ភ្នំពេញៈ លោកស្រី Kanni Wignaraja ឧបការី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ជា​នាយិកា​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​ ៥ ​ថ្ងៃ ដោយ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ជាតិ និង​ការពន្លឿន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នៅ​ថ្ងៃទី​ ៦ កញ្ញា បានឱ្យ​ដឹងថា ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៨ ​ដល់​ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ​ ២០២២ ហើយ​ក្នុង​អំឡុង​ពេលនោះ លោកស្រី​នឹង​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល តំណាង​ពី​វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​ពី​ការងារ​ និង​ការរួម​ចំណែក​របស់​ UNDP​ ដល់​ការសម្រេច​អាទិភាព​នៃ​ការអភិវឌ្ឍ​ជាតិ និង​ការពន្លឿន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​។

ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀតថា​ «​លោកស្រី ក៏​នឹង​ដឹកនាំ​កិច្ចពិភាក្សា​គោលនយោបាយ​កម្រិត​ខ្ពស់​ចំនួន​ ២ ក្រោម​ប្រធានបទ​ពន្លឿន​របៀបវារៈ​អាកាសធាតុ​របស់​កម្ពុជា​ «​អព្យាក្រឹតភាព​កាបូន ភាពធន់​នៃ​វិស័យ​ថាមពល​ និង​ហិរញ្ញប្បទាន​ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​» ​នៅ​ថ្ងៃទី​ ៩ ខែកញ្ញា និង​ប្រធានបទ​គំរូ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​នៅ​កម្ពុជា ​«​ការកាត់​បន្ថយ​ភាពក្រីក្រ កិច្ច​គាំពារ​សង្គម និង​ការកសាង​ភាព​ធន់​» នៅ​ថ្ងៃទី​ ១២ ខែកញ្ញា​»​។

ក្រៅពីនេះ លោកស្រី Wignaraja ​ក៏​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​បាត់ដំបង​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ ដោយសារ​មីន​ (​អាជ្ញាធរ​មីន​) ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​គម្រោង​បោស​សម្អាត​មីន និង​ការអប់រំ​ពី​គ្រោះថ្នាក់​មីន ក៏ដូចជា​ជជែក​ពិភាក្សា​ជាមួយ​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅ​លើ​ ឬ​នៅ​ជិត​ដី​ដែល​បោសសម្អាត​មីន​រួច​ផងដែរ​។

ជាមួយ​នេះដែរ លោកស្រី​ក៏​នឹងធ្វើ​ទស្សនកិច្ច​ទៅ​ខេត្ត​កំពង់ធំ ដើម្បី​សង្កេតមើល​ការងារ​បន្ស៊ាំ​ទៅនឹង​អាកាសធាតុ និង​ការប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាម​ជនបទ និង​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ប្រកប​ដោយ​និរន្តរភាព​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ UNDP​។

លោកស្រី Wignaraja មាន​បទពិសោធ​ជាង​ ២៥ ​ឆ្នាំ​ជាមួយ​នឹង​ការងារ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ និង​មាន​ចំណេះដឹង​ស៊ីជម្រៅ​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា​ពី​ការងារ​នៅ​កម្រិត​សកល តំបន់ និង​ប្រទេស​របស់ UNDP ផ្នែក​គោលនយោបាយ កម្មវិធី​ការ​គ្រប់គ្រង និង​ប្រតិបត្តិការ​។

កាលពី​ឆ្នាំ​ ២០១៩ លោកស្រី Wignaraja ធ្លាប់​កាន់​តួនាទី​ជា​ឧបការី​ប្រធានស្តីទី និង​ជា​នាយិកា​ការិយាល័យ​សេវា​គ្រប់គ្រង​របស់ UNDP និង​ជា​ទីប្រឹក្សា​ពិសេស​របស់​ប្រធាន UNDP បន្ទាប់ពី​បំពេញ​តួនាទី​ជា​ប្រធាន​ការិយាល័យ​សម្របសម្រួល​ប្រតិបត្តិ​ការអភិវឌ្ឍន៍​​របស់​អង្គការ​សហប្រជាជាតិ​ពី​ឆ្នាំ​ ២០១៤ ដល់​ឆ្នាំ​ ២០១៨​។ លោកស្រី​បាន​ចាប់ផ្តើម​តួនាទី​ជា​ឧបការី​ប្រធាន​ UNDP និង​នាយិកា​ការិយាល័យ​ UNDP ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី​ ១៨ ខែវិច្ឆិកា​​ឆ្នាំ​ ២០១៩​។

UNDP​ បាន​អះអាង​នៅក្នុង​សេចក្តី​ប្រកាស​ថា UNDP ​បាន​​និង​កំពុងផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​របស់​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ១៩៥៨​ មក ហើយ​បាន​បន្ត​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៤​។

UNDP ​ធ្វើ​ការងារ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​ពង្រឹង​កំណើន​បៃតង​ប្រកប​ដោយ​បរិយាប័ន្ន និង​ភាព​ធន់ និង​ពន្លឿន​ការសម្រេច​គោលដៅ​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​(SDGs) ​ត្រឹម​ឆ្នាំ​ ២០៣០ ​ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​។

UNDP ​បាន​បញ្ជាក់​ថា ​«​មុនពេល​ចូលរួម​បំពេញ​ការងារ​ឱ្យ​អង្គការ​សហប្រជាជាតិ លោកស្រី Wignaraja ធ្វើការ​ឱ្យ​មូលនិធិ​ Ford​ នៅ​ទីក្រុង​ញូវយ៉ក​។

រួមចំណែក​ដល់​ការសរសេរ​ឯកសារ​អត្ថបទ និង​សនិ្នសីទ​ជាច្រើន​ក្នុង​វិស័យ​គោលនយោបាយ​សាធារណៈ​កំណែទម្រង់​ស្ថាប័ន​ការអភិវឌ្ឍ​សមត្ថភាព​​សិទ្ធិមនុស្ស និង​ភាពជា​អ្នកដឹកនាំ​។ ​លោកស្រី Wignaraja ​មាន​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​ (​សេដ្ឋកិច្ច​អភិវឌ្ឍន៍​) ​ពី​សាកលវិទ្យាល័យ Princeton និង​បរិញ្ញាបត្រ​សេដ្ឋកិច្ច​ពី​មហាវិទ្យាល័យ Bryn Mawr»​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៦ កញ្ញា​ថា កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មក​កាន់​កម្ពុជា​។ លោក​បន្តថា ដោយសារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ វា​ធ្វើឱ្យ​កម្ពុជា​មាន​ឱកាស​បង្ហាញ​ទៅ​កាន់​ពិភពលោក​នូវ​កិច្ចខិតខំ​ប្រឹងប្រែង និង​ឆន្ទៈ​នយោបាយ​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន​សកល​ជា​បន្តបន្ទាប់​។

លោក​បាន​បន្ថែមថា​៖ «​ជាអាទិ៍ ការប្រកាស​របស់​កម្ពុជា​នៅ COP26 អំពី​ការមិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី ការ​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេមេគង្គ និង​ការបង្កើន​សមាសភាគ​ថាមពល​ស្អាត​ (​ដូចជា​ថាមពល ព្រះអាទិត្យ ថាមពលខ្យល់ និង​ថាមពល​អ៊ីដ្រូហ្ស៊ែន​បៃតង ជាដើម​)»​។

បើតាម​លោក នេត្រ ភក្ត្រា បច្ចុប្បន្ន ក្រសួង​បរិស្ថាន​បាន​​និង​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ក្នុង​គោលដៅ​ចម្បង​ ដើម្បី​ពង្រឹង​តួនាទី​ជា​ម្ចាស់​ក្នុង​ការកំណត់​គោលនយោបាយ និង​អាទិភាព​នៃ​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ធ្វើ​ពិពិធកម្ម​ភាព​ជា​ដៃគូ និង​ប្រភព​ហិរញ្ញវត្ថុ​ដោយ​ឯករាជ្យ ម្ចាស់ការ នៅក្នុង​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។

ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ លោក ភក្ត្រា បាន​អះអាង​ថា កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ​«​ការទទួល​ខុសត្រូវ​រួម​តែ​កម្រិត​ផ្សេងគ្នា​ទៅ​​តាម​សមត្ថភាព​រៀងៗ​ខ្លួន​» និង​ពហុភាគី​និយម ដោយ​បាន​​ដាក់​របាយការណ៍​នៃ​ការរួមចំណែក​ជាតិ​ក្នុងការ​អនុវត្ដ​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល អាកាសធាតុ​ជា​ទៀងទាត់​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​​ក៏បាន​ដាក់ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង ប្រកប​ដោយ​អព្យាក្រឹត​កាបូន​» ក្នុង​ឆ្នាំ​ ២០២១ ដូច​ការប្រកាស​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ «​មហិច្ឆតា​អាកាសធាតុ​របស់​​អង្គការ​សហប្រជាជាតិ​» ឆ្នាំ ២០២០ ផងដែរ​»​។

ក្រៅពី​សកម្មភាព​ទាំងនេះ លោក​ក៏បាន​អះអាង​ទៀត​ថា កម្ពុជា​បន្ត​ប្តេជ្ញាចិត្ត និង​ប្រកាន់ខ្ជាប់​គោលការណ៍​ជាច្រើន​ទៀត ក្នុង​ការ​ធ្វើឱ្យ​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​ជាតិ និង​ពន្លឿន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា​ដូចជា ការរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូន​ «LTS4CN»​ ដូចជា​ចក្ខុវិស័យ​នៃ​សង្គម​មួយ​ប្រកប​ដោយ​អព្យាក្រឹត​កាបូន និង​មាន​ភាព​ធន់​ក្នុង​រយៈពេល ៣០ ​ឆ្នាំ ខាងមុខ​។

ក្រសួង​បរិស្ថាន​បាន​ប្រកាស​​ថា តាមរយៈ​យុទ្ធសាស្ត្រ​ទាំងនេះ​នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សុទ្ធ​ដែល​មាន​ដល់​ទៅ​ ២,៨ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ឆ្នាំ​ ២០៥០ ​និង​អត្ថប្រយោជន៍​សង្គម និង​បរិស្ថាន​ជាច្រើន​ទៀត​ដែល​មាន​​ទាំង​អត្ថប្រយោជន៍​រួម​នៃ​ការបន្ស៊ាំ​សម្រាប់​សកម្មភាព LTS4CN ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​លើសពី​ផលប្រយោជន៍​សេដ្ឋកិច្ច​ជិត​ ៧ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០៥០​។ នេះ​បើតាម​ការអះអាង​របស់​លោក នេត្រ ភក្ត្រា​៕