កណ្ដាលៈ ​លោក នូវ​ប៉ែង ច័ន្ទ​តារា អភិបាល​រងខេត្តកណ្ដាលបាន​ឱ្យដឹង​ថា​ ទំហំ​ដីធ្លី​សម្រាប់​គម្រោង​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី នៅមាន​បញ្ហា​ប្រមាណ​ ១៤​ ភាគរ​យ ដែល​មិនទាន់​អា​ចរក​ដំណោះស្រាយ​បាន​រហូតមក​ដល់ពេលនេះ ពី​ព្រោះតែ​ការខ្វែងគំនិត​គ្នា​លើ​តម្លៃ​ដី​ដែល​ត្រូវ​បានកំណត់​ទិញ​ពី​ប្រជាពលរដ្ឋ ដែល​នឹងត្រូវ​បន្ត​ដោះស្រាយ​។​

លោក ច័ន្ទ​តារា បាន​អះអាងថា កន្លងមក​យន្តការ​ដោះស្រាយ​របស់រ​ដ្ឋ​បាល​ខេត្ត​គឺ​សមស្រប​ទៅហើយ ដោយសារតែ​សំណង ៨​ ដុល្លារ ក្នុង ១​ ម៉ែត្រការ៉េ គឺជា​តម្លៃ​ដែលមាន​ការសិក្សា​ត្រឹមត្រូវ​តាម​ទីផ្សារ​អចលនទ្រព្យ​។​

លោក ច័ន្ទ​តារា ថ្លែងថា​៖ «​ជាទូទៅ​អ្នកលក់ គាត់​ចង់បាន​ថ្លៃ​ហើយ តែ​គាត់​មិនមាន​អ្វី​មក​យោង​ទេ​។ អ្វីដែល​គាត់​ទាមទារ​គឺជា​សិទ្ធិ​របស់គាត់ តែ​អ្វីដែល​រដ្ឋាភិបាល​បាន​ដោះស្រាយ​ហ្នឹង គឺ​តាមរយៈ​ការសម្រេច ការវិនិច្ឆ័យ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​»​។​

គួរ​កត់សម្គាល់ថា គិត​មកដល់ពេលនេះ បញ្ហា​រក​ដំណោះស្រាយ​ដីធ្លី​រវាង​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវ​សែ ដែល​ទទួល​គម្រោង​ព្រលាន​យន្ត​ភ្នំពេញ​ថ្មី ជាមួយ នឹង​ប្រជាពលរដ្ឋ​ខេត្តកណ្ដាល បានអូសបន្លាយ​អ​ស់​រយៈពេល ៣ ​ឆ្នាំ​មកហើយ ដោយ​ពលរដ្ឋ​ខ្លះ​នៅ​មិន​ព្រម​ទទួលយក​សំណង​ដែល​អាជ្ញាធរ​ដែនដី​ផ្ដល់​ឲ្យ ក្នុងតម្លៃ​ចន្លោះ​ពី ៣ ​ដុល្លារ ទៅ ៨​ ដុល្លារ ក្នុង​ដី ​១ ​ម៉ែត្រការ៉េ​នោះ​។​

ទោះជា​យ៉ាងណាក៏ដោយ លោក វណ្ណ សុផាត អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ករណី​ដីធ្លី​រវាង​ពលរដ្ឋ​មួយចំនួន​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​ព្រលាន​យន្តហោះ​ថ្មី​របស់​ក្រុមហ៊ុន OCIC​ នៅ​មិនទាន់​បានទទួល​ដំណោះស្រាយ​សមស្រប​នៅឡើយ​ទេ ថែមទាំង​ពលរដ្ឋ​ខ្លះ​កំពុង​ប្រឈម​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ពី​ការគាបសង្កត់​តាមរយៈ​ប្រព័ន្ធតុលាការ​ផង​។​

លោក វណ្ណ សុផាត ថ្លែងថា​៖ «​មកដល់​បច្ចុប្បន្ន​មិនទាន់មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ តែ​បែរជា​ឲ្យ​តម្លៃ​ដី​ពួកគាត់​ក្នុងតម្លៃ​ទីផ្សារ​មួយ​ទាប​បំផុត គំរាមកំហែង​ពួកគាត់ ថែមទាំង​បង្ខំ​ពួកគាត់​ចេញពី​ដីធ្លី ដើម្បី​យក​ដី​ទៅធ្វើ​ព្រលានយន្តហោះ ហើយ​ដាក់បន្ទុក​ពួកគាត់​តាម​ប្រព័ន្ធតុលាការ​ទៀត​។ សព្វថ្ងៃ​មាន​ពលរដ្ឋ​ប្រមាណ ៩​ នាក់ កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ ដែល​គេ​បញ្ជូន​សំណុំរឿង​ពួកគាត់​ហ្នឹង​ទៅ​សាលាដំបូង​ខេត្តកណ្តាល ដែល​កាត់ទោស​ពេលណា យើង​មិនទាន់​ដឹង​ច្បាស់​ទេ​»​។​

លោក សុផាត ថ្លែងថា កន្លងមក​មានការ​បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​ទទួលយក​សំណង​ត្រឹម ៨​ ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ ដែល​ថោក​ជាង​តម្លៃ​ទីផ្សារ ហើយ​ខាង​ភាគី​អាជ្ញាធរ​មូលដ្ឋាន​មិន​ជួយ​សម្របសម្រួល​នោះទេ បែរជា​បំភិតបំភ័យ គំរាមកំហែង​ដល់​ពលរដ្ឋ​ដែល​ចង់រក​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់ជាតិ​ទៅវិញ​។

លោក ​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អះអាងថា ខាង​អាដហុក​ទទួលបាន​បណ្តឹង​កន្លងមក មាន​ករណី​ដីធ្លី​នៅ​ព្រលាន​យន្តហោះ​ថ្មី​មួយចំនួន ដែលមាន​បណ្ណ​កម្មសិទ្ធិ​ហើយ​នោះ គឺមាន​ភាពមិនប្រក្រតី​ដូចជា ការកម្រិតត​ម្លៃ និង​ដាក់​គោលនយោបាយ​ ​ដែល​ផ្ទុយ​នឹង​តម្លៃ​ទីផ្សារ​ជាដើម ដែលជា​បញ្ហា​ត្រូវ​ពិនិត្យមើល​សំណូមពរ​របស់​ពលរ​ដ្ឋ​ចង់បាន និង​ជាពិសេស​ព​ន្លឿ​ន​ការដោះស្រាយ​ករណី​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់រហ័ស​និង​ត្រឹមត្រូវ​៕