
ពលរដ្ឋដឹកអីវ៉ាន់ចេញពីដីចម្ការរបស់ លោក ខឹម វាសនា កាលពីថ្ងៃទី៤ កញ្ញា ។ រូបថត Khim Finan page
សៀមរាបៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានអះអាងថា ករណីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលបានកៀរគរប្រជាពលរដ្ឋជិត ២ ម៉ឺននាក់ ឱ្យស្នាក់នៅបណ្តោះអាសន្នក្នុងចម្ការនៅស្រុកបន្ទាយស្រីខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចបញ្ឈប់ កាលពីថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០២២ នោះ គឺលោក ខឹម វាសនា គ្មានចេតនាទុច្ចរិតដើម្បីបង្កើតជាតំបន់អបគមន៍ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។
លោក ជិន ម៉ាលីន បានថ្លែងប្រា ប់ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ កញ្ញាថា ករណីរបស់លោក ខឹម វាសនា ត្រូវបានកម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធនៅខេត្តសៀមរាបចាត់វិធានការរដ្ឋបាលនិងបញ្ឈប់ការជួបជុំនោះហើយកាលពីថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០២២។ ការបញ្ឈប់ការជួបជុំនេះគឺក្រោយពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានអប់រំណែនាំពន្យល់ដល់អ្នកជួបជុំទាំងនោះឱ្យបញ្ឈប់សកម្មភាពជួបជុំ និងបានធ្វើការទប់ស្កាត់សកម្មភាពនានាដែលអាចបង្កជាហានិភ័យ ឬមួយបង្កជាចលាចលដល់សង្គម។
លោកបន្តថា រហូតមកដល់ថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០២២ ពួកគេបានបញ្ឈប់ការជួបជុំ និងបានរុះរើសំណង់បណ្តោះអាសន្នទៅតាមវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចរួចរាល់អស់ហើយ។ ចំពោះចំណាត់ការតាមវិធានការច្បាប់លុះត្រាតែសមត្ថកិច្ចរកឃើញថា មានបទល្មើសកើតឡើង ហើយដើម្បីកំណត់ថាមានបទល្មើសទាមទារនូវធាតុផ្សំនៃបទល្មើសដែលក្នុងនោះក៏មានធាតុមួយដែលជាធាតុផ្សំសំខាន់នៃបទល្មើសដែរ គឺចេតនាទុច្ចរិត។
លោកថ្លែងថា៖ «យើងឃើញថា ការជួបជុំរបស់គាត់នេះគឺជាការប្រមូលផ្តុំ ការផ្សព្វផ្សាយដែលប្រជាពលរដ្ឋ សកម្មជនអ្នកគាំទ្រមួយចំនួនគឺជឿ ហើយធ្វើការជួបជុំគ្នា។ ប៉ុន្តែយើងមិនឃើញថាមានចេតនាទុច្ចរិតក្នុងការប្រមូលផ្តុំមនុស្ស ដើម្បីបង្កើតទៅជាតំបន់អប្បគមន៍ធ្វើវិទ្ធង្សនា ឬមួយក៏ប្រឆាំរដ្ឋាភិបាល ផ្តួលរំលំរដ្ឋាភិបាលដូចសកម្មជននយោបាយមួយចំនួនដែលនិយាយកន្លងមកទេ ដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់»។
លោកបញ្ជាក់ថា៖ «ប៉ុន្តែយើងឃើញថាការជួបជុំនោះគឺជាការជួបជុំដោយស្ម័គ្រចិត្តពីអ្នកគាំទ្រ ដោយសារតែការជឿជាក់ពីអ្នកគាំទ្រ និងសកម្មជនដែលមកធ្វើការជួបជុំនៅទីតាំងដីឯកជនរបស់គាត់តាមការឃោសនា តាមការអំពាវនាវរបស់គាត់។ អ៊ីចឹងហើយបានជាមិនមាននូវវិធានការច្បាប់ដែលខុសពីសកម្មជនដែលប្រមូលមនុស្សញុះញង់ប្រមែប្រមូលមនុស្សដើម្បីរៀបចំផែនការធ្វើសកម្មភាពបង្កភាពចលាចលប្រឆាំងរដ្ឋាភិបាល និងផ្តួលរំលំរដ្ឋាភិបាលនាពេលកន្លងមក»។
បើតាមលោក ជិន ម៉ាលីន ក្នុងករណីដែលមានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធដល់ការបង្ខិតបង្ខំឬការបង្ខាំងមនុស្សដោយខុសច្បាប់យ៉ាងណានោះ គឺសមត្ថកិច្ចអាចស្រាវជ្រាវបាន ប្រសិនបើមើលឃើញថា មានការបង្ខិតបង្ខំឬមួយមានការបង្ខាំងមនុស្សខុសច្បាប់មែននោះ គឺជាបទល្មើសហើយ។ បើកាលណាសមត្ថកិច្ចរកឃើញថាជាបទល្មើសពាក់ព័ន្ធដល់ករណីបង្ខំ ឬក៏បង្ខាំងមនុស្សខុសច្បាប់នឹងមានវិធានការតាមផ្លូវច្បាប់។
ចំពោះសកម្មភាពរបស់អ្នកទៅប្រមូលផ្តុំគ្នានៅទីតាំងដីចម្ការរបស់លោក ខឹម វាសនា ក្នុងភូមិសសើឃុំត្បែង ស្រុកបន្ទាយស្រីនោះ លោកឧត្តមសេនីយ៍ត្រី ភឹង ចន្ថារ៉េត ស្នងការរងនគរបាលខេត្តសៀមរាបដែលប្រចាំការនៅទីនោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ កញ្ញាថា ប្រជាពលរដ្ឋភាគច្រើនបានចេញពីដីចម្ការស្ទើរអស់ហើយ។ ចំពោះពាក់ព័ន្ធនឹងបទល្មើសអីផ្សេង គឺគ្មានទេ។
លោកថា៖ «ករណីពាក់ព័ន្ធបទល្មើសបង្ខាំងមនុស្សអីនោះ គឺអត់មានទេ រីឯពាក្យបណ្តឹងរបស់ក្រុមគ្រួសារគឺគាត់ប្តឹង ដើម្បីឱ្យសមត្ថកិច្ចយើងជួយអន្តរាគមន៍ស្វែងរកសមាជិកគ្រួសារគាត់ទេ ព្រោះសង្ស័យថា អាចមកក្នុងចម្ការ»។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គិតត្រឹមថ្ងៃឱសានវាទគឺនៅថ្ងៃទី ៥ កញ្ញា ប្រជាពលរដ្ឋជាច្រើនបានវិលត្រឡប់ទៅផ្ទះវិញ រីឯនៅចម្ការនោះក៏ឃើញមានការរុះរើសំណង់ផងដែរ។ ការងារនេះ អាជ្ញាធរក៏បានចុះសម្របសម្រួលជាមួយលោក ខឹម វាសនា ហើយឈានដល់ចំណុចឯកភាពគ្នា ខណៈសមត្ថកិច្ចបន្តឃ្លាំមើលដោយយកចិត្តទុកដាក់។
លោកបញ្ជាក់ថា៖ «យើងអត់ទាន់មានវិធានការអី គ្រាន់តែថា យោងតាមកិច្ចសន្យា ភាគីលោក ខឹម វាសនា បានសហការស្ទើរគ្រប់ចំណុច ឥឡូវមានការឯកភាពគ្នាច្រើនចំណុចហើយ ហើយគាត់ក៏កំពុងរុះរើតាមកិច្ចសន្យាដែរ»៕
វីដេអូ៖