង្កើត​មណ្ឌល​នោះទេ​។ ប៉ុន្តែ​ក្រសួង​សង្គមកិច្ច ក៏ដូចជា​រដ្ឋាភិបាល ជំរុញ​ឱ្យ​វិស័យ​ឯកជន ឬក៏​ដៃគូរ​អភិវឌ្ឍន៍ ចូលរួម​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​នេះ​។ មនុស្ស​ចាស់ ត្រូវតែ​ទទួលបាន​ការថែទាំ តាមរយៈ​មណ្ឌល​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ អ៊ីចឹង បើ​អង្គការ​ណា ឬ​ដៃគូ​ណា គាត់​ចង់​បើក​មណ្ឌល​ចិញ្ចឹម​មនុស្ស​ចាស់ គឺ​យើង​លើកទឹកចិត្ត​»​។​

តាម​ការអះអាង​របស់​ក្រសួង​សង្គមកិច្ច បានឱ្យដឹងថា នៅ​ឆ្នាំ ២០១៥ ប្រជាជន​វ័យចាស់ ក្នុងប្រទេស​កម្ពុជា​ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង មាន​ចំនួន ១,៣ លាន​នាក់ ឬ​ស្មើនឹង ៨, ៣ ភាគរយ​នៃ​ប្រជាជន​សរុប ហើយ​ចំនួន​នេះ នឹង​កើន​ឡើងដល់ ១១,០១ ភាគរយ នៅ​ឆ្នាំ ២០៣០ ព្រមទាំង​កើនឡើង​ដល់ ២១ ភាគរយ នៅ​ឆ្នាំ ២០៥០​។

លោក តូច ចាន់នី បាន​អះអាងថា មូលហេតុ​ដែល​ធ្វើឱ្យមាន​ការប្រែប្រួល​នេះ​កើនឡើង គឺ​ដោយសារតែ​អត្រា​នៃ​លទ្ធភាព​បង្កើតកូន​មានការ​ថយចុះ និង​ភាពប្រសើរឡើង​នៃ​អាយុ​សង្ឃឹមរ​ស់មាន​ការកើនឡើង​។ ក្នុងនោះ​លោកបាន​បញ្ជាក់ថា​៖«​លទ្ធភាព​មានកូន សរុប​ថយចុះ​ពី​ ៥,៧​ ភាគរយ​នៅ​ឆ្នាំ​ ១៩៩០ មក​នៅត្រឹមតែ ​២,៥​ ភាគរយ នៅ​ឆ្នាំ​ ២០១៩​។ ចំណែកឯ​អាយុ​សង្ឃឹម​រស់ បាន​កើនឡើង​ពី​ ៥៤ ​ឆ្នាំ​ សម្រាប់​បុរស និង​ ៥៨​ ឆ្នាំ​ សម្រាប់​ស្ត្រី នៅ​ឆ្នាំ​១៩៩៨ ដល់​ ៧៤,៣ ឆ្នាំ​សម្រាប់​បុរស និង​ ៧៦,៨ ​ឆ្នាំ​សម្រាប់​ស្ត្រី​នៅ​ឆ្នាំ​ ២០១៩»​។

​លោក Kondo Yoshio នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ប្រូ​ខេ​ស របស់​ជប៉ុន បាន​មើលឃើញថា វិស័យ​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា នៅ​មិនទាន់មាន​ភាពទូលំទូលាយ​នៅឡើយ​ទេ ខណៈ​វិស័យនេះ កំពុងមាន​ការកើនឡើង​នូវ​តម្រូវការ​នៅក្នុង​ប្រទេស​ផ្សេងទៀត ទាក់ទង​នឹង​ការថែទាំ​មនុស្ស​ចាស់​។​

លោកបន្តថា នៅក្នុង​ប្រទេស​ជប៉ុន គឺមាន​ការប្រកួតប្រជែង​ខ្លាំង ទាក់ទង​នឹង​វិស័យ​ថែទាំ​មនុស្ស​ចាស់​នេះ ដើម្បី​ធ្វើការ​ឆ្លើយតប និង​ទទួលយក​ធនធានមនុស្ស​ចាស់​ដែលមាន​ការកើនឡើង ហើយ​បច្ចេកទេស​នៃ​ការថែទាំ​មនុស្ស​ចាស់ គឺត្រូវបាន​ចាត់ទុកជា​បច្ចេក​ទេស​លំដាប់​កំពូល​នៅក្នុង​ពិភពលោក​។​

លោកបាន​បញ្ជាក់ថា​៖ «​ដើម្បី​ប្រទេស​កម្ពុជា កាន់តែ​មានការ​អភិវឌ្ឍ សម្រាប់​ខ្ញុំ គឺ​ពិតជា​ចង់​ត្រួសត្រាយ​បើកផ្លូវ ដើម្បី​បណ្តុះបណ្តាល​ធនធាន​ជំនាញ​ថែទាំ​ផ្នែក​មនុស្ស​ចាស់​នៅក្នុង​ប្រទេស​កម្ពុជា​ណាស់​។ ខ្ញុំសង្ឃឹមថា សិក្ខាសាលា​ក្នុងថ្ងៃនេះ នឹង​ជួយ​អ្នក​ឱ្យមាន​ការយល់ដឹង​អំពី​ការថែទាំ​មនុស្ស ហើយ​អ្នក​ទាំងអស់គ្នា នឹង​ចាប់អារម្មណ៍ ព្រមទាំង​អាច​ទទួលបាន​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធ​ខ្លះ​អំពី​ការថែទាំ​មនុស្ស​ចាស់​»​។​

កញ្ញា អុល សុ​ត​លី និស្សិត​ឆ្នាំ​ទី៣ ផ្នែក​គិ​លា​នុប​ដ្ឋា​យិ​កា​នៅ​សាលា​វេជ្ជសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ក្នុងការ​បណ្តុះបណ្តាល​ពី​វិធី​ថែ​ទាំមនុស្ស​ចាស់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅ​កម្ពុជា មនុស្ស​ចាស់​ជាច្រើន​មិន​ទទួលបាន​ការថែទាំ​ដិតដល់​ពី​ក្រុមគ្រួសារ​នោះទេ​។ កញ្ញាបន្តថា ការដែល​កម្ពុជា មាន​ធនធាន និង​មជ្ឈមណ្ឌល​ថែទាំ​សម្រាប់​មនុស្ស នឹង​ធ្វើឱ្យ​គ្រួសារ​មួយចំនួន ដែលមាន​លទ្ធភាព អាច​ផ្តល់​ជំនឿ​ទុកចិត្ត​ក្នុងការ​ផ្តល់​ការថែទាំង​ទៅដល់​ឪពុក​ម្តាយ​របស់​ពួកគេ​បានល្អ​ប្រសើរ​។​

​កញ្ញាបាន​បញ្ជាក់ថា​៖ «​បើសិនជា​យើង​មាន​សេវា និង​មណ្ឌល​ថែ​ទាំមនុស្ស​ចាស់ គឺ​កាន់តែ​ល្អ ដើម្បី​មនុស្ស​ចាស់​ទាំងអស់ គាត់​មាន​ការថែទាំ​បានល្អ ព្រោះ​នៅពេល​គាត់​នៅ​ម្នាក់ឯង ហើយ​អត់​មាន​អ្នកផ្ទះ​នៅ​មើលថែទាំអ៊ីចឹ​ង អាច​ប្រឈម​នឹង​គ្រោះថ្នាក់​។ មនុស្ស​ចាស់ នៅពេល​ពួកគាត់មាន​អាយុ​កាន់តែច្រើន គឺ​សរី​រាង្គ​របស់គាត់ មិនអាច​ធ្វើ​ការងារ​មួយចំនួន បាន​ខ្លួនឯង​ទេ​»​។​

​បច្ចុប្បន្ន ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កំពុង​បន្ត​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យចាស់ ឆ្នាំ​ ២០១៧ ដល់ ២០៣០ ឱ្យមាន​លក្ខណៈ​ល្អប្រសើរ តាមរយៈ​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០១៥ បន្ទាប់ពី​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​គោលនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត និង​បាន​បង្កើត​យន្តការ​ជាច្រើន ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់​របប​គោលនយោបាយ សម្រាប់​សេវា​សង្គមកិច្ច​ចំពោះ​មនុស្ស​វ័យចាស់​។

​ជាមួយគ្នានេះដែរ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​បង្កើត​សមាគម​មនុស្ស​ចាស់​ឱ្យបាន​ចំនួន​ ១ ៦៤៦​ ឃុំ សង្កាត់ នៅក្នុង​រាជធានី ខេត្ត​ទូទាំងប្រទេស សំដៅ​ជួយ​ដោះស្រាយ​ការលំបាក​របស់​មនុស្ស​វ័យចាស់ និង​ជួយ​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​ការអះអាង​របស់​លោក តូច ចាន់នី នៅក្នុង​សិក្ខាសាលា​៕