​សៀមរាបៈ​​ ការ​ចុះវាស់​វែង​ក្បាល​ដី​ក្រោម​ការគ្រប់​គ្រង​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរានៅ​ក្នុង​ក្រុង​សៀម​រាប សម្រេច​បាន​លទ្ធ​ផល ​៩៨ ភាគ​រយ​ហើយ ​គិត​ចាប់​ពី​ថ្ងៃទី ២០​ ខែ​សីហា ដល់​ថ្ងៃទី​ ៥​ ខែកញ្ញា​​។ ក្រុម​ការងារ​តម្រង់​ទិស​កំពុង​ចុះ​វាស់​វែង​ក្បាល​ដី​នៅ​ក្រៅ​ក្រុង​សៀម​រាប​បន្ត​ទៀត ចំណែក​ពលរដ្ឋ​ដែល​បាន​ចាប់​ឆ្នោត​យក​ដី​ឡូ​ត៍ហើយ​មាន​ចំនួន​សុ​រប ១ ១១៧ ​គ្រួសារ​។ នេះ​បើ​តាម​លោក​ ហាយ យុង តំណាង​ក្រុម​ការងារ​តម្រង់​ទិស​ដោះ​ស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់​នៅ​តំបន់​អង្គរ​។

​លោក​ ហាយ​ យុង ​ថ្លែង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៦​ ខែកញ្ញា​ថា​៖ «​ចំពោះ​ក្រុង​សៀម​រាប​ គោល​ការណ៍​ដែល​ត្រូវ​វាស់វែង​កំណត់​អត្ត​សញ្ញាណ​ក្បាល​ដី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ ១ តំបន់​ ២ នៃ​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរាបាន​ចប់​ស្ទើ​រតែ​ទាំង​ស្រុង​ហើយ ប៉ុន្តែ​នៅសេស​សល់​បន្តិច​បន្តួច​ដែល​ម្ចាស់​គាត់​មិន​នៅ ​ហើយ​ក្រុម​ការ​ងារ​អត់​ទាន់​បាន​វាស់​វែង​»​។

​លោក​បាន​ឱ្យដឹង​ទៀត​​ថា ចាប់ពី​ថ្ងៃទី​ ២០ ខែ​សីហា ដល់​ថ្ងៃទី ៥ ខែកញ្ញា​ ​ព​លរដ្ឋ​ដែល​យល់ព្រម​ចាប់​ឆ្នោត​ ដើម្បី​បាន​ដី​តាំង​លំនៅ​ឋាន​នៅ​តំបន់​រុន​តា​ឯក​មាន​ចំនួនសរុប ​១ ១១៧ ​គ្រួសារ ​ហើយដែល​អ្នក​ទាំង​នោះ​មកពី​ភូមិ​ត្រពាំង​សេះ ភូមិ​ទក្សិណ​ខាង​ត្បូង និង​ភូមិ​វាល ​សង្កាត់​គោក​ចក និង​ភូមិ​ស្រះ​សង់​ខាង​ត្បូង ​សង្កាត់​អង្គរ​ធំ​។

​លោក ​ហាយ ​យុង បានបញ្ជាក់​ថា ជា​ការគិត​គូ​រដល់​សុខ​ទុក្ខប្រជា​ពលរដ្ឋ​នៅក្នុ​ង​រដូវ​វស្សា​នេះ​ ជាគោល​ការណ៍​ថ្នាក់​ដឹកនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រុះរើ​តូប​ទៅ​ជា​មុន​សិន ចំណែក​សំណង់​ផ្សេងៗ​មួយ​ចំនួន​ដែល​មាន​ការ​ពិបាក​ក្នុង​ការរុះរើ​អាច​ធ្វើ​នៅពេល​ក្រោយ ​ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ លោ​កថា​ មាន​ពលរដ្ឋ​ជា​ច្រើនដែល​បាន​ចាប់​ឆ្នោត​យក​ទីតាំង​ហើយ​នោះ បាន​​រុះរើ​ចេញ​ទៅ​ជា​បណ្តើរៗ​ ជា​ពិសេស​ពលរដ្ឋ​នៅ​ក្បែរ​ប្រាសាទ​បន្ទាយ​ក្តី ស្រះ​ស្រង់​ខាង​ត្បូង និង​នៅ​ខាង​ត្បូង​អង្គរ​វត្ត​បាន រុះរើ​រួចរាល់​ទាំង​ស្រុង​ហើយ ។ ដោយ​ឡែក ​ក្រុម​ការងារ​រៀបចំ​ដី​ឡូ​ត៍​តំបន់​រុន​តា​ឯក​បាន​បោះ​បង្គោល​ព្រំដីនិង​ស្លាក​លេខ​ដី​ឡូ​ត៍​បាន​ចំនួន​សរុប​ប្រមាណ​ ២ ០០០ ក្បាល​ដី​ផង​ដែរ​។

​ពាក់​ព័ន្ធ​នឹង​ការរៀប​ចំលំនៅ​ឋាន​នៅ​តំបន់​រុន​តា​ឯក​នេះ​ដែរ លោក ​ឡេង ណា​វ៉ាត្រា អគ្គនា​យក​ក្រុម​ហ៊ុនហ្គា​ឡាក់​ស៊ី ណា​វ៉ាត្រា និង​បុរី ឡេង ​ណា​វ៉ា​ត្រា បាន​ឱ្យដឹង​នៅ​ថ្ងៃទី ៦ ​ខែកញ្ញា តាមរយៈ​ហ្វេ​ស​ប៊ុក​ថា លោក​យល់​ព្រម​ចូលរួម​ផ្តល់​ផ្ទះ​គំរូ​ចំនួន ២​០ ខ្នង ​ជូន​រាជរដ្ឋាភិ​បាល​ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​។

ការ​ផ្តល់​ជូន​នេះ​ធ្វើឡើង​ក្រោយ​ពេល​លោក​ឧបនាយ​ករដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូប​នីយ​កម្ម និង​សំណង់​ចូល ​Comment ក្នុង​ហ្វេ​ស​ប៊ុ​កលើ​ផេ​ក​អចលន​វត្ថុ​មួយ​ដោយ​លើក​ឡើង​ថា ​លោក​ចង់ឱ្យ​ក្រុម​ហ៊ុន​សាង​សង់​ផ្ទះ ទៅធ្វើ​ការ​ផ្សាយ​គំរូ​ផ្ទះ​នៅ​ភូមិ​រុន​តា​ឯក​ខេត្ត​សៀមរា​ប ដែល​ទីនោះ ​មាន​ប្រជា​ពលរដ្ឋទៅ​តាំង​លំនៅ​ប្រមាណ​ជាង​២ ០០០​គ្រួសារ​ដែល​ចាប់​ឆ្នោត​រួច​។

​លោក​ ឡេង ​ណា​វ៉ា​ត្រា​ ថ្លែងថា​៖ «​បុរី ឡេង​ ណា​វ៉ា​ត្រា មាន​កិត្តិយស​សូម​ចូលរួម​បរិច្ចាគ​ផ្ទះ​គំរូ​ចំនួន ២០ ខ្នង ​ជូន​រាជរដ្ឋាភិ​បាល​កម្ពុជា ដើម្បី​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក ខេត្ត​សៀមរា​ប ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ឧបនាយ​ករដ្ឋ​មន្ត្រី ជា សុផារ៉ា​»​។​

​ភ្លាមៗ​ក្រោយ​ពេល​លោក ឡេង ណា​វ៉ា​ត្រា ប្រកាស​ផ្តល់​ផ្ទះ​គំរូ​ចំនួន​ ២០ ខ្នង នៅ​រសៀល​ថ្ងៃទី ៦ ខែកញ្ញា​នេះ លោក ​ជា សុផារ៉ា បាន​ចេញ​សារ​ថ្លែង​អំណ​រគុណ​ដល់​លោក ​ឡេង ណា​វ៉ា​ត្រា ដែល​បាន​ជួយ​បរិច្ចាគ​ផ្ទះ​គំរូ​ ២០ ​ខ្នង​នោះជូន​រាជរដ្ឋា​ភិបាល ​ដើម្បី​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ធម្ម​ជាតិ​រុន​តា​ឯក ខេត្ត​សៀម​រាប​។

​សូម​រំឭកថា លោក ជា​សុផារ៉ា ប្រធាន​ក្រុម​ការងារ​តម្រង់​ទិស ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់ និង​ដីធ្លី​តំបន់​រមណីយ​ដ្ឋាន​អង្គរនិង​តំបន់​ដទៃ​ទៀត​ដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រងរ​បស់​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​គូស​បញ្ជាក់​ក្នុងពេល​បើក​យុទ្ធ​នាការ​ថា ការដោះ​ស្រាយ​បញ្ហា​សំណង់​ខុស​ច្បាប់​នេះមាន​គោលដៅ​ការពារ​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ឆ្នាំ ១៩៩២​ មាន​ទំហំ ៤០១ គីឡូ​ម៉ែត្រ​ការ៉េ ជា​តំបន់​ដែល​ចាត់​ទុកជា​សម្បត្តិ​សា​ធារណៈ​របស់​រដ្ឋ ​ត្រូវ​រក្សា​ការពារ​ដាច់​ខាត​ មិ​នអាច​កាត់​ឆ្វៀល​បាន​ឡើយ​៕