ស្ទឹងត្រែងៈ ​ប្រជាកសិករ​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​អំពាវនាវ​ដល់​មន្ទីរ​ក​សិ​កម្មរុក្ខាប្រមាញ់​និង​នេសាទ ខេត្តស្ទឹងត្រែង ជួយ​អន្តរាគមន៍​បញ្ជូន​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ ​និង​ជួយសង្គ្រោះ​ដំណាំ​ល្ង​ របស់​ពួកគាត់ ដែល​កំពុង​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ពី​ពពួកសត្វ​ដង្កូវ​ពណ៌​បៃតង​។

អ្នកស្រី ប៉ាន់ សា​រុំ អាយុ​ ៣៥​ ឆ្នាំ ជា​ប្រជាកសិករ​នៅ​ភូមិ​ឫ​ទ្ធិ​សែន​ជ័យ ​២ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា នៅពេលនេះ​ដំណាំ​ល្ង​របស់គាត់​និង​អ្នកភូមិ​មួយចំនួនទៀត កំពុង​រង​ការបំផ្លិចបំផ្លាញ​ដោយ​ពពួកសត្វ​ដង្កូវ​ម្យ៉ាង​ដែលមាន​មាឌធំ ប៉ុនៗ​ម្រាមដៃ និង​មាន​ពណ៌​បៃតង​ដូចជា​ស្លឹក​ល្ង​។

អ្នកស្រី​បាន​និយាយថា​៖ «​ដំណាំ​ល្ង​ខ្មៅ​របស់ខ្ញុំ​ជិត​ ២​ ហិកតា​ ត្រូវ​ហ្វូង​សត្វ​ដង្កូវ​ទាំងនេះ​បំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់ បើទោះជា​ខ្ញុំ​បាន​ព្យាយាម​បាញ់​ថ្នាំពុល​កសិកម្ម សម្លាប់​ពួកវា​យ៉ាងណាក៏ដោយ​»​។​

បើតាម​អ្នកស្រី សា​រុំ ហ្វូង​សត្វ​ដង្កូវ​ទាំងនេះ បានកើត​មាន​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំនេះ ពួកវា​បានកើត​មាន​ច្រើនជាង​ឆ្នាំមុនៗ​ និង​មាន​ភាព​ស៊ាំ​ទៅនឹង​ថ្នាំពុល​កសិកម្ម​ដែល​ពួកគាត់​ធ្លាប់បាន​ប្រើប្រាស់​បាញ់​ទៅលើ​ពួកវា នាពេល​កន្លងមក​។

អ្នកស្រី​បានបញ្ជាក់​ថា​៖ «​កាលពី​ឆ្នាំមុន ខ្ញុំ​បាញ់ថ្នាំ​សម្លាប់​ពួកវា​តែម្ដង​ឬ​២​ដង​ប៉ុណ្ណោះ ពួកវា​ងាប់​ពាយ​អស់ហើយ ប៉ុន្តែ​ឆ្នាំនេះ ពួកវា​ហាក់ដូចជា​មិន​ថមថយ​សោះ ព្រោះ​ក្រោយពី​ខ្ញុំ​បាញ់​បាន ៣-៤ ថ្ងៃ ក៏​ស្រាប់តែ​ឃើញ​ពួកវា​កើតមាន​ច្រើន​ឡើងវិញ​ដដែល​»​។

ចំណែក​លោក ម៉ែន សារឿន មេភូមិ​ឫ​ទ្ធិ​សែន​ជ័យ ​២ បាន​និយាយថា ក្រៅ​រង​ការយាយី​ពី​សត្វ​ដង្កូវ ដំណាំ​ល្ង​របស់​ប្រជាកសិករ​នៅក្នុង​ឆ្នាំនេះ ក៏មាន​ជំងឺ​រួញ​ខ្មូរ​សន្លឹក​និង​ស្វិត​ត្រួយ​គួរឱ្យកត់សម្គាល់​ផងដែរ​។​

លោក​ថ្លែងថា​៖ «​ដំណាំ​ល្ង​របស់​ប្រជាកសិករ​យើងខ្ញុំ​នៅក្នុង​ឆ្នាំនេះ ទំនងជា​មិន​ទទួលបាន​ផល​ជា​ដុំកំភួន​នោះទេ ព្រោះ​រង​ការបំផ្លិចបំផ្លាញ​ដោយ​សត្វ​ដង្កូវ និង​ជំងឺ​រួញ​ខ្មូរ​ស្លឹក​និង​ស្វិត​ត្រួយ​ខូច​អស់​ច្រើនពេក​»​។​

ស្រដៀង​គ្នា​នេះ ប្រជាកសិករ​នៅ​ភូមិ​អូរ​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ លោក សន ប៉ាន់ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កាលពី​៣​សប្ដាហ៍​មុន គាត់​បាន​ខូច​បង់​ដំណាំ​ល្ង​អស់​ជាង​ ១ ​ហិកតា ដោយសារ​ហ្វូង​សត្វ​ដង្កូវ​ចង្រៃ​នោះ​។ ប៉ុន្តែ​នៅពេលនេះ គាត់​បានចាប់ផ្ដើម​ភ្ជួរ​ពង្រាបដី​ចម្ការ​រប​ស់​គាត់​ដើម្បី​ដាំ​ដំណាំ​ល្ង​សាជាថ្មី​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​បើ​យើង​អាច​កម្ចាត់​សត្វ​ដង្កូវ​បាន​ពី​ដើមដៃ​នោះ ដំណាំ​ល្ង​មាន​ទីផ្សារ​ល្អ ងាយស្រួល​លក់ និង​មានតម្លៃ​ចន្លោះ​ពី ៥ ០០០ ​រៀល ទៅ​ ៨ ០០០​ រៀល ​ក្នុង​ ១​ គីឡូក្រាម​»​។​

បើតាម​លោក ប៉ាន់ ក្នុង​ផ្ទៃដី​ ១​ ហិកតា ដំណាំ​ល្ង​អាច​ផ្ដល់​ផល​ចន្លោះ​ពី​ ៨៥០ ​គីឡូក្រាម​ទៅ ១ ២០០ ​គីឡូក្រាម ប្រសិនបើ​គ្មាន​ការយាយី​ពី​សត្វល្អិត​ចង្រៃ​ទេនោះ​។ ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​សុំឱ្យ​មន្ត្រី​ជំនាញ​កសិកម្ម​ជួយផ្ដល់​បច្ចេកទេស និង​វិធីសាស្ត្រ​ក្នុងការ​កំចាត់​សត្វ​ដង្កូវ​ចង្រៃ​នោះ​ដល់​ពួកគាត់ ដើម្បីឱ្យ​ដំណាំ​ល្ង​របស់​ពួកគាត់​អាច​ទទួលបាន​ទិន្នផល​ខ្ពស់​។​

ជុំវិញ​ករណីនេះ លោក ឆិល វិបុល អនុប្រធាន​ការិយាល័យ​បច្ចេកទេស និង​ផ្សព្វផ្សាយ​កម្មវិធី​អភិវឌ្ឍន៍​ដំណាំ​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាកសិករ​ក្នុង​មូលដ្ឋាន លោក​បានផ្ដល់​ការណែនាំ​ឱ្យ​ប្រជាកសិករ​អនុវត្ត​វិធីសាស្ត្រមេកា​និច្ច ដោយ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ប្រភេទ Abamectin និង Emamectin Benzoate ដើម្បី​សម្លាប់​ប្រភេទ​សត្វ​ដង្កូវ​ទាំងនោះ​ជាបន្ទាន់​។​

លោក​ថ្លែងថា​៖ «​អ្វីដែល​យើង​ទទួលបាន​ព័ត៌មាន​ពី​ប្រជាកសិករ​នាពេលនេះ គឺ​វា​សឹងតែ​ហួសពេល​ទៅហើយ ព្រោះ​ពពួកសត្វ​ដង្កូវ​នោះ​វា​បាន​ផ្ទុះឡើង​ពេញ​ក្នុង​ចម្ការ​របស់​ពួកគាត់​អស់​ទៅហើយ។ អ៊ីចឹ​ង​ទេ​យើង​សាកល្បង​ឱ្យ​ពួកគាត់​ប្រើ​ថ្នាំ​២​ប្រភេទ​ខាងលើនេះ ដើម្បី​កម្ចាត់​ពួកវា ព្រោះថ្នាំ​ដែល​គាត់​បាន​ប្រើ​កាលពីមុនៗ​នោះ វា​ឥតមាន​ប្រសិទ្ធភាព​លើ​ពពួកសត្វ​ដង្កូវ​ទាំងនេះ​ទេ​»​។​

ទន្ទឹមនឹងនេះ លោក​បាន​ណែនាំ​ឱ្យ​កសិករ​ទាំងអស់ មុននឹង​ដាំ​ដុះ​ដំណាំ​ត្រូវ​ភ្ជួរ​រាស់​ពង្រាបដី​ស្រែចម្ការ និង ហាល​ដី​ឱ្យ​ស្ងួត​ល្អ​។ នៅពេល​ចាប់ផ្ដើម​សាបព្រោះ​គ្រាប់ពូជ ត្រូវធ្វើ​ការថែទាំ បោច​សម្អាត​ស្មៅ​ឱ្យ​ស្អាត ព្រមទាំង​ធ្វើការ​ស្រោច​ទឹក​ដាក់​ជី និង​បាញ់ថ្នាំ​បំប៉ន​និង​ថ្នាំ​បង្ការ​ជំងឺ និង​សត្វល្អិត​ចង្រៃ នៅពេល​ដំណាំ​ដុះ​លូតលាស់​បាន​ក្នុង​ចន្លោះ ​១០ ទៅ​ ១៥​ ថ្ងៃ​ម្ដង។ ធ្វើ​យ៉ាងនេះ​គ្រប់​ដំណាំ​ទាំងអស់​នឹង​ផ្ដល់​ទិន្នផល​ល្អ ឆ្លើយតប​តាម​តម្រូវការ​៕