ព្រះវិហារៈ ភ្នាក់ងារកាសែតអនឡាញសៀមរាបប៉ុស្តិ៍ម្នាក់ត្រូវបាននគរបាលខេត្តព្រះវិហារឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី ៧ កញ្ញា ក្នុងបទកំហែងយក និងគំរាមហែកកេរ្តិ៍ពីដើមបណ្តឹង ២ នាក់ ដែលដីកានេះត្រូវបានចេញដោយអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
លោក វុធ សាវី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ កញ្ញាថា ករណីនេះលោកមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ពីព្រោះលោកកំពុងបំពេញបេសកកម្មនៅបឹងទន្លេសាប។ ប៉ុន្តែលោកស្រី ជុំ កន្នីយ៉ា អ្នកនាំពាក្យតុលាការខេត្តព្រះវិហារបានប្រាប់ភ្នំពេញនៅថ្ងៃទី ៧ កញ្ញាថា បុរសម្នាក់នោះ ឈ្មោះ គីម គឹមឡាយ ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តព្រះវិហារឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី ៧ កញ្ញា។
លោកស្រីថ្លែងថា៖ «បុរសម្នាក់នោះកំពុងស្ថិតនៅដំណាក់កាលអយ្យការនៅឡើយទេ ហើយសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនគាត់តាមដីកាបញ្ជាឱ្យចូលខ្លួនពីបទកំហែងយកនិងគំរាមហែកកេរ្តិ៍ មិនមែនជាដីកាចាប់ខ្លួនទេ»។
ជុំវិញមូលហេតុនៃការឃាត់ខ្លួនភ្នាក់ងារកាសែតខាងលើនេះ ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក សេង ផល្លី ស្នងការរងនគរបាលខេត្តព្រះវិហារទទួលបន្ទុកការងារនគរបាលព្រហ្មទណ្ឌបានទេនៅថ្ងៃទី៧ កញ្ញា ដោយសារទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
ទោះយ៉ាងណា លោក ប៊ុត វិចិត្រ ជាចាងហ្វាងកាសែតសៀមរាបប៉ុស្ដិ៍បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទនៅថ្ងៃទី ៧ កញ្ញាថា ឈ្មោះ គីម គឹមឡាយ ពិតជាភ្នាក់ងារកាសែតរបស់លោកមែន។ ប៉ុន្តែបុរសម្នាក់នេះបានលាឈប់ពីអង្គភាពរបស់លោកកាលពីខែមុនហើយ។ហេតុដូច្នេះឈ្មោះនេះមិនពាក់ព័ន្ធនឹងអង្គភាពរបស់លោកទៀតទេ។
លោកបានបញ្ជាក់ថា៖ «ឈ្មោះ គីម គឹមឡាយ ម្នាក់នេះ ខ្ញុំសុំបដិសេធថា គាត់មិនមែនជាភ្នាក់ងារកាសែតអនឡាញសៀមរាបប៉ុស្តិ៍ទៀតទេ។ មូលហេតុដែលខ្ញុំបដិសេធដូច្នេះដោយសារគាត់បានផ្ញើសារតាមតេឡេក្រាមមកខ្ញុំនៅអំឡុងខែ សីហា ឆ្នាំ ២០២២ ថា គាត់សុំលាឈប់ពីអង្គភាពខ្ញុំហើយ»។
ពាក់ព័ន្ធនឹងឈ្មោះគីម គឹមឡាយ នេះដែរ បុគ្គលិកម្នាក់នៅអង្គភាពកាសែតអនឡាញសៀមរាបប៉ុស្តិ៍ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោក គីម គឹមឡាយ កាលពីប៉ុន្មានខែមុនបានផ្ញើព័ត៌មានមួយនិយាយពីឈ្មោះ ជិន អូន ដើម្បីឱ្យអង្គភាពចុះផ្សាយ ក៏ប៉ុន្តែដោយសារតែអត្ថបទនោះលើកយកមកតែភាគីម្ខាងមកសរសេរ ខាងអង្គភាពមិនបានចុះផ្សាយទេ។បញ្ហានេះហើយទើបធ្វើឱ្យលោក គីម គឹមឡាយ មិនសប្បាយចិត្ត ហើយក៏លាឈប់ពីអង្គភាពសៀមរាបប៉ុស្តិ៍។
បុគ្គលិករូបនោះបន្តថា ប្រការដែលខាងអង្គភាពសៀមរាបប៉ុស្តិ៍មិនចុះផ្សាយអត្ថបទឱ្យភ្នាក់ងាររបស់ខ្លួននោះក៏ដោយសារនៅក្នុងអត្ថបទមួយនោះមានប្រភពតែម្ខាង ហើយសារព័ត៌មានដែលមានវិជ្ជាជីវៈ មុននឹងចុះផ្សាយត្រូវតែមានប្រភពច្បាស់លាស់និងមានប្រភពទាំងសងខាង។បើភាគីម្ខាងចោទភាគីម្ខាងទៀតត្រូវតែមានសំឡេងឬប្រភពពីភាគីម្ខាងនោះទើបមានតុល្យភាព និងមានតម្លៃពេញលេញជាព័ត៌មាន។
បុគ្គិលដដែលបន្តថា៖ «ធម្មតាវិជ្ជាជីវៈយើងត្រូវការការបកស្រាយទាំងសងខាង តែបើទទួលបានប្រភពតែម្ខាង ហើយយើងចុះផ្សាយគឺមានបញ្ហា។ ហេតុដូច្នេះយើងមិនបានពាក់ព័ន្ធជាមួយអង្គភាពទេ រាល់ទង្វើដែលគាត់ប្រព្រឹត្តគឺវាពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងខ្លួនឯងទេ»។
បើតាមបុគ្គលិកដដែលថា ឈ្មោះ គីម គឹមឡាយ កាលពីខែមិថុនា ឆ្នាំ ២០២១ ធ្លាប់ត្រូវបាននគរបាលស្រុកត្បែងមានជ័យឃាត់ខ្លួនម្តងហើយ ពាក់ព័ន្ធនឹងការរក្សាទុកអាវុធកែច្នៃ ១ ដើម ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏ត្រូវបានដោះលែងវិញ៕