ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌមានជ័យ​ព្រមាន​ចុះ​រុះរើ និង​ដកហូត​ដោយ​មិន​ទទួលខុស​ត្រូវ​រាល់​ការបាត់បង់​ ខូចខាត​ទ្រព្យសម្បត្តិ ​និង​សម្ភារ​ផ្សេងៗ​ ដែល​ពលរដ្ឋ​ដាក់តាំង​បំពាន​លើ​ចំណីផ្លូវ​សំខាន់ៗ ដែល​បង្ក​ឱ្យ​ស្ទះចរាចរណ៍​ញឹកញាប់​ និង​លក់ដូរ​លើផ្លូវ ​ឬចិញ្ចើម​ផ្លូវ ​ដោយ​អាជ្ញាធរ​ស្នើឱ្យ​ពលរដ្ឋ​ ក៏ដូចជា​អាជីវករ​បញ្ឈប់​សកម្ម​ភាព​បំពាន​របស់ខ្លួន​ជាបន្ទាន់ ​និង​រុះ​រើចេញ​ឱ្យបាន​មុន​ថ្ងៃទី​ ១១ ខែកញ្ញា​នេះ​។

​លិខិត​ជូនដំណឹង​លើក​ទី​២ ​របស់​លោក​ហែម ដារិទ្ធិ ​អភិបាលខណ្ឌ​មានជ័យ​ ចុះ​ថ្ងៃទី​ ៥ ខែកញ្ញា ​បានឱ្យដឹងថា​ អាជ្ញាធរ​ខណ្ឌមានជ័យ​ទុក​រយៈពេល​៧​ថ្ងៃ ​[គិត​ចាប់ពី​ថ្ងៃទី ៥ ​ខែកញ្ញា​ ដល់​ថ្ងៃទី ១១​ ខែកញ្ញា]​ ឱ្យ​ប្រជាពលរដ្ឋ ​ក៏ដូចជា​អាជីវករ ​ដែល​ដាក់តាំង​សម្ភារ​លក់ដូរ​ ឬ​សម្ភារ​ផ្សេងៗ​ដែល​បំពាន​លើផ្លូវ​សាធារណៈ​ត្រូវ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ​និង​រុះ​រើចេញ​ឱ្យអស់​។ បើ​មិន​ដូច្នោះ​ទេ​ អាជ្ញាធរ​នឹង​ចុះ​រុះ​រើចេញ ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខាតបង់ ​ខូចខាត​ទ្រព្យសម្បត្តិ ​និង​សម្ភារ​ផ្សេងៗ​ ដែលមាន​នៅលើ​ទីតាំង​នោះ​ឡើយ​។

​លោក ​ហែម ដារិទ្ធិ ​បញ្ជាក់​ក្នុង​លិខិត​ថា​៖ «បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ម្ចាស់​អាជីវកម្ម​ ដែល​កំពុង​លក់ដូរ​ដាក់តាំង​ឧបករណ៍ សម្ភារ​សំណង់​ទំនិញ​ផ្សេងៗ ​ស្លាក​យីហោ ​និង​ជើង​ផ្កា​ជាដើម​ ដែល​កំពុង​រំលោភ​យក​ផ្លូវ ​និង​ចិញ្ចើមផ្លូវ​សាធារណៈ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​។ រាល់​ការលក់ដូរ​ ដាក់តាំង​សម្ភារ​សំណង់ ​ទំនិញ​ផ្សេងៗ ​ស្លាក​យីហោ ​និង​ជើង​ផ្កា​ទាំងនោះ​[ត្រូវ​រើ]​ចេញ​ឱ្យអស់ ពីលើ​ចិញ្ចើមផ្លូវ​ក្នុង​រយៈពេល​ចំនួន ៧ ​ថ្ងៃ»។

​លោក​បញ្ជាក់ថា​ ចំពោះ​រាល់​ការចំណាយ​ក្នុងការ​អនុវត្ត​ការងារ​រុះរើ ​និង​ដកហូត​នេះ ជា​បន្ទុក​របស់​លោក ​លោកស្រី ​ដែលជា​ម្ចាស់​ទីតាំង​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​។ ករណី​មានការ​រារាំង​ រឹងរូស​មិន​ស្តាប់​តាម​ការណែនាំ អាជ្ញាធរ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ដោយឡែក​ លោក​ ផេង​ សិទ្ធី ​អភិបាលក្រុង​បាត់ដំបង ​ថ្លែង​នៅ​ថ្ងៃទី ៦ ​សីហា​ថា ​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ មិនអាច​កំណត់ពេល​វេលា​ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ណាមួយ​បានទេ ​គឺ​នៅតែ​ត្រូវ​បន្ត​រៀបចំ​ជា​បន្តបន្ទាប់​ទៀត ​ជាពិសេស​ការអប់រំ​ផ្សព្វផ្សាយ​ផង ​និង​ការអនុវត្ត​វិធានការ​ខ្លះៗ​ផង ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់ដឹង ​និង​ចូលរួម​ទាំងអស់គ្នា​។

លោក​ប្រាប់ថា ​ជាការ​កត់សម្គាល់​ក្នុងពេល​បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​មានការ​ចូលរួម​សកម្មភាព​ច្រើន​ ដែល​មិន​នឹកស្មាន​ដល់ ​ប៉ុន្តែ​ការចូលរួម​នេះ ​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​មានការ​ចង្អុល​បង្ហាញ ​ណែនាំ​តម្រង់​ជា​រៀង​រាល់ថ្ងៃ​ផងដែរ​។

​លោក​ថ្លែងថា​៖ «ឧទាហរណ៍​ថា ​ការចត​រថយន្ត ការដាក់​តាំង​លក់ ​ពេលខ្លះ​គាត់​ថា សុំ​តែមួយ​ភ្លែត​អ៊ីចឹងទៅ​ អាហ្នឹង​យើង​អាច​ថា​ល្អ ប៉ុន្តែ​ពេលខ្លះ​គាត់​ដាក់​មួយ​ភ្លែត​ប្រហែល​ ១០​ នាទី​អី​។ អ៊ីចឹងទៅ​យើង​សង្កេតឃើញថា ​មានតែ​អាហ្នឹង​ក៏​យើង​មិនទាន់​ទទួលយកបាន​ថា វា​ឥ​តខ្ចោះ​ទេ​។ វា​ទាល់តែ​ថា​ ១ ​ព្រឹក​ហ្នឹង បើ​កន្លែង​ហ្នឹង​វា​អត់​មាន​ចត អត់​មាន​ដាក់ អាហ្នឹង​បាន​យើង​ទទួលស្គាល់​»​។​

​លោក​ ផេង សិទ្ធី ​ឱ្យដឹងទៀតថា ​ទោះយ៉ាងណា អាជ្ញាធរ​ក្រុង​នៅ​បន្តធ្វើ​កិច្ចការងារ​ទាំងអស់នេះ​បន្តទៀត​ តាមរយៈ​ការណែនាំ ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ កន្លងមក​ពលរដ្ឋ​ណា មានការ​បំពាន​សណ្តាប់​ធ្នាប់​សាធារណៈ​ រឹងទទឹង​មិន​ស្តាប់​ការណែនាំ​ច្រើនលើក ​ពេលខ្លះ​អាជ្ញាធរ​បាន​លើកយក​សម្ភារ​របស់​ពួកគាត់​មក​រក្សាទុក​ដើម្បីឱ្យ​ម្ចាស់​ចូលធ្វើ​កិច្ចសន្យា​ឈប់​ឱ្យមាន​សកម្មភាព​បែប​នោះ​ទៀត ទើប​ប្រគល់​សម្ភារ​ជូន​ពួកគាត់​វិញ​។

​លោក​ លឹម ភ​ត្រី មន្ដ្រីរដ្ឋបាល​ក្រុងព្រះសីហនុ ​ទទួលបន្ទុក​រដ្ឋបាល​សាធារណៈ ​ថ្លែង​នៅ​ថ្ងៃទី​ ៦​ កញ្ញា ថា​ លោក​សរ កក្កដា ​អភិបាលក្រុង​ព្រះសីហនុ ​បាន​ចាត់​លោក​ គង់ សុផាន់ណ្ណៈ ​នាយករង​រដ្ឋបាល​ ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ក្រុង ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅមុខ​ និង​ជុំវិញ​ផ្សារលើ​ ស្ថិតនៅ​ព្រំប្រទល់​សង្កាត់​ ២​ និង ៤ ​ក្រោយពី​បាន​អប់រំ​ណែនាំ​ច្រើ​នលើក​ហើយ​ ពលរដ្ឋ​មិន​អនុវត្តតាម​។

​លោក​បញ្ជាក់ថា​៖ «រដ្ឋបាល​ក្រុង​បាន​អនុវត្ត​វិធានការ​រដ្ឋបាល គឺ​ចាប់​ដកហូត​សម្ភារ​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​។ សូមមេត្តា​ចូលរួម​ទាំងអស់​គ្នា​ ដើម្បី​បរិស្ថាន ​និង​របៀបរៀបរយ ​សណ្តាប់ធ្នាប់​សាធារណៈ​ មិន​កកស្ទះ​ចរាចរណ៍​»។​

​រដ្ឋបាល​ក្រុងព្រះសីហនុ ​ឱ្យដឹង​តាមរយៈ​ហ្វេសប៊ុក​ថា ​នៅ​ថ្ងៃទី​ ២ ដល់​ថ្ងៃទី ៥​ ខែកញ្ញា ​កម្លាំង​ក្រុមការងារ​អាជ្ញាធរ​ក្រុង​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅតាម​បណ្តោយ​ផ្លូវ​មិត្តភាព​ (លេខ​ ៨០០) ​ផ្លូវ​លេខ​ ៨១០ ​និង​ផ្លូវ​លេខ ​៨០៦​(ផ្លូវបំបែក​ពី​ផ្លូវ​អូរ ១ -​ផ្ទះ​តាឆេ ​ទៅដល់​ផ្លូវ​ឯករាជ្យ​) ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ ​៤ ​និង​ចុះ​រុះរើ​សំយាប​គ្រោង​ដែក​សង់​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​ផងដែរ​។​

​រដ្ឋបាល​ក្រុង​ព្រះសីហនុ​បញ្ជាក់ថា​៖ «ការរុះរើ​នេះ ដើម្បី​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់ ​អនាម័យ​-បរិស្ថាន ​និង​សោភណភាព ​តាម​ដងផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ព្រះសីហនុ​។ រដ្ឋបាល​ក្រុង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ចូលរួម​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ អនាម័យ​-បរិស្ថាន​ទាំងអស់​គ្នា ​និង​សូម​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមការងារ​ ដើម្បីឱ្យ​ទីក្រុង​មាន​របៀបរៀបរយ​ និង​មាន​សោភណភាព​ស្អាត»។​

​រដ្ឋបាល​ក្រុងព្រះសីហនុ​ឱ្យដឹង​ទៀតថា​ បន្ថែម​លើ​នេះ ​អាជ្ញាធរ​ក្រុងព្រះសីហនុ ​ក៏បាន​ចុះ​រុះរើ​សំយាប​គ្រោង​ដែក​សង់​លើ​ចិញ្ចើមផ្លូវ​សាធារណៈ​ នៅ​ផ្លូវ​ ៨១៤ ​(ផ្លូវ​ទៅ​សាលា​អូរ​ ២) ​ក្នុងភូមិ​ ៥ ​សង្កាត់​លេខ ​៤ ​ក្រុងព្រះសីហនុ ​និង​ចុះទៅ​រុះរើ​គោលដៅ​ទីតាំង​លក់​ផ្លែឈើ ១ ​កន្លែង​ នៅ​ម្តុំ​មុខ​ផ្សារ​លើ​ក្រុង​ព្រះសីហនុ​ផងដែរ៕

វីដេអូ៖