ភ្នំពេញៈ ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​គម្រោង​លើក​កម្ពស់​ស្តង់​ដា​សុខ​ភាព​ និង​សុវត្ថិ​ភាព​ការ​ងារ​ នៅ​ក្នុង​វិស័យ​សំណង់ ​(PAB)​ កាល​ពី​​ថ្ងៃ​ទី​ ៦​ ខែ​កញ្ញា​​ បាន​បើក​កិច្ច​ប្រជុំ​ ​ជា​លើក​ទី​៣​ ដើម្បី​ចែក​រំលែក​លទ្ធ​ផល​ការ​ងារ​គម្រោង​ដែល​បាន​អនុវត្ត​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២​ និង​ផែន​ការ​អនុវត្ត​ ឆ្នាំ ​២០២៣​ ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​រាជ​រដ្ឋា​​ភិបាល​ ILO អង្គ​ការ​សហ​ជីព​ និង​សមាគម​និយោ​ជក​។​

នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​៣​ ដែល​បាន​រាយ​ការណ៍​ពី​សមិទ្ធ​ផល​សកម្ម​ភាព​គម្រោង​របស់​អង្គ​ការ​អន្តរ​ជាតិ​ខាង​ការ​ងារ​ (ILO)​ ក្នុង​ត្រី​មាស​ទី​៣​ ឆ្នាំ​ ២០២២ ​ដែល​ការ​សិក្សា​វិភាគ​លើ​ឯក​សារ​ស្តី​ពី​សុខ​ភាព​ និង​សុវត្ថិ​ភាព​ការ​ងារ​ក្នុង​ប្រទេស​កម្ពុជា​។​

លទ្ធផល​សិក្សា​ដែលពាក់​ព័ន្ធ​នឹង​អនុ​សញ្ញា​លេខ​ ១៨៧​ វឌ្ឍន​ភាព​លើ​រៀប​ចំ​ និង​អនុ​ម័ត​លើ​ឯក​សារ​ បទ​ដ្ឋាន​គតិ​យុត្ត​ផ្សេង​ៗ​ ស្តី​ពី​សុខ​ភាព​ និង​សុវត្ថិភាព​ការ​ងារ​រួម​មាន​​គោល​នយោបាយ​ស្តី​ពី​សុវត្ថិ​ភាព​ការ​ងារ​ ច្បាប់​ស្តី​ពី​សុខ​ភាព​ និង​សុវត្ថិ​ភាព​ការ​ងារ​​សម្រាប់​ប្រទេស​កម្ពុជា​ និង​ផែន​ការ​មេ​ស្តី​ពី​សុខ​ភាព​ និង​សុវត្ថិ​ភាព​ការ​ងារ​ជា​ដើម​។

​ជុំ​វិញ​ការ​ពិភាក្សា​លើ​គម្រោង​នេះ​ អគ្គ​លេខា​ធិ​ការ​សហ​ព័ន្ធ​សហ​ជីព​កម្មក​រសំណង់​ និង​ព្រៃ​ឈើ​កម្ពុជា​ លោក​ យ៉ាន់​ ធី​ ចាត់​ទុកការ​ប្រជុំ​លើកទី៣​នេះ​ដំណើរ​ការ​ទៅ​ដោយ​រលូនល្អ ក្នុង​គោល​ដៅ​លើក​កម្ពស់​ស្តង់​ដា​សុខ​ភាព​ និង​សុវត្ថិ​ភាព​ការងារក្នុង​វិស័យ​សំណង់​។​

បើ​តាម​លោក យ៉ាន់ ធី អង្គ​ប្រជុំបាន​ធ្វើការ​ពិភាក្សា​​ទៅ​លើ​បញ្ហា​ចំនួន ​២ ទី១​ គឺការ​ពិភាក្សា​ទៅ​លើ​សុខ​ភាព​ និង​សុវត្ថិ​ភាព​ការ​ងារ​ របស់​កម្ម​ករ​វិស័យ​សំណង់​ដោយ​​មើល​ទៅ​លើ​ច្បាប់​ និង​គោល​នយោបាយ​របស់​ក្រសួង​ការ​ងារ​។​

ចំណែក​ឯបញ្ហា​ទី​២​ គឺ​ការពិភាក្សា​ផ្ដោតទៅ​លើ​បញ្ហា​ប្រឈម​ ស្ដី​អំពី​បញ្ហា​ផលិត​ផល​មួយ​ចំនួននៅ​ក្នុង​វិស័យ​សំណង់ ​ដែល​មាន​ជាតិ​អា​បេស្ដុស​ហើយ​ការ​ប្រើ​ប្រាស់​ផលិតផល​ដែល​មាន​ជាតិអា​បេស្តុស​នេះ​ បាន​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​កម្ម​ករ​។​

លោក​ យ៉ាន់ ធី បញ្ជាក់​ថា​៖ ​«​កម្ម​ករ​នៅ​វិស័យ​សំណង់​ ច្រើន​ប្រឈម​នូវ​គ្រោះ​ថ្នាក់​ការ​ងារ​ ហើយ​មួយ​ទៀត​ទាក់​ទង​នឹង​ប្រព័ន្ធ​កិច្ច​គាំ​ពារ​សង្គម​។ នៅ​ការ​ដ្ឋាន​សំណង់​បុរី​មួយ​ចំនួន​ ភាគ​ច្រើន​ពួក​គាត់​មិន​ទាន់​ទទួល​បាន​ បសសនៅ​​ឡើយ​ទេ​»​។

​លោក យ៉ាន់ ធី បាន​សំណូម​ពរដល់ភាគី​ដែល​ពាក់​ព័ន្ធ​ មាន​រដ្ឋាភិបាល​ និយោជក​ រួម​គ្នា​អនុវត្ត​នូវ​គោល​ការណ៍​ឬ​គោល​នយោបាយ​ ដែល​បាន​សម្រេច​ និង​កំពុង​ដាក់​អនុវត្ត​ ដើម្បី​គាំ​ពារ​ដល់​កម្មករ​ក្នុង​វិស័យ​សំណង់​នៅកម្ពុជា៕