ភ្នំពេញៈ ចាប់​តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១២ រហូត​មក​ដល់​ឆ្នាំ​ ២០២២ ​នេះ សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ «យុវជន​សម្ដេច​តេជោ» ហៅ​កាត់​ថា TYDA បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​ទូទាំង​ប្រទេស ដោយ​ចុះ​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បាន​ជិត​ ៣៥ ​ម៉ឺននាក់។ នេះបើតាមលោក​ស្រី ពេជ ចន្ទមុន្នី អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត «​យុវជន​សម្ដេច​តេជោ»។

លោកស្រី​បាន​គូស​បញ្ជាក់​ថា ក្នុង​នោះអ្នក​ជំងឺ​ធ្ងន់​ជាង​ ៦​ ពាន់នាក់ ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ ​និងអ្នក​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ចំនួន​ ៥៨​ នាក់ បាន​ទទួលការ​វះកាត់​ដោយ​ជោគជ័យ​ក្រោម​ការ​ឧបត្ថម្ភ​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល ​​និង​ភរិយា​។

ការ​ថ្លែង​របស់​លោក​ស្រី​ ពេជ ចន្ទមុន្នី​ ដូច្នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​ ០៤ ខែ​ កញ្ញា ឆ្នាំ​ ២០២២ នៅ​ក្នុង​ពិធី​ប្រកាស​និង​ប្រគល់​សេចក្ដី​សម្រេច​បញ្ចូល​សមាជិក​សមាគម​គ្រូពេទ្រ​ស្ម័គ្រ​ចិត្ត​ «យុវជន​សម្ដេច​តេជោ (TYDA)» ចំនួន​ជាង ​៨០០​ នាក់បន្ថែម​ទៀត​។

តាម​រយៈ​សមិទ្ធផល​នេះ លោក​ស្រី ពេជ ចន្ទមុន្នី​ បាន​សម្ដែង​អារម្មណ៍​រីករាយ និង​មាន​មោទន​ភាព​យ៉ាង​ក្រៃលែង​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ «យុវជន​សម្ដេច​តេជោ» បាន​ចូល​រួម​សកម្មភាព​មនុស្សធម៌ជួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ផ្ដល់​នូវ​ជីវិត​ទី២ ​ប្រកប​ដោយ​កាយវិកា​រមនុស្សធម៌ ​និង​គុណធម៌របស់​សមាជិក​ចំពោះ​ប្រជា​ពលរដ្ឋ​។

សម្រាប់​លោក​ស្រី​ ពេជ ចន្ទមុន្នី សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) គឺ​ជា​យន្តការ​បើក​ច្រកនិង​ផ្ដល់​ឱកាស​ឱ្យសមា​ជិកនិង​សមាជិកា​របស់​ខ្លួន ចូល​រួម​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នៅ​ទូទាំង​ប្រទេស​ដោយ​សហការ​ជាមួយ​ដៃគូ​នានា។

លោក​ស្រី ពេជ ចន្ទមុន្នី បាន​ឆ្លៀតឱកាស​នេះ​ថ្លែង​អំណរគុណ​ដល់​សមាជិក​សមាជិ​ការបស់​សមាគម​ទាំង​អស់ ដែល​បាន​លះ​បង់​ពេល​វេលា​ កម្លាំង​កាយ​ចិត្ត ចំណេះ​ជំនាញនិង​បទ​ពិសោធ​របស់​ខ្លួន ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។

លោក​ស្រី​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរសជន​ទាំង​ឡាយ ​ដែល​បាន​និង​កំពុង​ឧបត្ថម្ភ​សម្ភារនិង​បរិក្ខា​រចាំ​បាច់ ដើម្បី​អនុញ្ញាត​ឱ្យ​សមាគម​មាន​លទ្ធភាព​បន្ត​បេសកកម្ម​មនុស្សធម៌​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) ដែល​ត្រូវបាន​បង្កើត​ឡើង​ ១០ ​ឆ្នាំ​មក​ហើយ​នោះ មាន​សមាជិក​សរុប​ចំនួន​ ៨ ​ពាន់​នាក់​៕