ភ្នំពេញៈ​ ថវិកា​ជិត​ ៦ ​លាន​ដុល្លារ​អាមេរិក​ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​បោស​សម្អាត​មីន​ក្នុង​ខេត្ត​ចំនួន​ ៦ និង​ឃុំ​ចំនួន​ ៧ ដែល​ទទួល​ផល​ប្រយោជន៍​​ពី​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន«​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាម​ញញឹម​»​ ដំណាក់កាលទី​ ១​ និង​ដើម្បី​ត្រៀម​ប្រកាស​ជា​ខេត្ត​ដែល​អស់​មីន​នៅ​ចុង​ឆ្នាំ​នេះ​ និង​ពាក់កណ្តាល​ឆ្នាំ ​២០២៣ ​ខាង​មុខ​។

នេះ​បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាម​ញញឹម​” និង​ការ​អនុវត្ត​ផែនការ​បន្ត កាល​ពី​ថ្ងៃទី​ ៥ ខែ​កញ្ញា នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​។

លោក​បាន​លើក​ឡើង​ថា តបតាម​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី​ ១ ខែ​កក្កដា​ កន្លង​ទៅ​ នៅ​ក្នុង​ទិវា​មច្ឆជាតិ​នៅ​អាង​ទឹក​ត្រពាំង​ថ្ម ឃុំ​ប៉ោយចារ​ ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មានជ័យ វិស័យ​ឯកជន ក៏ដូចជា​ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​សម្រេច​ចូលរួម​វិភាគទាន​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់​មីន​នៅ​កម្ពុជា ឆ្ពោះ​ទៅរក​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រគល់​ភារកិច្ច​ឱ្យ​អាជ្ញាធរ​មីន​ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង និង​សម្របសម្រួល​ដោយ​ផ្ទាល់​សម្រាប់​ការអនុវត្ត​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន«​ផ្តល់​ដី​សុវត្ថិ​ភាព បង្កើត​ស្នាម​ញញឹម​»នេះ​។

លោក លី ធុជ មាន​ប្រសាសន៍​ថា៖ «​រហូត​ដល់​ពេលនេះ​ មាន​ខេត្ត​ចំនួន​ ៦ និង​ឃុំ​ចំនួន​ ៧ បាន​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​សម្តេច​តេជោ​ដំណាក់​កាល​ទី​ ១ ​នេះ ​ដែល​ខេត្ត​ទាំង​នោះ​មាន​ ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ខេត្ត​តាកែវ ខេត្ត​កំពង់ឆ្នាំង ខេត្តកំពត និង​ខេត្ត​ស្វាយរៀង​»។

អនុប្រធាន​ទី​ ១ អាជ្ញាធរ​មីន​រូប​នេះ​បាន​បន្ថែម​ថា ចំណែក​ឃុំ​ចំនួន ៧​ ដែល​ទទួលបាន​ផល​ប្រយោជន៍​ពី​គម្រោង​នេះ​ដែរ​នោះ គឺ​ស្ថិត​នៅក្នុង​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំព​ង់ស្ពឺ​។

លោក​បាន​បញ្ជាក់​ថា៖ «​ខេត្ត​ និង​ឃុំ​ទាំង​នេះ នឹង​ត្រូវ​ធ្វើការ​បោស​សម្អាត​ក្នុង​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៤២ ៥១៣ ៧២៩​ ម៉ែត្រក្រឡា​ ឬ​៤២,៥១ ​គីឡូម៉ែត្រ​ក្រឡា​ដែល​ស្មើ​នឹង ​៥២០ ​ចម្ការ​មីន​ដោយ​ប្រើ​ប្រាស់​ថវិកា​ជាង​ ៥,៧ ​លាន​ដុល្លារ​»​។

គួរ​បញ្ជាក់​ថា អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ជាមួយ​ប្រតិបត្តិករ​ជាតិ រួម​មាន បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក,មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​ និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ដើម្បី​រៀបចំ​ផែនការ​បោស​សម្អាត​មីន​ជា​អាទិភាព និង​ធ្វើ​ការ​វិភាជន៍​កម្លាំង​បោស​សម្អាត​មីន​របស់​ប្រតិបត្តិករ​ឱ្យ​បាន​ទាន់​ពេល​វេលា​។

ជាមួយ​គ្នា​នេះ​ដែរ លោក លី ធុជ បាន​ថ្លែង​ដែរ​ថា អាជ្ញាធរ​មីន ក៏បាន​បញ្ជូន​ក្រុម​ការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​មីន​ដើម្បី​សិក្សា និង​វាយ​តម្លៃ​ស្ថានភាព​ចម្ការ​មីន​ជាក់ស្តែង ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​កាត់បន្ថយ​នូវ​រយៈពេល​នៃ​ការ​បោស​សម្អាត និង​ការ​ចំណាយ​ផ្សេងៗ​គាំទ្រ​ដល់​ការងារ​បោស​សម្អាត​មីន​។​

លោក​លី ធុជ បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​​បច្ចេកទេស​របស់​អាជ្ញាធរ​មីន និង​ប្រតិបត្តិ​ជាតិ​ទាំង​ ៣​ ដែល​បាន​បំពេញ​ការងារ​យ៉ាង​សកម្មភាព​ និង​ផ្តល់​កិច្ច​សហការ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ល្អប្រសើរ​ក្នុង​គោលដៅ​​រួម​គឺ​ពន្លឿន​ការបញ្ចប់​វត្តមាន​គ្រាប់មីន​ដែល​យើង​បាន​ដឹង​ឱ្យ​អស់ពី​ទឹកដី​កម្ពុជា ក្នុង​ឆ្នាំ​ ២០២៥ ​ស្រប​តាម​ទស្សនវិស័យ ​និង​គោលបំណង​របស់​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​»​។

ដោយ​ឡែក​ អាជ្ញាធរ​ជាតិ ព្រះវិហារ និង​កងកម្លាំង​កំចាត់​មីន​មកពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ក៏​បាន​ចុះ​សិក្សា​នៅ​ភូមិសា្រស្ត​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​នៃ​ខេត្ត​ព្រះវិហារ​ និង​បានពិ​ភាក្សា​ពី​ផែនការ​បោស​សម្អាត​មីន​សម្រាប់​ឆ្នាំ ​២០២៣ ​។

យោង​តាម​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​របស់​អង្គភាព​ស៊ីម៉ាក់​នឹង​ជួយ​រៀបចំ​ផែនការ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទៅ​តាម​តំបន់​អាទិភាព​ដែល​បាន​ស្នើ​ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៅក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​ សម្រាប់​ឆ្នាំ ២០២៣ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន បាន​លើក​ឡើង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ​ថា ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំពោះ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​នៅតែ​ជា​បញ្ហា​ចម្បង​នៅ​ឡើយ ដែល​នាំឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​សកម្មភាព​មីន​ជា​អាទិភាព​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។

លោក​បាន​ថែ្លង​ថា​៖ «​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​នេះ​គឺជា​ការបោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ដ៏​រឹងមាំ​ និង​ប្រកប​ដោយ​មហិច្ឆតា»៕