ព្រះវិហារៈ ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ នៅ​ភូមិ​ប្រមេរ ​ឃុំ​ប្រមេរ ​ស្រុក​ត្បែងមានជ័យ​ ខេត្ត​ព្រះវិហារ ​ទទូច​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ​ចុះទៅ​ពិនិត្យមើល​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះ​រកា ​បន្ទាប់ពី​សហគមន៍​នេះ​បាន​បន្ត​រកឃើញ​បទល្មើស​ព្រៃឈើ​ចំនួន​ ២៤៩ ​ករណី​បន្ថែម​ទៀត​ក្នុង​ខែសីហា​។

​លោក​ ថោង ស៊ុត ​សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ​ភូមិ​ប្រមេរប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ​ខែកញ្ញា​ថា ​ក្រុម​ល្បាត​សហគមន៍​បាន​ចុះ​អង្កេត​បទល្មើស​ព្រៃឈើ​ចំនួន​២លើក​ ដែល​លើក​ទី​១ ​ធ្វើ​កាលពី​ថ្ងៃទី ​៣០​ ខែកក្កដា ​ដល់​ថ្ងៃទី​ ២ ​ខែសីហា ​និង​លើក​ទី​២​ នៅ​ថ្ងៃទី​ ២៤ ​ដល់​ ថ្ងៃទី​ ២៧ ​ខែសីហា​។ សរុប​រកឃើញ​បទល្មើស​ព្រៃឈើ​កើតឡើង​ចំនួន​ ២៤៩​ ករណី ​ដែល​ក្នុងនោះ​មាន​ក្តារបន្ទះ​បន្សល់ទុក​ចំនួន​ ២៨៦​ សន្លឹក​ ឈើ​តាប់​ចំនួន​៣១៣ ​សន្លឹក ​ប្រទះឃើញ​រទេះក្របី​កំពុង​ដឹកឈើ​ចំនួន​៣​គ្រឿង ​គោយន្ត​ចំនួន ​២ ​គ្រឿង​ផងដែរ​។

​សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​កួយ​រូបនេះ​លើកឡើង​ទៀតថា ​ដើមឈើ​ប្រណីត ​ដើមឈើ​ធំៗ​ ក្នុង​ដែន​ជម្រក​ព្រៃ​ព្រះ​រកា​បច្ចុប្បន្ន​ ត្រូវបាន​កាប់បំផ្លាញ​ដឹកយក​ចេញ​អស់​ប្រមាណ​៨០​ភាគរយ​ហើយ ​នៅសល់តែ​ដើមឈើ​តូចៗ​ ដែល​ប្រើ​មិនសូវ​កើត​។

​លោក​ថ្លែងថា​៖ «បើ​ចង់ដឹង​ជាក់ស្តែង ឱ្យ​[ស្ថានប័ន​ពាក់ព័ន្ធ]​ចូលមក​ ខ្ញុំ​នឹង​បង្ហាញ​តឹកតាង​។ ព្រៃ​ព្រះ​រកា​វាល​អស់ហើយ​សព្វថ្ងៃនេះ​។ គិត​មើល៍​តាំងពី​ដើម​ នៅ​រដ្ឋបាល​ព្រៃឈើ​ដូច​រាង​តឹងរ៉ឹង​ទេ ​ដល់ពេល​ផ្ទេរ​ពី​ឆ្នាំ​ ២០១៦ ​មក​បរិស្ថាន ​វា​កាន់តែ​រេចរឹល​ហិនហោច​អស់»។

​លោក​ ថោង ស៊ុត ​បញ្ជាក់ថា ​ដើម្បី​ដឹង​ច្បាស់​ពីបទ​ល្មើស​ព្រៃឈើ​ទាំងនេះ ​លោក​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចុះទៅ​ពិនិត្យ​ជាក់ស្តែង​ កុំ​ចោទប្រកាន់​ទៅលើ​ក្រុម​សហគមន៍​ ដែល​បាន​ចុះ​ពិនិត្យ​ឃើញ​ជាក់ស្តែង​ ហើយ​បញ្ចេញ​ព័ត៌មាន​ទៅ ​បែរជា​ចោទ​មកវិញ​ថា ​ជា​ព័ត៌មាន​មិន​ពិត​ឬ​យ៉ាងណា​នោះ​។

​លោក​ថ្លែងថា​៖ «ខ្ញុំ​សំណូមពរ ​អំពាវនាវ​ទាំង​ក្រសួង​បរិស្ថាន ​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ​ដើម្បី​ចូលរួម​ កុំឱ្យ​ចោទ​ម្ខាងៗ​។ ខ្ញុំ​ចង់ឱ្យ​ចូលរួម​តាំងពី​សហគមន៍ ​មន្ត្រី​តវ៉ា ​និង​ក្រសួង​មន្ទីរ​ទាំងអស់ ​ចូលរួម​ទាំងអស់​គ្នា ​កុំឱ្យ​ចោទ​ឯង​ ចោទ​អញ»​។

​ទោះយ៉ាងណា​លោក​ប្រាប់ថា​ ការចុះ​ល្បាត​ទៅពិនិត្យ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះ​រកា​នេះ​ មិនបាន​រាយការណ៍​ដ​ល់​មន្ត្រី​ជំនាញ​បរិស្ថាន ​ឬ​អាជ្ញាធរ​ទេ ​ដោយសារតែ​អ្នក​ទាំងនោះ​មិន​ចង់ឱ្យមាន​ការចុះ​អង្កេត​តាមដាន​បទល្មើស​ព្រៃឈើ ​និង​ថែមទាំង​ហាមឃាត់​ក្រុម​ល្បាត​សហគមន៍ ​មិនឱ្យ​ចូល​ដោយ​សំអាងថា ​គ្មាន​តួនាទី​ក្នុង​ការចុះពិនិត្យ​តាមដាន​បទល្មើស​ទៀតផង​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហគម​ន៍​ជនជាតិដើម​ភាគតិច​កួយ​ភូមិ​ប្រមេរ ចេញ​ថ្ងៃទី​ ៥ ​ខែកញ្ញា ​ឱ្យដឹងថា​ សហគមន៍​ខកចិត្ត ​និង​មាន​ក្តី​ព្រួយបារម្ភ​ជា​ពន់ពេក ចំពោះ​ការបណ្តែតបណ្តោយ​ និង​ភាព​អសកម្ម​របស់​មន្ត្រី​ពាក់ព័ន្ធ ​ធ្វើឱ្យ​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះរ​កា​បន្ត​កើតឡើង​ឥត​ស្រាក​ស្រាន្ត​ពី ​១ ​ថ្ងៃ​ទៅ​ ១​ ថ្ងៃ​។ ឈើ​ដែល​ត្រូវបាន​កាប់​ភាគច្រើន​ជា​ប្រភេទ​ឈើ ឈើទាល ពពេល​ គគីរ ​ត្រាច​ ដួងចែម​ ស្ទៀង​ ត្រសេក ​ក្រឡាញ់ ​មានមុខ​កាត់​ចាប់ពី​ ៤០​ សង់ទីម៉ែត្រ ​ដល់​ ១៤០​ សង់ទីម៉ែត្រ ។

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ភូមិ​ប្រមេរ ​បង្ហាញ​ទស្សនៈ​ថា​ ការមិន​អើពើ​ដោះស្រាយ ​និង​ទុកឱ្យ​បទល្មើស​ព្រៃឈើ​បន្ត​កើតឡើង​នេះ​ វា​មិន​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត ​របស់​រដ្ឋាភិបាល​ ក្នុងការ​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន​ ៦០​ ភាគរយ ត្រឹម​ឆ្នាំ​ ២០២៩ ដូច​មានចែង​ក្នុង​កម្មវិធី​ព្រៃឈើ​ជាតិ ដែល​ដាក់ឱ្យអនុវត្ត ពី​ឆ្នាំ​ ២០១០ ដល់ ឆ្នាំ​ ២០២៩ ព្រមទាំង​ការប្តេជ្ញា​ក្នុង​សន្និសីទ​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហ​ប្រជាជាតិ ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២១ (COP21) នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង ដែល​បាន​ប្តេជ្ញាចិត្ត​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន​ ៦០ ​ភាគរយ​ ដូចគ្នាត្រឹម​ឆ្នាំ​ ២០៣០​ ឡើយ។​

​លោក​ នេត្រ ​ភក្ត្រា​ រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ​ខែសីហា​ថា​ ក្រសួង​បរិស្ថាន​គ្មាន​ភាពចាំបាច់​ក្នុងការ​អធិប្បាយ​លើ​របាយការណ៍​របស់​ភា​គី​ទី​៣​ ណាមួយ​ទេ​។ ក្រសួង​បរិស្ថាន​បញ្ជាក់​ថា ​ក្រសួង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ​ក្រោម​ដែន​យុត្តាធិការ របស់ខ្លួន​ប្រកបដោយ​ការទទួល​ខុសត្រូវ ​និង​វិជ្ជាជីវៈ​។

​លោក​បញ្ជាក់ថា​៖ «ក្រសួង​បរិស្ថាន​សូម​ជម្រាបជូន​ថា បច្ចុប្បន្ន ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​លែង​កើតមាន​ទៀតហើយ ​នៅមាន​បទល្មើស​ខ្នាតតូច ​ដែល​មន្ត្រី​ជំនាញ ​ជាពិសេស​ មន្ត្រី​ឧទ្យានុរក្ស​ នៃ​ក្រសួង​បរិស្ថាន​ បន្ត​ទប់ស្កាត់ ​និង​បង្ក្រាប​ជាប្រចាំ»។​

​លោក​ឱ្យដឹង​ទៀតថា ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​ធនធាន​ធម្មជាតិ ​សម្រាប់ ៨​ ខែ ​ឆ្នាំ​ ២០២២ ​នេះ​ ពីថ្ងៃ​ទី​ ១ ខែមករា ​ដល់​ថ្ងៃទី ​១៥​ ខែសីហា​ មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន ​បាន​ចុះ​ល្បាត​ចំនួន ​១៤ ៦៩២ ​លើក ​បង្ក្រាបបាន​បទល្មើស​ចំនួន ​៤ ២៥០ ​ករណី ​ដែល​ភាគច្រើន​ជា​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។

​ជាមួយគ្នា​នោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួងបរិស្ថាន ​បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​បទល្មើស​សត្វព្រៃ​ ដោយបាន​ដកហូត​វត្ថុតាង​ជា​ឈើ​អារ​ចម្រុះ​ចំនួន​ ៧៥៨ ​ម៉ែត្រគុប ​ដកហូត​វត្ថុតាង​ជា​មធ្យោបាយ ​ឧបករណ៍​សម្ភារ​ ក្នុងនោះ​ រួមមាន​រណារ​យន្ត​ចំនួន​១ ៧២៤ គ្រឿង ​រថយន្ត ៥១ គ្រឿង​ ត្រាក់ទ័រ​ចំនួន ៧ ​គ្រឿង ​គោយន្ត​កន្ត្រៃ​ចំនួន​ ១៣៨ ​គ្រឿង ​ម៉ូតូ​ ១៥២ ​គ្រឿង ដោះ​អន្ទាក់​សត្វ​ចំនួន ២៦ ៥៨៨ អន្ទាក់ ​ដកហូត​អាវុធ​កែច្នៃ​ចំនួន ​៣៤៤ ​ដើម បានធ្វើ​ការអប់រំ​កិច្ចសន្យា​ចំនួន ១ ១៦៧​ ករណី បានធ្វើ​ពិន័យ​អន្តរការណ៍​ចំនួន ២៥៨​ ករណី ​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ​៣៥៣​ ករណី​ផងដែរ​៕