
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៦ ខែកញ្ញា។ រូបថត Sar Kheng via Facebook
ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី ៦ ខែកញ្ញាបានបើកកិច្ចប្រជុំជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីពិភាក្សាលម្អិតលើសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីត្រៀមបញ្ចប់នៅថ្នាក់ក្រសួង និងស្នើសុំទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជូនបន្តទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាបន្ថែម។
សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលមាន ៨ ជំពូក និង ៥០ មាត្រានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងធានា សុចរិតភាព នៃការប្រើប្រាស់ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យ កុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គលដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែកញ្ញាថា សេចក្តីព្រាងច្បាប់ខាងលើនេះ បានពិភាក្សាបញ្ចប់ជិតដល់ដំណាក់កាលចុងក្រោយ ព្រោះក្រោយកិច្ចប្រជុំពិភាក្សាជាមួយ លោក ស ខេង មន្ត្រីជំនាញនឹងបន្តបើកកិច្ចប្រជុំ ដើម្បីកែលម្អបន្តិចបន្តួចបន្ថែមទៀត។
លោកបន្តថា ក្រោយបញ្ចប់ជាផ្លូវការ ក្រសួងនឹងសរសេរលិខិតស្នើសុំគោលការណ៍ទៅលោកនាយករដ្ឋមន្ត្រី ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះទៅគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ លោកថ្លែងថា៖«ច្បាប់នេះ យើងត្រូវតែជំរុញ ឱ្យបានចេញឆាប់នាពេលខាងមុខនេះ ព្រោះដើម្បីដោះស្រាយរាល់បញ្ហាបច្ចេកវិទ្យានៅក្នុងប្រទេស ជាពិសេសពាក់ព័ន្ធនឹងអ៊ីនធឺណិត ច្បាប់នេះនឹងចូលរួមដោះស្រាយ»។
លោក ស ខេង បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃ រៀបចំតាក់តែងឡើងតាំងតែពីឆ្នាំ ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកច្រើនសា និងក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។
លោកបន្តថា៖ «ជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់នេះ ក៏មានការចូលរួមពីក្រុមហ៊ុនធំៗអាមេរិកចំនួន ៥ ហើយសម្រាប់ភាគីកម្ពុជាវិញ មានការចូលរួមពីអន្តរក្រសួង រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួង-ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌»។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើរបាយការណ៍ជូនលោក ស ខេង និងអង្គប្រជុំ អំពីដំណើរការនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មុននឹងលោក ស ខេង ព្រមទាំងអង្គប្រជុំ បន្តពិភាក្សាលម្អិតលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះ។
លោកបញ្ជាក់ថា៖ «ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ព័ត៌មានដែលប្រព្រឹត្តនៅក្នុង ឬនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយសកម្មភាពទាំងនោះធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា»៕