ភ្នំពេញៈ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ព្រមាន​ថា នៅ​ចន្លោះ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ឬ ដើម​សប្ដាហ៍​ខាងមុខ បណ្ដា​ខេត្ត​មួយចំនួន ដែល​ស្ថិតនៅក្នុង​តំបន់​ទី​ទំនាប​ជាប់​ផ្លូវទឹក និង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ជួរ​ភ្នំ​និង​ខ្ពង់រាប អាច​នឹង​ប្រឈម​បញ្ហា​គ្រោះទឹកជំនន់​ទឹកភ្លៀង​ជាថ្មី​ម្ដងទៀត​។

ការព្រមាន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ធ្វើឡើង​បន្ទាប់ពី​ពិនិត្យឃើញ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូស​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម បាន​រំកិល​ចុះមក​ក្រោម​ហើយ​បង្កើន​ឥទ្ធិពល​មក​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ខ្យល់មូសុង​និរតី កំពុង​បង្កើនល្បឿន​និង​កម្លាំង​បក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

យោងតាម​ស្ថានភាព​នេះ ក្រុមមន្ត្រី​ជំនាញ​ផ្នែក​អាកាសធាតុ​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករ​ថា ចាប់ពី​ថ្ងៃទី​ ៧​ ដល់​ថ្ងៃទី​ ១៣ ខែ កញ្ញា ឆ្នាំ​ ២០២២​ បណ្ដា​ខេត្ត​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ជាប់​តំបន់ភ្នំ​ និង​ខ្ពង់រាប ព្រមទាំង​ទី​ទំនាប​ជាប់​ផ្លូវទឹក រួមមាន ខេត្តព្រះវិហារ រតនគិរី កំពង់ធំ ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តកំពង់ស្ពឺ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ខណៈ​ខេត្ត​នៅជាប់​តំបន់​មាត់សមុទ្រ រួមមាន ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្តកោះកុង នឹងមាន​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ធំៗ​កើតឡើង។

​តាមរយៈ​ការព្យាករនោះ​ក្រសួង​បាន​គូសបញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃទី​ ៦-៩ ខែកញ្ញា​នេះ ផ្នែក​ខ្លះ​នៃ​បណ្ដា​ខេត្ត​មួយចំនួន​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​តំបន់​ទំនាប​ជាប់​ផ្លូវទឹក តំបន់​ជួរ​ភ្នំ​ និង​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា ដែល​អាច​បង្ក​ឱ្យ​កើតមាន​ជា​ជំនន់​ទឹកភ្លៀង ខណៈ​ផ្នែក​ខ្លះ​នៃ​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ នឹង​កើតមាន​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​និង​រលក​សមុទ្រ​ធំ ចាប់ពី​ថ្ងៃទី​ ៧-៩​ ខែកញ្ញា​នេះ ដែល​គប្បី​ត្រូវមាន​ការបង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​»​។​

ថ្វីបើ​មានការ​ព្យាករ​យ៉ាង​ដូច្នេះ​ក្ដី ស្ថានភាព​ទឹក​នៅតាម​អូរ​ព្រំដែន​កម្ពុជា​-​ថៃ គិត​ត្រឹម​ថ្ងៃទី ​៦ ខែ កញ្ញា ២០២២ គឺ​នៅ​មិនទាន់មាន​ការប្រែប្រួល ជន់​ឡើង​ជាថ្មីទៀត​នោះទេ ខណៈ​អាកាសធាតុ ផ្ទៃមេឃ​មាន​ពពក​ក្រាស់ ស្ងប់ខ្យល់ ប៉ុន្តែ​មិនមាន​ភ្លៀង​ធ្លាក់​នោះទេ​។ នេះ​បើ​យោងតាម​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​។

លោក ហ៊ុល បាន​បញ្ជាក់ថា​៖ «​ស្ថានភាព​ទឹកអូរ​ព្រំដែន​គឺ​នៅ​នឹង​ធម្មតា ស្ថិតនៅក្រោម​មាត់​អូរ [​កាច​អូរ​] ហើយ​ផ្ទៃមេឃ​ស្រឡះ​ល្អ មិនមាន​ភ្លៀង​ធ្លាក់​ទេ​។ ទោះជា​បែបនេះ​ក្ដី អាជ្ញាធរ​យើង​បាន​ត្រៀម​បង្ការ​ជាស្រេច​នូវ​កម្លាំង​និង​មធ្យោបាយ​សរុប ដើម្បី​ឆ្លើយតប​ជាបន្ទាន់ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងករណី​មាន​គ្រោះទឹកជំនន់​កើតឡើង»​។​

ស្រដៀង​គ្នា​នេះ លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ប៉ុន្មាន​ថ្ងៃនេះ​ផ្ទៃមេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​ធ្លាក់​នោះទេ​។ លោក​បាន​បន្ថែមថា តំបន់​ដែល​ងាយ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ជាងគេ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ សង្កាត់​អូរ​ស្មាច់ និង សង្កាត់​កូន​ក្រៀល ដែល​ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​ក្រុង​សំរោង​។ លក្ខណៈ​ភូមិសាស្ត្រ​នៃ​សង្កាត់​ទាំង​ ២​ នេះ មាន​លក្ខណៈ​ជា​បាតឆ្នាំង​ខ្ទះ ឬ​ជា​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ព្រោះ​ហ៊ុមព័ទ្ធ​ដោយ​កូនភ្នំ​ និង​ខ្ពង់រាប។​

លោក​ថ្លែងថា​៖ «​ទោះយ៉ាងណា​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង គឺ​មិនយូរ​នោះទេ ប៉ុន្តែ​វា​ក៏​ងាយ​បង្កឱ្យមាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ផងដែរ ក្នុងករណី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា​»​។

​ចំណែក​លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និងឧតុនិយម​ខេត្តព្រះវិហារ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ទឹកស្ទឹង​សែន ក្នុង​ក្រុង​ព្រះវិហារ មានការ​ជន់​ឡើង​បន្តិច​វិញ ដោយសារ​មាន​ភ្លៀង​ធ្លា​ក់នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទន្លេមេគង្គ ប្រទេស​ឡាវ និង​ថៃ​។ ប៉ុន្តែ​មិនទាន់​បង្ក​ជា​ទឹកជំនន់​ជន់​លិច​លំនៅឋាន​នៃ​គ្រួសារ​ប្រជាពលរដ្ឋ​ណាមួយ​នៅឡើយ​ទេ​។​

លោក​បាន​បន្តថា ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​និង​តំបន់​វាលទំនាប​ជាប់​មាត់ទឹក​ផ្សេងទៀត​នៅ​ទូទាំង​ខេត្ត ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ហើយ ព្រមទាំង​បាន​ត្រៀមកម្លាំង​និង​មធ្យោបាយ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់ ដែល​នឹង​អាច​កើតមាន​នាពេល​ខាងមុខនេះ​រួចជាស្រេច​ហើយ​។​

ការ​ហក់​ឡើង​នៃ​ទឹកស្ទឹង​សែន​ក្នុង​ខេត្តព្រះវិហារ បានធ្វើឱ្យ​ទឹកស្ទឹង​សែន​ក្នុង​ខេត្តកំពង់ធំ ដែល​នៅ​ខ្សែទឹក​ខាងក្រោម​មានការ​ហ​ក់ឡើ​ង​លើសពី​កម្រិត​កម្ពស់​ប្រកាស​ឱ្យមាន​ការ​ប្រុង​ប្រ​យ័ត្នជាថ្មី​ម្ដងទៀត​។ នេះ​បើតាម​លោក ហេ គឿន ប្រធានការិយាល័យ​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តកំពង់ធំ​។

លោក ​គឿន បាន​និយាយថា​៖ «​នៅ​រសៀល​ថ្ងៃនេះ [៦-៩- ២០២២] ទឹកស្ទឹង​សែន បាន​ជន់​ឡើង ដល់​កម្ពស់​ ១៣,៨៦ ម៉ែត្រ លើសពី​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ៣៦​ សង់ទីម៉ែត្រ​។ មកទល់ពេលនេះ ជំនន់​ទឹក​ស្ទឹងសែន និង ជំនន់​ទឹកភ្លៀង បានធ្វើឱ្យ​ខូចខាត ស្រូវ​ប្រជាកសិករ​នៅ​ទូទាំង​ខេត្ត​សរុប​ជាង ៨ ០០០​ ហិកតា»​។

​ដោយឡែក​នៅឯ​ខេត្តកោះកុង​វិញ អាជ្ញាធរ​បាន​និយាយថា នៅ​លម្ហ​សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​ដោយ​អន្លើ និង​មាន​រលក​សមុទ្រ​ធំៗ ខណៈ​នៅលើ​ដីគោក​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម ប៉ុន្តែ​មិនទាន់មាន​ផលប៉ះពាល់​ជន់​លិច​ផ្នែក​ណាមួយ​ក្នុង​ខេត្ត​នេះ​នៅឡើយ​ទេ​។

លោក សុខ សុ​ទ្ធី អភិបាលរង​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ភ្លៀង​បាន​ធ្លាក់ ​២ ​ថ្ងៃ​ជាប់​គ្នា​មកហើយ ប៉ុន្តែមិនទាន់​មានការ​ជន់​លិច​ផ្នែក​ណាមួយ​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកោះកុង​នៅឡើយ​ទេ។

លោក​ថ្លែងថា​៖ «​តាមរយៈ​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក អាជ្ញាធរ​យើង​បាន​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​បាន​ណែនាំ​ដល់​ប្រជា​នេសាទ បើ​មិនចាំបាច់ សូមឱ្យ​ផ្អាក​សកម្មភាព​នេសាទ​ជា​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយ​កថា​ហេតុ ព្រោះ​នៅក្នុង​លម្ហ​សមុទ្រ​នាពេលនេះ មាន​ខ្យល់​បក់បោក​ខ្លាំង​ដោយ​អន្លើ និង​មាន​រលក​សមុទ្រ​ធំៗ​»​។​

​យោងតាម​ទិន្នន័យដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​ ៦ ខែ កញ្ញា ឆ្នាំ ២០២២ គ្រោះមហន្តរាយ​ទឹកជំនន់ បាន​បណ្ដាលឱ្យ​មនុស្ស​ ៩ ​នាក់​ស្លាប់ ក្នុងនោះ​មាន​កុមារ​ ​៦​ នាក់ និង​ស្ត្រី​ ៣ ​នាក់ ព្រមទាំង​បង្ក​ការខូចខាត​ដំណាំ​ស្រូវ​ជាង ​១៥ ០០០ ​ហិកតា ដំណាំ​រួមផ្សំ​ជាង​ ១ ០០០​​ ហិកតា និង​លិច​ផ្ទះ​ជាង​៣​ពាន់​ខ្នង​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ជិត​ ២ ​ម៉ឺន​គ្រួសារ លិច​សាលារៀន​ ១៤​ កន្លែង វត្ត​អារាម​ ៧ ​កន្លែង ខូចខាត​ផ្លូវ​សរុប​ប្រវែង​ជាង ​៥៥​ គីឡូម៉ែត្រ​៕