កណ្តាលៈ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ជម្រាប​គណៈ​ប្រតិភូ​នៃ​រដ្ឋសភា​ថា រដ្ឋបាល​ខេត្ត​បាន​ដោះ​ស្រាយ​ករណី​វិវាទ​ដីធ្លី​បញ្ចប់​ចំនួន ១៤១​ ករណី ក្នុង​ចំណោម​វិវាទ​ដីធ្លី​សរុប ៤៦២ ​ករណី​ ដែល ៣២១ ​ករណី​ទៀត​កំពុង​ដំណើរ​ការ​យន្ត​ការ​ដោះស្រាយ គិត​ត្រឹមខែ​សីហា ឆ្នាំ​ ២០២២។

នេះ​បើ​តាម​លទ្ធផល​នៃ​ជំនួប​ពិភាក្សាការងា នៅ​ថ្ងៃ​ទី​ ៥ ខែ ​កញ្ញា ឆ្នាំ​ ២០២២ រវាង​គណៈអភិបាល​ខេត្តកណ្តាល​ជាមួយ ប្រតិភូ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត​ និង​ទំនាក់​ទំន​ង​រដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋ​សភា ដែល​ដឹក​នាំដោយ​លោក​សរ ចំរុង ដើម្បី​ស្វែង​យល់​អំពីវឌ្ឍន​ភាព និង​យន្ត​ការ​ដោះ​ស្រាយ​ករណី​ទំនាស់​ដីធ្លី។

​ក្នុងជំនួប​ពិភាក្សា​នោះ​ លោក​ គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល បាន​ជម្រាប​ជូនប្រតិភូ​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង​ អង្កេត និង​ទំនាក់​ទំនង​រដ្ឋស​ភា-ព្រឹទ្ធសភា នៃរដ្ឋ​សភាថា គិត​មក​ដល់ខែ សីហា​ ឆ្នាំ ២០២២ ​នេះ ករណី​វិវាទ​ដីធ្លីក្នុង​ទូទាំង​ខេត្ត មាន​សរុប​ចំនួន ៤៦២ ​ករណី ដោយ​ដោះស្រាយ​បញ្ចប់​បាន​ចំនួន​ ១៤១​ ករណី និង​កំពុ​ង​ដំណើរ​ការ​ដោះ​ស្រាយចំនួន ៣២១ ​ករណី​ទៀត។​

ក្រៅពី​នោះ សម្រាប់​ការ​ចុះបញ្ជីដី​រដ្ឋ​ក្នុង​ខេត្ត​កណ្តាល​វិញ លោក​អភិបាល​ខេត្ត​បាន​ជម្រាប​ថា ខាង​រដ្ឋបាល​ខេត្តបាន​ធ្វើការ​ចុះប​ញ្ជីដី​រដ្ឋក្នុង​ខេត្ត បាន​សរុ​ប​ចំនួន ១២,២៧៤ ហិកតា ក្នុ​ង​នោះ រដ្ឋាភិបាល​បាន​សម្រេច​ជាគោល​ការណ៍​ប្រគល់​សិទ្ធិ​ជូន​ក្រុម​ហ៊ុន​ធ្វើការ​ជួល និង​ដោះដូរ​ដើម្បី​វិនិយោគ​ បានចំ​នួន ១៦​ កន្លែង ស្មើនឹង​ ៥,៧៩៥ ​ហិកតា ដើម្បី​លើក​កម្ពស់​សេដ្ឋ​កិច្ច និងការ​អភិវ​ឌ្ឍនៅមូល​ដ្ឋាន។

លោក​ គង់ សោភ័ណ្ឌ​ បាន​បន្ថែ​ម​ថា ការចុះ​បញ្ជីដី​ធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ សរុ​បតាំងពី​ចាប់​ផ្តើម​អនុវត្តសម្រេច​បាន​ចំនួន ៥៦៩ ​ភូមិ លើ ១ ០១០ ភូមិ​ ស្មើ ៥៧% និង​នៅសល់​ចំនួន ៤៤១ ​ភូមិ ស្មើនឹ​ង ៤៣% ដែល​គ្រោង​បញ្ចប់ ​នៅឆ្នាំ​ ២០២៩។

បច្ចុប្បន្ន​នេះ​ ក្រុមការ​ងារ​មន្ទី​រ​ចំនួន ១០ ​ក្រុម កំពុង​ដំណើរ​ការ​អនុវត្ត នៅ​តាម​ភូមិ​ចំនួន ​៦៩ លើភូមិ​ចំនួន ​៤៤១ ដែល​នៅសល់។​ ការចុះ​បញ្ជី​ដីធ្លី​នៅស្រុ​ក​កណ្ដាល​ស្ទឹង បាន​បញ្ចប់ការ​ចុះបញ្ជីជា​ប្រព័ន្ធ​ជា​ស្ថាពរ ចំណែក​ក្រុង​តាខ្មៅ​វិញ កំពុង​សម្អាត​ទិន្ន​ន័យ​។

ជុំវិ​ញ​បញ្ហា​នេះ​ដែរ លោក​ ស៊ឹង សែន​ករុណា អ្នក​នាំពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ (Adhoc) បាន​សម្ដែង​ការ​សាទរ​ចំពោះការ​ដោះស្រាយ​វិវាទ​ដីធ្លី​ចំនួន​ ១៤១ ​ករណី នេះប៉ុ​ន្តែលោក​ក៏សង្ឃឹម​ដែរ​ថា ការ​បញ្ចប់​វិវាទ​ដីធ្លី​ទាំង​នេះ​គឺប្រព្រឹត្ត​ទៅដោយ​ប្រក្រតី​ភាពក្នុង​ផ្លូវ​ច្បាប់ ពោល​គឺជម្លោះ​នីមួយៗ​អាច​ទទួល​យក​បាន ចៀស​វាងការ​រំលោភ​បំពាន​ក្នុងយន្ត​ការ​ដោះ​ស្រាយ។​

លោក​ ស៊ឹង សែន​ករុណា​ ថា៖ «យើង​និយាយ​ពីមុំដែល​ខាង​អាដ​ហុក​ទទួល​បាន​បណ្តឹង​កន្លង​មក​នោះ មាន​ករណី​ជម្លោះ​ដីធ្លី​នៅ​ព្រលាន​យន្តថ្មី​និង​ករណី​មួយ​ចំនួន គឺមាន​ភាព​មិន​ប្រក្រតី​ដូចជា​ ការកម្រិត​តម្លៃ និង​ដាក់គោល​នយោបាយ​ដល់ពល​រដ្ឋ ដែល​ផ្ទុយ​នឹង​តម្លៃ​ទីផ្សារ​ជាដើម​ហ្នឹង ខណៈពួក​គាត់​មាន​បណ្ណកម្ម​សិទ្ធិ​ហើយ​នោះ»​។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក (Adhoc) រូ​បនេះ បាន​អំពាវ​នាវដល់​រដ្ឋបាល​ខេត្ត​កណ្តាល និង​ស្ថាប័ន​ពាក់​ព័ន្ធ ឱ្យ​បំពេញ​តួនាទីអ​ភិបាល​កិច្ចដោយ​ទទួល​យក​បណ្តឹង​របស់​ពលរដ្ឋ​ជុំវិញ​បញ្ហាទំនាស់​ដីធ្លី ព្រម​ទាំង​ពិនិត្យ​មើល​សំណូមពរ​របស់​ពល​រដ្ឋដែល​ជាប់​មាន​វិវាទ​ដីធ្លី និង​ជាពិសេស​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លីឱ្យ​បាន​ឆាប់​រហ័ស​ និង​ត្រឹម​ត្រូវ ដើម្បី​ជាប្រយោជ​ន៍​ដល់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើដីធ្លី​ទាំង​ឡាយ ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​គាត់​បាន​បង្ក​បង្កើន​ផល​វិញ​ដើម្បីជីវភាព​រស់នៅ​របស់​ពួកគាត់​ផង និង​ជាសុខ​ដុម​រមនា​របស់សង្គ​ម​ជាតិ​ទាំង​មូល​ផង​៕