ភ្នំពេញៈ ​មកដល់​ពេលនេះ​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ​សម្រេចបាន​ ៩៦.៦​ ភាគរយ​ហើយ​ រីឯ​សម្រាប់​ពេលវេលា​ជាក់លាក់​ក្នុង​ការបើក​ដំណើរការ​សាកល្បង ​នឹងត្រូវ​ប្រកាស​ដោយ​ថ្នាក់ដឹកនាំ​នៅ​ខែ​តុលា​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ លោក​ហ៊ាង​ សុទ្ធាយុត្តិ ​នៅ​ថ្ងៃទី​ ៧ ​ខែកញ្ញា​។​

​លោក ​ហ៊ាង សុទ្ធាយុត្តិ ​បញ្ជាក់​ដូច្នេះ ​ធ្វើឡើង​ក្រោយ​ពេលដែល​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ ​ត្រូវ​ជួបនឹង​បញ្ហា​ខ្លះ ​ដោយសារ​ប្រជាពលរដ្ឋ​នាំគ្នា​កាត់​របងលួស​អម​សងខាង​ផ្លូវ​ល្បឿន​លឿន ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​របស់​សត្វពាហនៈ​ដែល​ពួកគាត់​ចិញ្ចឹម​។ ការណ៍​នេះ​បង្កឱ្យ​មាន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ​ត្រូវ​ជួប​ភាពរអាក់រអួល​។ ទោះយ៉ាងណា ​នៅ​ចំពោះមុខ​បញ្ហា​នេះ ​ខាង​អាជ្ញាធរ​កំពុង​ដោះស្រាយ ​ដោយ​ណែនាំ​ទៅកាន់​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​នៃ​ការកាត់​របងលួស​នេះ​។ លើស​ពីនេះ​ទៀត ​លោក​ថា​ ក្រសួង​បាន​ណែ​នាំទៅ​ក្រុមហ៊ុន ​អាជ្ញាធរ ​និង​មន្ទីរជំនាញ ​ដាក់​ការងារ​ភ្ជិត​របង​អម​សងខាង​ផ្លូវ​ល្បឿន​លឿន​នេះ​ឱ្យបាន​ឆាប់រហ័ស​សមស្រប​តាម​ស្តង់ដា​ឡើង​វិញ​។​

​លោក ​ហ៊ាង សុទ្ធាយុត្តិ ​លើកឡើងថា​៖ «បើ​មិន​ភ្ជិត​របង​ឡើងវិញ​ទេ គឺ​វា​នឹង​ប៉ះពាល់​ដល់​សត្វពាហនៈ ​ និង​មនុស្ស​អាចមាន​លទ្ធភាព​ឆ្លងកាត់​បាន ហើយ​អាច​បង្ក​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​។ ក្រៅពី​ការងារ​កែលម្អ​របងលួស​ឡើងវិញ យើង​ក៏​នឹង​ណែនាំ​ទៅកាន់​ប្រជាពលរដ្ឋ​តាម​អាជ្ញាធរ​មូលដ្ឋាន​បន្ថែម​ទៀត​អំពី​បញ្ហា​នេះ»។​

កន្លងមក​ លោក​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន បាន​ស្នើឱ្យ​ក្រសួងមហាផ្ទៃ ​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​បាន​កាត់​របងលួស​នៅ​អម​សងខាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះសីហនុ​។ នេះ​បើតាម​កិច្ចប្រជុំ​កាលពី​ថ្ងៃទី ​១៨ ​ខែ សីហា ​ឆ្នាំ ២០២២​។​

​តាមរយៈ​កិច្ចប្រជុំ​កន្លងទៅនេះ​ បើ​គ្មាន​ការប្រែប្រួល​ណាមួយ​ទេ ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះសីហនុ ​នឹងដាក់​ដំណើរការ​សាកល្បង​នៅ​ដើមខែ​តុលា ឆ្នាំ​ ២០២២​ នេះ ​ដោយ​មិន​យក​ថ្លៃ​សេវា​រយៈពេល​១​ខែ ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​បើកបរ​សាកល្បង ​និង​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​នេះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ គឹម បញ្ញា ​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព ​នៃ​ការធ្វើ​ចរាចរណ៍​នៅតាម​ផ្លូវ​នេះ ពីព្រោះ​ប្រជាពលរដ្ឋ ​ដែលមាន​រថយន្ត​ស៊េរី​ទំនើបៗ ​បើកបរ​ក្នុង​ល្បឿន​លឿន ដែល​អាច​បង្កឱ្យមាន​កា​រ​គ្រោះថ្នាក់​ទាំង​អ្នកបើកបរ ​និង​ធ្វើដំណើរ​រួមគ្នា​។​

លោក​ស្នើ​សុំឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​តាមរយៈ​វីដេអូ និង​អប់រំ​ដោយផ្ទាល់​នៅ​កន្លែង​បញ្ជរ​បង់លុយ ទៅដល់​អ្នកប្រើប្រាស់​ប្រាស់​ផ្លូវ​នេះ ដើម្បី​បានដឹង​ពី​ល្បឿន​កំណត់​។ មួយទៀត លោក​ស្នើ​សុំឱ្យ​បំពាក់​ស្លាក​សញ្ញា​នៅតាម​ដងផ្លូវ ឱ្យបាន​ច្រើន​ទីតាំង និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​។​

​លោក ​គឹម បញ្ហា បាន​ថ្លែងថា​៖ «បើ​ធ្វើបាន ដូច​ផ្លូវជាតិ​លេខ​៣ ​មាន​កាមេរ៉ា​ចាប់​ល្បឿន ​និង​មាន​មន្ត្រី​ដែល​ពាក់ព័ន្ធ​មួយចំនួន ​ដើម្បី​ឃាត់ខ្លួន​ ក្នុងពេល​ពិនិត្យឃើញ​ពលរដ្ឋ​យើង​បើក​លឿនៗ​។ យើង​ឃើញ​ហើយ ​មិនទាន់​បើក​ឱ្យ​ជិះ​ផង ​មាន​អ្នក​លួច​ជិះ ហើយ​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​»។​

សូមបញ្ជាក់ថា ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះសីហនុ ​មាន​ប្រវែង​១៨៧,០ ៥​គីឡូម៉ែត្រ​ និង​បាន​បើក​ការដ្ឋាន​សាងសង់ ​នៅ​ថ្ងៃទី​ ២២ ​ខែ មីនា​ ឆ្នាំ​ ២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​ ១ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​ ដល់​ភូមិ ​១ ​សង្កាត់​លេខ ​៣ ​ក្រុងព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ​ដោយ​អនុវត្ត​ការសាងសង់ ​ដោយ​ក្រុមហ៊ុន ​PPSHV Expressway Co.,Ltd ​និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC)​ព្រមទាំង​ត្រួតពិនិត្យ​បច្ចេកទេស ​ដោយ​ក្រុមហ៊ុន ​MINCONSULT SDN.BHD​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ ​ប្រើ​រយៈពេល​សាងសង់ ​៤៨ ​ខែ​ ដោយ​ចំណាយ​ថវិកា​ជិត ​២​ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។​

ផ្លូវ​នេះ​មាន​គន្លង​ផ្លូវ​ចំនួន​ ៤ ​គន្លង ​ទទឹងផ្លូវ​សរុប ​២៤,៥​ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស ៧ ​កន្លែង មាន​កន្លែង​ឈប់សម្រាក​ចំនួន ៣​ កន្លែង​ ចំណត​រថយន្ត​ ១ ​កន្លែង ​មណ្ឌល​ប្រតិបត្តិការ ​និង​ថែទាំ​ចំនួន ៤ ​កន្លែង ​ស្ពាន​ធំ ​និង​ស្ពាន​មធ្យម​ចំនួន​ ៤០ ​កន្លែង ​ស្ពាន​តូច​ចំនួន ៥​ កន្លែង ​ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨​គីឡូម៉ែត្រ ​និង​ខេត្ត​ចំនួន ​៤​ ផ្សេងតៀត​។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះសីហនុ​នេះ ​គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ ​ដែល​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ថវិកា ​និង​ពេលវេលា​ធ្វើដំណើរ​ពី​ភ្នំពេញ ​ទៅ​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ​ពី​ចំនួន​ ៥​ ម៉ោង ​មក​នៅត្រឹម​ជាង ​២​ ម៉ោង​ប៉ុណ្ណោះ​៕